(ភ្នំពេញ)៖ លោក ម៉ឹង ពន្លក ប្រធានសមាគមនចលនាយុវជនកម្ពុជា (ក.១៥៧) និងបណ្តាសមាជិកសមាជិកា ក.១៥៧ នៅទូទាំងប្រទេសនារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំ ស្តីពី ការរៀបចំកម្មវិធីជិះកង់ ដើម្បីគៀគររកមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ជា។
គិតមកទល់ពេលនេះ សមាគមចលនាយុវជនកម្ពុជា (ក.១៥៧) បានបង្កើតឡើងរយៈពេល ១០ឆ្នាំមកហើយ។ នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខនេះជាខួបទី ១១ឆ្នាំ នៃការបង្កើតចលនាសមាគម មួយនេះ។
បើតាមលោក ម៉ឹង ពន្លក ខណៈប្រារព្វខួបលើកទី ១០ឆ្នាំ នៃការបង្កើតក.១៥៧ កន្លងមក បានថ្លែងទៅកាន់សមាជិកសមាជិកា ថា «ក.១៥៧ ធ្វើសកម្មភាពមនុស្សធម៌ រកតែអ្នកមានឆន្ទៈ មានទឹកចិត្តមោះមុត ដើម្បីបម្រើឲ្យប្រជាពលរដ្ឋ ដែលកំពុងប្រឈមការខ្វះខាត នេះគឺជាគោលការណ៍សមាគម ហើយមិនមានការបង្ខំ និងទៅសួរនាំអ្នកណាចង់ធ្វើ ឬអត់នោះទេ គឺទាមទារការចូលរួមដោយស្ម័គ្រចិត្ត»។
លោកថា «ដោយសារតែប្រទេសជាតិយើង មានសុខសន្តិភាព មានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបធ្វើឲ្យយុវជនមានឱកាស មានការងារធ្វើ ប្រកបរបររកស៊ី ដើរស្របគ្នា និងភាពរីកចម្រើនឥតឈប់ឈរនេះហើយ ក៏ជាឱកាសមួយឲ្យយុវជន មានពេលវេលាក្នុងការចូលរួម ក្នុងសកម្មភាពមនុស្សធម៌ និងសង្គមជាតិ តាមបណ្តារាជធានី-ខេត្ត»។
ចំពោះអត្ថន័យ នៃលេខ១៥៧ លោក ម៉ឹង ពន្លក បានពន្យល់ថា ក.១៥៧ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ ខែកក្កដា ហើយថ្ងៃនោះ ឆ្នាំនោះ ច្បាស់ណាស់យុវជនចាំមិនភ្លេចទេ គឺជាថ្ងៃដែលកងទ័ពសៀម បានឈ្លានពានលើកបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា នៅទិសប្រាសាទព្រះវិហារ ហើយយើងចងចាំមិនភ្លេច គឺជាថ្ងៃមួយដែលសៀម បានឈ្លានពានមកលើទឹកដីយើង។
លោកបានបន្តទៀតថា ក្នុងឱកាសនោះបងប្រុស ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក នៃសមាគមចលនាយុវជនកម្ពុជា (ក.១៥៧) បានជជែកគ្នា ជាមួយយុវជនយើងដទៃទៀត ដែលមានគ្នា ៣៧នាក់ ដោយបានបញ្ជាក់ថា «ពេលនេះកងទ័ពសៀមឈ្លានពាន តើយើងមានអ្វីដើម្បីរួមចំណែក ជាមួយបងប្អូនកងទ័ព នៅសមរភូមិមុខ ដែលកម្លាំងចលករមួយពីសមរភូមិក្រោយ រុញទៅសមរភូមិមុខ ហើយដើម្បីផ្តល់កម្លាំងចិត្ត ដល់យុទ្ធជនយើង ដែលកំពុងឈរជើងនៅទីនោះ។ ពេលនោះ យើងក៏បានបង្កើតឡើងជាមូលនិធិកដើម្បីគៀងគរ ទាំងថវិកា ទាំងសម្ភារ ដើម្បីជូនទៅដល់បងប្អូនកងទ័ព ហើយពេលនោះ ក៏បានកកើតឡើង ពីសមាជិកប្រមាណ ៣០នាក់ រហូតដល់ជិត ២០០នាក់ ហើយក៏សម្រេចធ្វើដំណើរទៅជួបបងប្អូនកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅសមរភូមិមុខ ហើយក៏បានរួមចំណែក ចូលរួមជាថវិកា ជាសម្ភារផ្សេងៗ និងបានជួយជាបន្តទៀត ដល់កងទ័ពយើងដែលឈរជើង នៅតាមព្រំដែននានាតាមបណ្តាវរកងពលនានា»។
ក្រោយមកបន្ទាប់ពីមានការផ្លាស់ប្តូរនាយករដ្ឋមន្រ្តីថៃថ្មី ជំនាន់នោះគឺលោកស្រី យីង ឡាក់ សភាពការណ៍នៅព្រំដែនក៏មានការធូរស្រាល ការប៉ះទង្គិចផ្នែកយោធាក៏បញ្ឈប់ បងប្រុស ហ៊ុន ម៉ាណែត ក៏បានកោះប្រជុំជាមួយបណ្តាសមាជិកសមាគមចលនាយុវជនកម្ពុជា ក្រុម១៥៧ ដោយបានចង្អុលបង្ហាញ ណែនាំថា ឥឡូវការប៉ះទង្គិច មានការធូរស្រាលហើយ អីចឹងយើងត្រូវបង្វែរកិច្ចការងារនោះ មកចូលរួមក្នុងការងារមនុស្សធម៌ កិច្ចការសង្គម ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិរបស់យើង ហេតុដូចនេះហើយ បានជាយើងបើកកិច្ចប្រជុំពង្រីកសាខាខេត្តនានា៕