(សៀមរាប)៖ ស្ដ្រីម្នាក់ត្រូវបានគេសង្ស័យថា ត្រូវគេសម្លាប់រូបយកទៅធ្វើជាចងក នៅភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាបនោះ នៅពេលនេះកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចេញមកបញ្ជាក់ការពិតថា ក្រោយពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រកឃើញថា ជាការធ្វើអត្តឃាតដោយខ្លួនឯង។
ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដែលជនរងគ្រោះឈ្មោះ សុខ វិច្ឆិកា អាយុ២៨ឆ្នាំ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ និងក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សំបួរ សហការជាមួយកម្លាំងនគរបាលផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និងផ្នែកនគរបាលយុត្តិធម៍ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ទោ នួន សក្តិ៍ចំរើនរិទ្ធ អធិការរងទទួលផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក្រោមការសម្របសម្រួលដោយលោក ថេង សំណាង ព្រះរាជអាជ្ញាររង អមសាលាដំបូងខេត្តសៀមរាប ជាលទ្ធផល បានឲ្យដឹងដំណើរឿង ខាងក្រោម៖
ឈ្មោះ សុខ វិច្ឆិកា និងឈ្មោះ ប៉ាង សុផាន់ណា ភេទប្រុស អាយុ៣៩ឆ្នាំ ជាអនិកជនខ្មែរ រស់នៅប្រទេសកាណាដា ស្រឡាញ់រាប់អានគ្នា តាំងតែពីខែមេសា ឆ្នាំ២០១៨ មករហូតដល់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះ សុខ វិច្ឆិកា និងឈ្មោះ ប៉ាង សុផាន់ណា បានព្រមព្រៀងភ្ជាប់ពាក្យ ដោយមានចាស់ទុំ ទាំងសងខាងចូលរួមដឹងលឺ។
ក្រោយមកនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ ប៉ាង សុផាណា បានត្រឡប់ទៅប្រទេសកាណាដាវិញ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ឈ្មោះ ប៉ាង សុផាណា ក៏ត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីរៀបចំឯកសារក្នុងការរៀបអាពាហ៍ពិពាហ៍របស់ខ្លួនជាមួយឈ្មោះ សុខ វិច្ឆិកា ពេលមកដល់ឈ្មោះប៉ាង សុផាន់ណា និងឈ្មោះ សុខ វិច្ឆិកា បានរស់នៅជាមួយគ្នាជាធម្មតា នៅក្នុងផ្ទះមួយខ្នងស្ថិតស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានឈ្មោះ សុខ ស្រីនុច រស់នៅជាមួយដែរ។
លុះដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៩៖០០នាទីព្រឹក ក៏មានការប្រកែកគ្នារឿង គ្រឿងសំអាងចំនួន១០ឈុត ដែលឈ្មោះ ប៉ាង សុផាន់ណា នាំមកពីប្រទេសកាណាដា យកមកឲ្យគូរដណ្តឹងរបស់ខ្លួន ចែកគ្នាប្រើជាមួយឈ្មោះ សុខ ស្រីនុច ដែលត្រូវជាប្អូនរបស់ឈ្មោះ សុខ វិច្ឆិកា តែដោយពេលនោះ ឈ្មោះ សុខ វិច្ឆិកា បានរើសយកតែរបស់ល្អៗ ទើបឈ្មោះ ប៉ាង សុផាន់ណាស្តីឲ្យ។
ក្រោយនៅវេលាម៉ោង០៩៖៣០នាទីថ្ងៃដដែល ឈ្មោះ សុខ វិច្ឆិកា និងឈ្មោះ ប៉ាង សុផាន់ណា ក៏បាននាំគ្នាជិះរថយន្តមួយគ្រឿង ម៉ាកប្រ៊ូស ពណ៌ស ស្លាកលេខភ្នំពេញ2AM-7516 ចេញទៅរើសម៉ូតសំលៀកបំពាក់ដើម្បីថត ជារូបថតដាក់តាំងមុខរោងការរបស់ខ្លួន និងបន្តទៅទិញអាវ និងស្រោមជើង តែឈ្មោះ សុខ វិច្ឆិកា នៅតែបន្តខឹងឈ្មោះ ប៉ាង សុផាន់ណា ដោយនិយាយសម្តីខ្លាំងៗ។
ក្រោយមកឈ្មោះ ប៉ាង សុផាន់ណា បបួលឈ្មោះ សុខ វិច្ឆិកា ទៅលេងផ្ទះឪពុកម្តាយរបស់ឈ្មោះ សុខ វិច្ឆិកា ដែលនៅឯស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីរៀបចំឯកសារក្នុងការរៀបអាពាហ៍ពិពាហ៍ផង ដោយឈ្មោះ ប៉ាង សុផាន់ណា ជាអ្នកបើកឡាន។ ពេលធ្វើដំណើរទៅដល់ខាងលិច ស្រុកពួក ប្រហែល៣០គីឡូម៉ែត្រ ឈ្មោះ សុខ វិច្ឆិកា ក៏បានបើកវីដេអូដែលខ្លួនបានឡាយ កាលពីថ្ងៃទី២៨ ខែឧសភា ខណៈកំពុងជិះឡានជាមួយគ្នា ក៏ឃើញមានមនុស្សប្រុសម្នាក់ខមិនចូល សួរនាំពាក់ព័ន្ធរឿងដើមទ្រូង របស់ឈ្មោះ សុខ វិច្ឆិកា ពេលនោះឈ្មោះ ប៉ាង សុផាន់ ក៏មានចិត្តប្រច័ណ្ឌ ខឹងគូរដណ្តឹងរបស់ខ្លួន រហូតដល់មានការប្រកែកគ្នា និងប្រតាយតប់គ្នាទៅវិញទៅមក។
បន្ទាប់មកឈ្មោះ សុខ វិច្ឆិកា បានចាប់ទាញចង្កូតរថយន្តបណ្តាលឲ្យរ៉េចង្កូត ពេលនោះឈ្មោះ ប៉ាង សុផាន់ណា ក៏បានឈប់រថយន្ត ហើយខោកក្បាលឈ្មោះ សុខ វិច្ឆិកា ដោយប្រើដៃខាងស្តាំចំក្បាលបួនដៃ ក្រោយមកឈ្មោះ សុខ វិច្ឆិកា ក៏បានចុះពីលើរថយន្តចូលទៅក្នុងតូបទំនិញមួយ នៅក្បែរកន្លែងឈប់ឡាន ហើយឈ្មោះ ប៉ាង សុផាន់ណា ក៏បានចុះទៅនិយាយសម្របសម្រួលគ្នាតែមិនត្រូវរ៉ូវ ក៏បានបើករថយន្តត្រឡប់មកចូលមកក្រុងសៀមរាបវិញ។
ពេលមកវិញឈ្មោះ ប៉ាង សុផាន់ណា ក៏បានត្រឡប់ទៅយកឈ្មោះ សុខ វិច្ឆិកា តែទៅដល់តូបលក់អីវ៉ាន់ ហើយសាកសួរម្ចាស់តូបទើបដឹងថា ឈ្មោះ សុខ វិច្ឆិកា បានហៅឡានតាក់ស៉ី ជិះចូលទៅក្នុងក្រុងសៀមរាបវិញបាត់ហើយ។ នៅវេលាម៉ោង០៥៖១០នាទីល្ងាចថ្ងៃខែដដែល ចំណុចផ្ទះរបស់ឈ្មោះ ប៉ាង សុផាន់ណា ស្ថិតក្នុងភូមិភ្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ឈ្មោះ សុខ ស្រីនុច បានឃើញឈ្មោះ សុខ វិច្ឆិកា មកដល់ហើយដើរឡើងទៅលើផ្ទះ ជាន់ទី០២ ប្រហែលកន្លះម៉ោងក្រោយមកឈ្មោះ ប៉ាង សុផាន់ណា ក៏មកដល់ផ្ទះដែរ ហើយអង្គុយក្នុងផ្ទះជាន់ជាន់ខាងក្រោម ប្រហែលកន្លះម៉ោងក្រោយ ឈ្មោះ ប៉ាង សុផាន់ណា ក៏បានដើរទៅលើផ្ទះជាន់ទី០២ ដើម្បីងូតទឹក តែបើកទ្វារមិនបាន ហើយក៏ព្យាយាមបើករហូតបើកទ្វារបានក៏បានឃើញ ឈ្មោះ សុខ វិច្ឆិកា បានចងកជាប់ចម្រឹងបង្អួត ហើយស្រែកឲ្យគេមកជួយ។
ពេលនោះ ឈ្មោះ សុខ ស្រីនុច ក៏បានរត់ឡើងទៅមើលក៏ឃើញ ឈ្មោះ ប៉ាង សុផាន់ណា កំពុងឱបឈ្មោះ សុខ វិច្ឆិកា លើកឡើងលើហើយប្រាប់ឈ្មោះ សុខ ស្រីនុច ឲ្យជួយយកខ្សែករបស់ឈ្មោះ សុខ វិច្ឆិកា ហើយដាក់តំរេតមកការ៉ូដើម្បីសង្គ្រោះ តែឈ្មោះ សុខ វិច្ឆិកា បានស្លាប់បាត់ទៅហើយ។ ក្រោយមកឈ្មោះ សុខ ស្រីនុច ក៏បានចេញមកក្រៅផ្ទះ ហើយប្រាប់អ្នកជិតខាង ឲ្យមកជួយមើល និងរាយការណ៍ទៅនគរបាល។ បន្ទាប់ពីធ្វើការពិនិត្យសាកសពរួចរាល់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ កម្លាំងនគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនឈ្មោះ ប៉ាង សុផាន់ណា ជាបណ្តោះអាសន្នដើម្បីធ្វើការសាកសួរ។
យោងតាមលទ្ធផល ការងារស្រាវជ្រាវបញ្ជាក់របស់ក្រុមការងារចម្រុះ ដែលដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការខេត្ត ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ និងយោងតាមការបំភ្លឺពីអ្នកពាក់ព័ន្ធកម្លាំងនគរបាលជំនាញ បានធ្វើការសន្និដ្ឋានថា ឈ្មោះ សុខ វិច្ឆិកា ពិតជាបានធ្វើអត្តឃាតដោយខ្លួនឯង ពិតប្រាកដមែន។
បច្ចុប្បន្នឈ្មោះ ប៉ាង សុផាន់ណា ដោយមានការឯកភាពពីតំណាងអមសាលាដំបូងខេត្តសៀមរាប ត្រូវបានអនុញ្ញាត ឲ្យនៅក្រៅឃុំវិញហើយ ចំណែកឯសមាជិកក្រុមគ្រួសារ នៃសពរបស់ឈ្មោះ សុខ វិច្ឆិកា ក៏បានឯកភាព និងសុំមិនដាក់ពាក្យបណ្តឹងព្រមទាំងធ្វើការធានាឈ្មោះ ប៉ាង សុផាន់ណា ដើម្បីត្រឡប់ទៅបន្តពិធីបុណ្យសពវិញផងដែរ៕