Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបាននាំយកទៅជូនគ្រួសារសពកុមារពីនាក់បងប្អូន ដែលត្រូវឃាតកសម្លាប់នៅខេត្តព្រះសីហនុ

01-06-2019 10:53

(ព្រះសីហនុ)៖ អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បាននាំយកជំនួយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនដល់ដៃគ្រួសារសពកុមារី និងកុមារា ដែលត្រូវឃាតកវាយសម្លាប់យ៉ាងព្រៃផ្សៃ នាភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

ការផ្តល់ជំនួយខាងលើនេះ ធ្វើនៅថ្ងៃទី៣១ ខែឧសភាម្សិលមិញនេះ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

នាឱកាសនោះ ទាំងលោក ម៉ាងស៊ីណេត និងក្រុមការងារ ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះ ដែលត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលបានបាត់បង់ជីវិតដោយអំពើរំលោភសម្លាប់ នៅក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់។

លោក ម៉ាង ស៊ីណាត ជំនួសមុខឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ប្រធានសាខាកាកបាទក្រហមខេត្ត ជាពិសេសសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងការសោកស្ដាយអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនចៅ ជាទីស្រលាញ់នៅក្នុងគ្រួសារ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពអ្នកទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

បន្ថែមលើនេះ លោក ម៉ាង ស៊ីណេត ក្នុងនាមសាខាកាកបាទក្រហមខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ឲ្យសមត្ថកិច្ចគ្រប់ស្ថាប័ន ត្រូវរួមសហការគ្នា បន្តសកម្មភាពចុះស្រាវជ្រាវវែករកមុខឃាតក ដើម្បីនាំខ្លួនយកមកផ្តន្ទោទោសទៅតាមច្បាប់ឲ្យបានឆាប់បំផុត។

សម្ភារៈ ដែលសាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកទៅចូលរួមរំលែកទុក្ខគ្រួសារសពកុមារាកុមារីរងគ្រោះទាំងពីររួមមាន ៖ អង្ករ ១០០គីឡូក្រា មី ៥កេស ត្រីខ ៥០កំប៉ុង ទឹកក្រូច ៥កេស និងថវិកាមួយចំនួនទៀត៕