(ភ្នំពេញ)៖ អភិបាលរងខេត្តកាងវ៉ុន លោក ឈុង ម៉ាន់ហូ បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញពីសក្ដានុពលទេសចរណ៍ នៃខេត្តរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកទេសចរក្នុងប្រទេសកម្ពុជា ឲ្យបានដឹង នឹងធ្វើដំណើរទៅកម្សាន្ត នៅតំបន់កាងវ៉ុនឲ្យបានកាន់តែច្រើន ខណៈដែលខេត្តមួយនេះ ក៏ពុងតែមានភាពល្បីល្បាញ លើទីផ្សារទេសចរណ៍ ដែលអាជ្ញាធរគួរតែបង្កើន ការយកចិត្តទុកដាក់កាន់តែខ្លាំង។
ជាការពិតខេត្តកាងវ៉ុន កំពុងតែធ្វើការតាំងពិព័រណ៍ស្តី អំពីខេត្តកាងវ៉ុន ដែលជាតំបន់កំសាន្តប្រៀបដូចត្បូងពេជ្រ ជាលើកដំបូងបង្អស់នៅកម្ពុជា ដោយមានការអញ្ជើញម្ចាស់ក្រុមហ៊ុនទេសចរណ៍ ក្នុងស្រុកនៅថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៩ នៅឯសណ្ឋាគារណាហ្គាវើល ក្នុងទីក្រុងភ្នំពេញ។
លោក ឈុង ម៉ាន់ហូ បានថ្លែងបន្តថា «ទីផ្សារវិស័យទេសចរណ៍ចល័ត នៅកម្ពុជាឆ្នាំ២០១៩ នឹងក្លាយជាឱកាសដ៏វិសេសវិសាលមួយ ដើម្បីផ្តល់ការទាក់ទាញ ដល់តំបន់ទេសចរជាច្រើន នៅខេត្តកាងវ៉ុន មកកាន់ភ្នាក់ងារទេសចរកម្ពុជា យើងបេ្តជ្ញានឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងរៀបចំយុទ្ធសាស្រ្តទីផ្សារ ដើម្បីទាញយកចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត»។
លោកបន្តថា របើកថ្មីនៃវិស័យទេសចរណ៍ និងការបន្សាយយុទ្ធសាស្រ្តទីផ្សារ ដើម្បីទាក់ទាញក្រុមហ៊ុនវិស័យទេសចរកម្ពុជា។ ក្នុងកិច្ចសហប្រតិបត្តិការ របស់អង្គការទេសចរណ៍កូរ៉េ (KTO) ទីក្រុងកាងនឹង សួនស្គីកម្សាន្ត ភ្នាក់ងារទេសចរណ៍ជំនាញខេត្តកាងវ៉ុន និងកោះណាមី។ កិច្ចប្រជុំរវាងអ្នកជំនួញផ្ទាល់ និងការធ្វើបទបង្ហាញស្តី អំពីដំណើរការនៃវិស័យទេសចរណ៍ដូចជា Korean Wave, DMZ peace tour និង Hello PyeongChang tour ដើម្បីធ្វើឲ្យវិស័យទេសចរណ៍រវាងកម្ពុជា និងកូរ៉េកាន់តែល្អប្រសើរ។
ជាមួយនឹងការទាក់ទាញចង់ស្រូបយក អ្នកទេសចរពីកម្ពុជានេះ លោកអភិបាលរងខេត្តកាងវ៉ុន ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយក្រុមហ៊ុន «Sense Journey Travel» និង «World Pop Travel» ដែលជាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ធំៗពីរ នៅកម្ពុជា លើការផ្សព្វផ្សាយយុទ្ធសាស្រ្តទីផ្សារ សកម្មរួមមួយ ដើម្បីបង្កើនចំនួន ក្រុមហ៊ុនទេសចរណ៍ ដែលផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ជូនដល់ភ្ញៀវទេសចរខ្មែរ ដែលមានបំណង ទៅលេងខេតកាងវ៉ុន នៅប្រទេសកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា ខេត្តកាងវ៉ុនល្បីល្បាញ ដោយសារភាពស្រស់ស្អាត និងជាប់ចិត្តបំផុតក្នុងរដូវរងា។ ក្រោយពីបានរៀបចំប្រារព្ធកម្មវិធី ប្រកួតអូឡាំពិកកាលពីឆ្នាំមុន តំបន់នេះត្រូវពិភពលោក ទទួលស្គាល់ថា ជាគោលដៅទេសចរខែធ្លាក់ព្រិលដ៏ល្អឥតខ្ចោះ ទាំងការទេសចរជាលក្ខណៈប្រវត្តិសាស្រ្ត វប្បធម៌ រួមទាំងការប្រកួតកីឡាតាមរដូវកាលជាច្រើនស្ទើររាប់មិនអស់។
ទីក្រុងកាងនឹង ដែលទើបនឹង ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារតែមានការថតភាពយន្តភាគឈ្មោះ «Goblin (Do Kke Bi)» រួមនឹងខ្សែរថភ្លើង KTX ថ្មីពីទីក្រុងសេអ៊ូល ដែលបានធ្វើឲ្យភ្ញៀវអាចរីករាយ ជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងវប្បធម៌កូរ៉េ ដែលនឹងចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយ ពិធីបុណ្យកាហ្វេក្រុងកាង នឹងដែលនឹងប្រព្រឹត្តទៅខែតុលា។
ដោយសារតែមានកំណើន នៃចរាចរណ៍ជំនួញពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងកូរ៉េ មានការប៉ាន់ប្រមាណថា នឹងមានកំណើនចំនួនភ្ញៀវទេសចរកម្ពុជា ទៅកំសាន្តនៅប្រទេសកូរ៉េកាន់តែច្រើន៕