(ភ្នំពេញ)៖ វត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសជប៉ុន រយៈពេល៤ថ្ងៃនេះ មិនមែនត្រឹមតែចូលរួមសន្និសីទ​អន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នោះទេ គឺសម្តេចមានជំនួបជាមួយមេដឹកនាំកំពូលរបស់ជប៉ុន វិនិយោគិនជប៉ុន រួមទាំងអង្គការអន្តរជាតិផ្សេងៗទៀត ដែលផ្តល់សារសំខាន់សម្រាប់ទំនាក់ទំនង វិស័យនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដើម្បីបំពេញបេសកកម្ម៤ថ្ងៃ។ ការអញ្ជើញទៅដល់របស់ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាពេលនោះ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាល និងកក់ក្តៅបំផុត ពីអនុរដ្ឋមន្រ្តីការបរទេសជប៉ុន, ប្រធានពិធីការក្រសួងការបរទេសជប៉ុន, ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន ព្រមទាំងវត្តមានឥស្សរជនជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន និងឥស្សរជនការទូត របស់កម្ពុជា ប្រចាំប្រទេសជប៉ុន ជាច្រើនរូបទៀតផង។

ទោះជាយ៉ាងនេះក្តី ខណៈដែលមានវត្តមាននៅប្រទេសជប៉ុន នៅល្ងាចថ្ងៃដំបូងនោះ សម្តេចតេជោ ហ៊ុន សែន ពុំមានបេសកកម្មសំខាន់ណាមួយទេ គឺត្រូវរង់ចាំរហូតដល់ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ទើបសម្តេច មានកិច្ចការសំខាន់ៗជាបន្តបន្ទាប់ ដែលភាគច្រើនជាជំនួបជាមួយតំណាងគណបក្សនយោបាយ និងអង្គការអន្តរជាតិ។

នៅវេលាម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមដោយលោក ណូប៊ីហ៊ីកូ សាសាគី (Nobuhiko Sasaki) ប្រធាន និងជានាយកប្រតិបត្តិថ្មី នៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅសណ្ឋាគារញ៉ូវអូតានី ជាបុគ្គលសំខាន់ទី១ ដែលសម្តេចបានជួបមុនគេ ក្នុងបេសកកម្មលើកនេះ។ ក្នុងឱកាសនោះ លោក Nobuhiko Sasaki បានចាត់ទុកថា ភាគីជប៉ុនពិតជារីករាយក្នុងការមកធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា ជាពិសេសការធ្វើលើវិស័យដឹកជញ្ជូននេះ។ លោកបើកការិយាល័យនៅកម្ពុជា ក្នុងឆ្នាំ២០១០ ដែលពេលនោះមានតែក្រុមហ៊ុន៤៥ទេ ប៉ុន្តែរហូតមកដល់ពេលនេះ JETRO រីកចម្រើនរហូតដល់២១៦ក្រុមហ៊ុន។ ជាមួយនឹងការអរគុណដល់ JETRO សម្តេចតេជោ អំពាវនាវឲ្យ អង្គការ JETRO បន្តជួយសម្របសម្រួលដល់វិស័យធុរកិច្ច ហើយជំរុញធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនជប៉ុននៅតែបង្កើតការវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនាំកសិផលពីប្រទេសកម្ពុជាមកទីផ្សារជប៉ុន។

បន្តពីនេះ, បន្តពីនេះ នៅម៉ោង ៩៖០០នាទីព្រឹក សម្តេចតេជោ ហ៊ុន សែន បានទទួលជួបសម្តែងការគួរសមពី លោក សេជី អ៊ីម៉ៃ (Seiji Imai) ប្រធានផ្នែកសាជីវកម្មទូទាំងសកលលោក របស់មីហ្ស៊ីហូហ្វាយនិនស្សលគ្រុប (Mizuhio Financial Group) និងជាអនុប្រធានធនាគារមីហ្សឹហូ (Mizuho Bank Ltd) នៅសណ្ឋាគារញ៉ូវអូតានី។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានបន្តស្នើ និងលើកទឹកចិត្តដល់ធនាគាររបស់ជប៉ុន Mizuho ឱ្យផ្តល់ឥណទានដល់ក្រុមហ៊ុនទាំងឡាយដែលកំពុងដំណើរការផលិតនូវផលិតផលនានានៅក្នុងកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន។ ចំណែក លោក សេជី អ៉ីម៉ៃ បានអះអាងថា អ្នកវិនិយោគជប៉ុន មានការចាប់អារម្មណ៍ចំពោះការវិនិយោគនៅកម្ពុជា ជាពិសេសអ្នកវិនិយោគមួយចំនួនក៏បានឥណទានពីធនាគារមីហ៊្សូផងដែរ។

រហូតដល់ម៉ោង០៩៖៣០នាទីថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមសិក្ខាសាលស្តីពី «បរិយាកាសវិនិយោគនៅកម្ពុជា» នៅសណ្ឋាគារដដែលនោះ។ នៅក្នុងសិក្ខាសាលានោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាដល់វិនិយោគិនជប៉ុន ឲ្យមករកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើន ហើយសម្តេចជាអ្នកធានាជូនវិនិយោគិនគ្រប់រូបនូវបរិស្ថាន ប្រកបដោយភាពអំណោយផល។ សម្តេចបានថ្លែងកោតសរសើរចំពោះវិនិយោគជប៉ុននៅកម្ពុជាថា ដែលសុទ្ធសឹងជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារ និងបរិស្ថានរស់នៅល្អប្រសើរ។

នៅក្នុងសិក្ខាសាលានោះដែរ សម្តេចតេជោ ហ៊ុន សែន បានប្រាប់វិនិយោគិនជប៉ុន អំពីវិធានការមុតស្រួចថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយថ្លៃចំណាយធុរកិច្ចរបស់អ្នកវិនិយោគ។ វិធានការដែលដាក់ចេញមាន២ផ្នែកធំៗ គឺការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយចំណាយធុរកិច្ច និងក្របខណ្ឌច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា។

ខណៈមានវត្តមាន សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសប្រកាសតាមរយៈ Facebook អំពីការសម្រេចលុបចោលពន្ធអប្បបរមា១% ដែលចាប់ផ្តើមអនុវត្តជាផ្លូវការ ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីការសម្រេចដកចេញនូវពន្ធកាត់ទុក១% (ពន្ធអប្បបរមា) គឺបានចូលជាធរមានហើយនៅថ្ងៃនេះ ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់ ឲ្យបានទទួលផលចំណេញកាន់តែច្រើន»។

លុះដល់ពេលរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានទទួលទានអាហារថ្ងៃត្រង់ ដែលរៀបចំដោយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា នៅភោជនីយដ្ឋាន Applause Square Geihinkan។ ក្នុងពិធីនេះ សមាជិកសភារបស់ជប៉ុន បានបង្ហាញគាំទ្រ និងរីករាយយ៉ាងខ្លាំងចំពោះវឌ្ឍនភាព និងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន និងបានសន្យាជួយជំរុញអ្នកវិនិយោគរបស់ជប៉ុនឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត ដើម្បីលើកស្ទួយនូវសន្ទុះសេដ្ឋកិច្ចរបស់កម្ពុជាឱ្យវិវឌ្ឍន៍ទៅមុខក្នុងភាពល្អប្រសើរ និងរឹងមាំ។

បន្តពីនោះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួប បណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៉ី សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍមនុស្ស។ លោកបណ្ឌិត យូស៉ីអាំគី អ៉ីស៉ីហ្សារ៉ា បានជម្រាបសម្តេចតេជោថា លោកពិតជាមាននិស្ស័យជាមួយប្រទេសកម្ពុជាណាស់ ហើយលោកបានថ្លែងអំណរគុណសម្តេចតេជោ ដែលបានផ្តល់ឱកាសឱ្យលោកបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ហើយនិងការរាប់អានរបស់សម្តេចចំពោះលោកសាស្ត្រាចារ្យ។

នៅល្ងាចថ្ងៃដដែលនោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានទទួលសម្តែងការគួរសមដោយ លោក តាកាហាស៉ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA)។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅចំពោះមុខលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។

ក្នុងជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យជប៉ុនប្រាប់អាមេរិកថា កម្ពុជានៅតែជាមិត្តរបស់អាមេរិក តែត្រូវគោរពអធិបតេយ្យភាពកម្ពុជា។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ ហើយតែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែកម្ពុជាត្រូវតែរក្សានូវឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួន។

នៅវេលាម៉ោង ១៧៖៣០ ល្ងាចថ្ងៃដដែលនោះ សម្តេចហ៊ុន សែន បានបន្តអនុញ្ញាតឱ្យ លោក កេន ម៉ាតស៊ុហ្សាវ៉ា (Ken Matsuzawa) ប្រធានក្រុមប្រឹក្សាផ្លាស់ប្តូរមិត្តភាពអន្តរជាតិជប៉ុន (FEC) និងថ្នាក់ដឹកនាំក្រុមហ៊ុនរបស់ជប៉ុន៦រូបផ្សេងទៀត ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារវិនិយោគនៅក្នុងប្រទេសកម្ពុជាថែមទៀត។ លោក កេន ម៉ាតស៊ុហ្សាវ៉ា បានជម្រាបជូនសម្តេចតេជោថា លោកនឹងជួយជំរុញនូវលំហូរអ្នកវិនិយោគពីជប៉ុនទៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោកនេះ នឹងបន្តជួយដល់ប្រទេសកម្ពុជា និងជួយដល់សម្តេចតេជោផងដែរ។

លុះដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារអ៉ឹមភៀរៀល ជាទីដែលរៀបចំសន្និសីទអន្តរជាតិលើកទី ២៥ ស្តីពី «អនាគតរបស់អាស៊ី» សម្តេចតេជោ ហ៊ុន សែន បានទទួលជំនួបសម្តែងការគួរសមដោយលោក ណាអូតូស៉ិ អូកាដា (Naotoshi OKADA) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុននីកកេ ថែមទៀត។ ក្នុងជំនួបនោះ ប្រធានក្រុមហ៊ុន NIKKEI របស់ជប៉ុន បានកោតសរសើរចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើន។​ ឆ្លើយតបនឹងការកោតសរសើរនេះ សម្ដេចតេជោ ត្រីបានគូសបញ្ជាក់ថា មានកត្តាពីរសំខាន់ដែលធ្វើឲ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនខ្ពស់ និងការអភិវឌ្ឍដោយចីរភាព។ កត្តាទាំងពីរនោះរួមមាន៖ ទី១. គឺសន្តិភាព និងស្ថេរភាពនយោបាយ ហើយកត្តាចាំបាច់ទី២ គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី»។ ក្នុងសន្និសីទនេះ សម្តេចត្រូវបានអញ្ជើញឱ្យឡើងថ្លែងសុន្ទរកថា ចំនួន២០នាទី និងចូលរួមកម្មវិធីសំណួរចម្លើយ២៥នាទី)។ នៅចំពោះមុខអ្នកវិនិយោគជប៉ុនប្រមាណជា ៣០០នាក់ ក្នុងសិក្ខាសាលាស្តីពី «ការវិនិយោគនៅកម្ពុជា»នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពរីកចម្រើនរបស់ប្រទេសកម្ពុជាទាំងពេលកន្លងទៅ និងពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់ពីការចូលរួមរបស់ជប៉ុនបាននោះឡើយ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្រ្តី បានប្រាប់វិនិយោគិនជប​៉ុន អំពីស្ថានភាពនយោបាយរបស់កម្ពុជា ព្រមទាំងបកអាក្រាតនូវការប៉ុនប៉ងទុច្ចរិតរបស់ អតីតមេដឹកនាំបក្សប្រឆាំង។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញជាថ្មីនូវជំហរដ៏ម៉ឺងម៉ាត់ចំពោះ អតីតអ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមនយោបាយ ក៏ដូចជាអ្នកកំពុងជាប់ទោសទណ្ឌ។ សម្តេចតេជោ បានអះអាងថា វិធានការផ្លូវច្បាប់នៅតែបន្តចំពោះអ្នកនយោបាយជាប់បំរាម និងមានទោសក្បត់ជាតិទាំងអស់នេះ។ សម្តេចតេជោ ហ៊ុន សែន ថែមទាំងប្រកាសរង់ចាំធ្វើសង្គ្រាមជាមួយទណ្ឌិត សម រង្ស៉ី ដែលសម្តេចហៅថាជា «ឆ្កែមួយក្បាល» ជុំវិញគម្រោងក្នុងការចូលមកចាប់ខ្លួនរបស់សម្តេចថែមទៀតផង។

ជាមួយគ្នានេះ ឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន NIKKEI Asia Review ក្នុងសន្និសីទនេះ បុរសខ្លាំងរបស់កម្ពុជា បានផ្តល់អនុសាសន៍ទៅកាន់ប្រទេសនានាលើពិភពលោក ដោយបង្ហាញទស្សនទានថា សម្រាប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជាផងដែរ មិនត្រូវបណ្ដោយខ្លួនឲ្យក្លាយទៅជាស្មៅ ឬស្រមោ សង្អា សម្រាប់ដំរីជាន់តាមតែអំពើចិត្តនោះទេ។

សារព័ត៌មាន NIKKEI Asia Review បានចោទសួរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយប្រទេសចិន។ មតិរិះគន់មួយចំនួនបានលើកឡើងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បាននិងកំពុងបង្កើតនូវ «អន្ទាក់បំណុល» សម្រាប់ប្រទេសមួយចំនួន។ តើប្រទេសកម្ពុជាមានការព្រួយបារម្ភថា នឹងអាចជួបប្រទះនូវបញ្ហាបែបនេះដែរ ឬ ទេ នៅពេលអនាគត? ឆ្លើយតបសំណួរនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសខ្លះបានជំពាក់បំណុលប្រទេសដទៃរហូតដល់ទៅ ២០០ភាគរយ ៣០០ភាគរយ ឬ ៥០០ភាគរយនៃ GDP ហើយបំណុលនោះ មិនមែនជំពាក់តែប្រទេសចិននោះទេ។ ដោយឡែកសម្រាប់ប្រទេសកម្ពុជា មិនបណ្តែតបណ្តោយខ្លួនឱ្យធ្លាក់ក្នុងបំណុលរហូតវណ្ឌកនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានចែករំលែកទស្សនៈសំខាន់ៗចំនួន៤ ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងនោះមាន ទី១៖ ការរៀបចំដំណើរការស្ថាប័ន និង វិធានគ្រប់គ្រងសកលឡើងវិញ ដោយផ្អែកលើគោលការណ៍ស្នូល និងតម្លៃសកលជាសារវន្ត, ទី២៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌសកលភាវូនីយកម្ម, ទី៣៖ ការគោរពអធិបតេយ្យភាព និងជម្រើសផ្លូវដើររបស់ប្រទេសនីមួយៗ និង ទី៤៖ ការកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ។

នៅក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកដល់បណ្តាមេដឹកនាំអាស៊ី ឱ្យគិតគូរ និងមានជំហររួមគ្នា ចំពោះដំណោះស្រាយលើបញ្ហាប្រឈមធំៗ ដែលកំពុងគំរាមពិភពលោក និងតំបន់អាស៊ី ក្នុងកាលៈទេសៈបចប្បន្នពិសេស ចរន្តគាំពារនិយម, សង្គ្រាមពាណិជកម្មរវាងមហាអំណាចធំៗ និង វិបត្តិភូមិសាស្ត្រនយោបាយ។

លុះវេលាម៉ោង១៦:០០ ល្ងាចថ្ងៃទី៣០ ខែឧសភា បន្ទាប់ពីចូលរួមវេទិកាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបលោក ណូប៊ូយ៉ុស៊ិ ហ្វដីសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារចេត្រាស់ធ៍ ( Trust Bank) នៅសណ្ឋាគារញ៉ូវអូតានី។ លោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា (Nobuyushi Fujisawa) ប្រធានធនាគារ ចេត្រាស់ធ៍ (J Trust Bank) ដែលជាម្ចាស់ភាគហ៊ុនដ៏ធំមួយរបស់ធនាគារ ANZ របស់អ្នកឧកញ៉ា គិត ម៉េង បានអះអាងប្រាប់សម្តេចតេជោថា ធនាគារ ANZ នឹងប្តូរទៅជា «J Trust» វិញនៅអំឡុងខែសីហា ឆ្នាំ២០១៩ ខាងមុខនេះ។ ជាការឆ្លើយតប សម្តេចតេជោ បានឱ្យលោក ណូប៊ូយ៉ុងស៊ិ ហ្វូជិសាវ៉ា ជួយដល់ក្រុមហ៊ុនខ្មែរដែលតម្រូវការឥណទាន។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរ និងស្វាគមន៍ដល់ក្រុមហ៊ុនចេត្រាសធ៍របស់ជប៉ុន ដែលបានទៅបណ្តាក់ទុកនៅកម្ពុជា។

បន្តពីនេះ សម្តេចបានទទួលជួបលោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihia Karuna) ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនមីណេបៀ មីតស៊ីមី (Minebea Mitsuml) បន្តទៀត។ ក្រុមហ៊ុនមីណេបៀរបស់ជប៉ុន ដែលជារោងចក្រផលិតម៉ូឌ័រនៅក្នុងប្រទេសកម្ពុជា បានប្រកាសជួយដាក់អំពូលភ្លើងចំនួន៧ពាន់នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ៥ពាន់អំពូល និងនៅខេត្តសៀមរាបចំនួន ២ពាន់អំពូល។

នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ពិធីជប់លៀងមួយ ត្រូវបានរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន សម្រាប់ សន្និសីទអន្តរជាតិលើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី»។ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាមេដឹកនាំដទៃទៀត បានអញ្ជើញចូលរួមពិធីលៀងសាយភោជន៍នេះផងដែរ។

នៅក្នុងពិធីនោះ ប្រធានក្រុមហ៊ុន មីណេបៀរ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា (Yoshihia Karuna) បានរាយការណ៍ជូនលោក ស៊ីនហ្សូ អាបេ អំពីប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន។

រហូតដល់ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ មុនពេលធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ សម្តេចតេជោ ហ៊ុន សែន បានមានជំនួបទ្វេភាគីជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នៅការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន។

មតិជាដំបូងក្នុងជំនួបនោះ គឺនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន ឱ្យជួយជំរុញវិនិយោគិនជប៉ុន ទៅបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងតែបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគ។

លោក អាបេ ស៊ីនហ៊្សូ ប្រកាសស្វាគមន៍ចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក ក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួលដល់ធុរកិច្ចនៅកម្ពុជានេះ។ ទន្ទឹមនឹងនេះ លោក អាបេ បានស្នើឱ្យសម្តេចតេជោ បន្តមានវិធានការផ្សេងៗទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានការប្រកួតប្រជែង ហើយស្នើសុំសម្តេចប្រើប្រាស់យន្តការ ប្រជុំគណៈកម្មកាកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយការប្រឈមរបស់ជនជាតិជប៉ុនផងដែរ។

ដោយឡែកនិយាយរឿងការងាររបស់ជប៉ុន ក្នុងការជួយដល់កម្ពុជាបន្តបន្តាប់ទៀត លោនាយករដ្ឋមន្ត្រីជប៉ុន ចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារដ៏សំខាន់សម្រាប់ជប៉ុន ហើយប្រទេសជប៉ុនត្រៀមខ្លួន ជានិច្ចក្នុងការជួយដល់កម្ពុជា។ ជប៉ុនត្រៀមសហការជាមួយកម្ពុជា ត្រៀមសិក្សាអំពីផែនការមេ សម្រាប់កំពង់ផែកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ លោកបានស្វាគមន៍ចំពោះការពិភាក្សារវាង អង្គការ JICA និងកំពង់ផែខេត្តព្រះសីហនុលើបញ្ហានេះផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសបង្ហាញជំហរម៉ឹងម៉ាត់ជាថ្មីថា នឹងបន្តគាំទ្រនិងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះរួមទាំងជួយ ធ្វើឱ្យប្រសើរឡើងនូវដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវសំណើជាច្រើន សុំការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន ដើម្បីជំរុញការអភិវឌ្ឍនៅកម្ពុជា។ សំណើទាំងនោះមានដូចជាការសុំជួយជំរុញអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន, ជួយដល់ការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់, ជួយលើបញ្ហាថាមពលអគ្គិសនី និងជួយលើការបណ្តុះបណ្តាលធនធានមនុស្សជាដើម។ ឆ្លើយតបទៅនឹងសំណើទាំងនេះ លោកនាយករដ្ឋមន្ត្រី បានឯកភាពទៅតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ហើយបានសន្យានឹងជួយឱ្យអ្នកពាក់ព័ន្ធ ធ្វើលើការងារទាំងអស់នេះ។

ទន្ទឹមគ្នានឹងការជជែកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី មេដឹកនាំទាំងពីរក៏បានជជែកអំពីបញ្ហាក្នុងតំបន់ និងសកលលោកផងដែរ។ មេដឹកនាំកម្ពុជា-ជប៉ុន បានរិះគន់កូរ៉េខាងជើង ចំពោះការបន្តបាញ់មីស៊ីល ដែលរំលោភទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ លោកអះអាងថា ភាគពាក់ព័ន្ធ ត្រូវតែអនុវត្តឱ្យបានម៉ត់ចត់នូវសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកសង្ឃឹមថា កម្ពុជានឹងចូលរួម ក្នុងការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហាខ្វះអគ្គិសនីវិញ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ភាគីជប៉ុនឱ្យពិចារណាបន្ដសិក្សាគម្រោងសាងសង់បណ្តាញអគ្គិសនី ដូចដែលបានពិភាក្សាកន្លងមកនេះ នៅតំបន់ព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញទៀតផង។

ក្រោយបញ្ចប់ជំនួបរវាងមេដឹកនាំកម្ពុជា-ជប៉ុន ភាគីទាំងពីរ បានចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ចំនួន​២ គឺការ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម សម្រាប់​សាងសង់​ស្ថានីយ​កុងតឺណឺ ដែល​មាន​ទឹក​ប្រាក់ ២០០​លាន​យ៉េន​ស្មើ​ប្រមាណ១.៨​លាន​ដុល្លារ​អាមេរិក​។ ​គម្រោង​អាហារូបករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស​របស់​កម្ពុជា ដែល​មាន​ទឹក​ប្រាក់ ៣៣៩​លាន​យ៉េន ស្មើ​ប្រមាណ​ជាង ៣លាន​ដុល្លារ​អាមេរិក​។

មុនបញ្ចប់ដំណើរទស្សនកិច្ច សម្តេចតេជោ ហ៊ុន សែន បានចូលរួមពិសារអាហារថ្ងៃត្រង់មួយទៀតជាមួយ លោក អាបេ ស៊ីនហ៊្សូ ដែលរៀបចំនៅការិយាល័យនាយករដ្ឋមន្រ្តីជប៉ុន។ ហើយបន្ទាប់ពីបំពេញបេសកកម្ម ដ៏មមាញឹកនៅប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ សម្តេចតេជោ ហ៊ុន សែន បានធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាផងដែរ។

យន្តហោះរបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ហានេដា នៅទីក្រុងតូក្យូរបស់ជប៉ុន នៅវេលាម៉ោង១៤៖០០រសៀល ព្រមទាំងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ របស់កម្ពុជា ដោយសុវត្ថិភាព នៅម៉ោង៨៖៣០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ដ្បិតតែវត្តមានរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ក្នុងគោលដៅធំគឺចូលរួមសន្និសីទ​អន្តរជាតិលើកទី២៥ ស្តីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប៉ុន្តែមែនទែនទៅ រដ្ឋបុរសយើង បានចំណាយពេលវេលា គ្មានស្រាកស្រាន្ត គ្មានពេលទំនេរ ក្នុងការបំពេញការងារទំនាក់ទំនងជាមួយដៃគូអន្តរជាតិ និងវិស័យឯកជន ដើម្បីទាញយកប្រយោជន៍មកជូនជាតិ និងប្រជាជន។

ការវិនិយោគរបស់ជប៉ុន រួមទាំងវិស័យឯកជនបរទេសផ្សេងទៀតនៅកម្ពុជា ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនវ បានចូលរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រទេសនេះ មានស្ថិរភាពដោយយស្ថិតនៅក្នុងរង្វង់៧ភាគរយរៀងរាល់ឆ្នាំ ទោះបីជាមានការបំផិតបំភ័យ និងការគំរាមកំហែងដាក់គំនាបសេដ្ឋកិច្ច ដោយបច្ចិមលោកក៏ដោយ៕