(កំពង់ធំ)៖ លោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោកស្រី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខចាស់ជរា និងកុមារកំព្រា ស្រ្តីមេម៉ាយ១២០នាក់ នៅឯឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងបាននាំថវិកា Zakat (ថវិកាដែលបានមកពីកាតព្វកិច្ច នៃការដកពន្ធ២.៥ភាគរយ ក្នុងសាសនាឥស្លាម) ជារបស់មិត្តភក្តិពីប្រទេសសឹង្ហបុរី រួមជាមួយនឹងថវិកាផ្ទាល់ខ្លួន ឧបត្ថម្ភជូនចាស់ជរា ស្រ្តីមេម៉ាយ និងកុមារកំព្រា សរុប១២០នាក់ ក្នុងម្នាក់ទទួលបានថវិកា៤ម៉ឺនរៀល។
ក្នុងពិធីនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោក កៅ អ៊ីមរ៉ន បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ និងខ្វាយខ្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺជាមេដឹកនាំមួយរូបដែលតែងតែយកទុក្ខដាក់ពីសុខទុក្ខ របស់ប្រជាពលរដ្ឋកម្ពុជាជាទូទៅ មិនប្រកាន់និន្នាការនយោបាយ ជាតិសាសន៍ និងសាសនាអ្វីឡើយ។
មន្ដ្រីជាន់ខ្ពស់រូបនេះបន្តថា ដោយសារតែការដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះរបស់សម្តេច ដែលឈរលើមូលដ្ឋានគ្រឹះសំខាន់៣ គឺការធានាអាយុជីវិត ការធានាបាននូវការងារ និងមុខរបរ និងការរក្សាទ្រព្យសម្បត្តិ ហើយទទួលជោគជ័យធំធេងនៅឆ្នាំ១៩៩៨ ទើបបន្តរក្សាបាននូវសុខសន្តិភាព ពេញផ្ទៃប្រទេសរហូតមកដល់សព្វថ្ងៃ។
ការអនុវត្តគោលនយោបាយសុខដុមបនីយកម្ម របស់សម្តេច ក៏ជាការដាក់ចេញនូវយុទ្ធសាស្រ្តឈ្នះៗដ៏ប្រសើរ ដែលបានកំពុងកសាងនូវកេរ្តិ៍ឈ្មោះ បោះសំឡេងនៅក្នុងឆាកអន្តរជាតិ ព្រមទាំងក្នុងពិភពប្រទេសសមាជិក អង្គការសហប្រតិបត្តិការឥស្លាម OIC ដែលមានសមាជិក៥៧ប្រទេស ក៏បានទទួលស្គាល់ ពីវីរភាពនៃការដឹកនាំប្រទេសរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបានស្វាគមន៍ទទួលយកបេសកជនពិសេសរបស់កម្ពុជាប្រចាំនៅអង្គការ OIC ដែលសម្តេចតេជោ ហ៊ុន សែន បានតែងតាំងលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនតំណាងកម្ពុជា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងពិធីស្រាយបួសរ៉ាម៉ាឌនសាសឥស្លាម។
នៅចុងបញ្ចប់ អនុរដ្ឋលេខាក្រសួងព័ត៌មាន ក៏បានរំលេចអំពីការបរិច្ចាកទ្រព្យ Zakat គឺជាកាតព្វកិច្ចរបស់អ្នកកាន់សាសនាឥស្លាមគ្រប់រូប ព្រោះវាជាមូលដ្ឋានមួយ ក្នុងមូលដ្ឋានគ្រះទាំង៥របស់សាសនាឥស្លាម ហេតុនេះបងប្អូនដែលមានលទ្ធភាពចូរចាប់ផ្តើមអនុវត្តពីខ្លួនយើងតិចក្តីច្រើនក្តី ដើម្បីជំរុញដល់អ្នកឯទៀត ងាកមកទទួលយកវប្បធម៌ចែករំលែកដ៏ល្អនេះ ដើម្បីយើងចូលរួមទាំងអស់គ្នា ខ្វាយខ្វល់ដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង និងចូលរួមលើកស្ទួយការកាត់បន្ថយភាពក្រីក្រីជាមួយរាជរដ្ឋាភិបាល៕