(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន និងលោកស្រី ព្រមទាំងប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារ ចុះពិនិត្យការផ្ដល់សេវា គាំពារសង្គមថ្ងៃដំបូង នៅមណ្ឌលសុខភាពឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
មន្រ្តីសាលាខេត្តបានឲ្យដឹងថា ខណៈដែលលោក គួច ចំរើន ដឹកនាំក្រុមការងារចុះពិនិត្យការបម្រើសេវាគាំពារសង្គមថ្ងៃដំបូងនេះ លោកកំពុងតែមានជំងឺដែរ បានន័យថា គេឈឺគាត់ទៅមើលគេ លុះគាត់ឈឺ គាត់នៅតែទៅមើលគេ ដែលនេះគឺដោយសារតែលោកអភិបាលខេត្ត មានទឹកចិត្តខ្វល់ខ្វាយអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ជាថ្ងៃអនុវត្តការផ្តល់សេវាគាំពារសង្គមថ្ងៃដំបូង ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា ដាក់ឱ្យអនុវត្ត កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព (គ្រួសារក្រីក្រ)។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក គឹមសួរ ភីរុណ បានឲ្យដឹងថា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ រាជរដ្ឋាភិបាល មានបំណងកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក និងកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងគ្រួសារក្រីក្រ ចាប់តាំងពីនៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតី ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
លោកប្រធានមន្ទីរសុខាភិបាល បានបន្តថា លក្ខខណ្ឌនៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ស្ត្រីក្រីក្រមានផ្ទៃពោះ មកទទួលសេវាថែទាំសុខភាព និងកូនអាយុក្រោម ២ឆ្នាំ ត្រូវមានប័ណ្ណសមធម៌ ឬប័ណ្ណអាទិភាព រីឯការកំណត់អត្តសញ្ញាណស្ត្រីក្រីក្រមានផ្ទៃពោះ ដើម្បីទទួលបានប័ណ្ណអាទិភាព ត្រូវអនុវត្តដូចកម្មវិធីមូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ ដោយអនុញ្ញាតឲ្យមណ្ឌលសុខភាព អាចវាយតម្លៃ និងកំណត់អត្តសញ្ញាណ ចំពោះស្ត្រីក្រីក្រមានផ្ទៃពោះ ដើម្បីផ្ដល់ជូនប័ណ្ណមានអាទិភាព ដោយអនុវត្តតាមយន្តការ និងឧបករណ៍វាយតម្លៃដូចកម្មវិធី មូលនិធិសមធម៌ សម្រាប់ប្រជាពលរដ្ឋក្រីក្រ នៅមន្ទីរពេទ្យបង្អែក។
ក្នុងនោះគណៈកម្មការកំណត់អត្តសញ្ញាណរបស់មណ្ឌលសុខភាព ត្រូវចាត់តាំងដោយប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិ ដែលមានសមាសភាព យ៉ាងតិចចំនួន ៣រូប ដឹកនាំដោយ ប្រធានមណ្ឌលសុខភាព និងមន្ត្រីក្រោមឱវាទចំនួន ២រូប។ ប័ណ្ណអាទិភាពនីមួយៗ របស់ស្ត្រីក្រីក្រមានផ្ទៃពោះ ដែលផ្ដល់ដោយមណ្ឌលសុខភាព មានសុពលភាពរហូតដល់កូន មានអាយុ ២ឆ្នាំ៕