(ព្រៃវែង)៖ ការចាក់ដីរំលោភយកប្រឡាយពីលោកនាយកវិទ្យាល័យករអណ្តើក បានធ្វើឲ្យខាងអាជ្ញាធរឈឺក្បាលវិលមុខជាខ្លាំង ដោយសារតែភាគីអ្នករំលោភ អាងអំណាចអាងខ្សែ មិនគោរពតាមការដោះស្រាយរបស់អាជ្ញាធរនោទេ។
រឿងរ៉ាវដ៏ចម្រូងចម្រាស់នេះ បានកើតឡើងនៅចំណុចជាប់ផ្លូវជាតិលេខ១ ត្រង់ផ្លូវកែងធនាគារអេស៊ីលីដា ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ភាគីដែលបានចាក់ដីរំលោភ យកដីប្រឡាយនោះ ត្រូវបានគេស្គាល់ថាឈ្មោះ សៅ អាត ជានាយកស្តីទីវិទ្យាល័យ ហ៊ុន សែន កអណ្តើក ហើយបញ្ហានេះអាជ្ញាធរដោះស្រាយមិនទាន់ចេញនៅឡើយទេ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើខ្នងប្រឡាយនេះ បានឲ្យដឹងថា ប្រឡាយនេះមានទទឹង ៤ម៉ែត្រ និងបណ្តោយជិត ៥គីឡូម៉ែត្រ គឺភ្ជាប់ពីផ្លូវជាតិលេខ ១ទៅជើង ប្រវែងជាង ២គីឡូម៉ែត្រ និងទៅត្បូងជាង២គីឡូម៉ែត្រ។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីឆ្នាំមុន ដោយមើលឃើញថា ប្រឡាយនេះមានកាកសំណល់សំរាម និងទឹកស្អុយខ្លាំងជះក្លិនប៉ះពាល់បរិស្ថាន ពិសេសសុខភាពប្រជាពលរដ្ឋ ដែលរស់លើខ្នងប្រឡាយនេះ ទើបអាជ្ញាធរលើកគំរោងដាក់ប្រព័ន្ធលូ នៅក្នុងប្រឡាយនេះ ហើយចាក់បេតុងពីលើទំហំ ២ម៉ែត្រសងខាង និងតម្រូវឲ្យអ្នករស់នៅលើខ្នងប្រឡាយ ចេញលុយថ្លៃដាក់លូក្នុងម្នាក់ ៩០ដុល្លារ ហើយប្រជាពលរដ្ឋក៏បានឯកភាពដែរ។
ប៉ុន្តែនៅពេលអនុវត្តគំរោង ក្រុមអ្នកម៉ៅការធ្វើលូមិនទាន់ទាំងហើយស្រួលបួលផង ស្រាប់តែលោកគ្រូ សៅ អាត នាយកស្តីទីវិទ្យាល័យ កអណ្តើក ដែលមានដីនៅជាប់ខាងកើតប្រឡាយ បានចាក់ដីលុបមកដល់លើលូរំលោភយក ទទឹងជាង ២ម៉ែត្រ និងបណ្តោយ ១៣០ម៉ែត្រ ទាំងដែលមិនបានចេញលុយអ្វីសោះ ព្រមទាំងបំពានទៅលើគំរោងរបស់អាជ្ញាធរតែម្តង។
ប្រជាពលរដ្ឋថា ការចាក់ដីនេះ គេចាក់ខ្ពស់ជាងលូជិតកន្លះម៉ែត្រ ធ្វើឲ្យដីដែលចាក់បានជ្រុះចូល ក្នុងលូតាមមាត់បាហ្គ៊ែជាច្រើន អ្នកស្រុកបារម្មណ៍ខ្លាចស្ទះលូក៏ជួលកម្មករ ឲ្យចុះបាដីនោះចេញអស់លុយរាប់ម៉ឺន តែលោកនាយក សៅ អាត មិនព្រមបញ្ឈប់ការចាក់ដី ធ្វើដីនៅតែជ្រុះចូលលូដដែលជាដដែល ទើបធ្វើឲ្យមានទំនាស់កើតឡើង រវាងប្រជាពលរដ្ឋ ជាមួយលោកគ្រូ ហើយមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់ដោះស្រាយចេញនៅឡើយទេ។
លោក លឹម ផេង មេឃុំប្រាសាទ បានប្រាប់អ្នកព័ត៌មានថា លោកគ្រូ សៅ អាត ពិតជាបានចាក់ដីរំលោភលើដីប្រឡាយពិតមែន ហើយពេលចាក់នោះ រូបលោកជាមេឃុំ ក៏បានទៅហាមឃាត់ដែរ ប៉ុន្តែគេមិនសា្តប់ ហើយនៅតែបន្តលួចចាក់រហូតដល់កើតមានទំនាស់ ជាមួយពលរដ្ឋជិតខាងនោះទៀត ពេលអញ្ជើញគាត់មកដោះស្រាយនៅសាលាឃុំ គាត់មិនចូលរួម ហើយពេលអញ្ជើញគាត់ទៅដោះស្រាយនៅសាលាស្រុក ក៏គាត់មិនទៅទៀត។
លោកមេឃុំបញ្ជាក់ថា «លោកគ្រូ សៅ អាត នេះជាមនុស្សពិបាកណាស់ គាត់មិនគោរពអាជ្ញាធរសោះ ហើយនៅដើរអួតអាងពេញភូមិថា គាត់ជានាយកសាលា និងជាសមាជិកអចិន្ត្រៃយ៍គណបក្សស្រុក តើនរណាធ្វើអីគាត់បាន»។
លោក យ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក ក៏បានបញ្ជាក់ថា លោកគ្រូ សៅ អាត ពិតជាបានចាក់ដីរំលោភចូលដីប្រឡាយមែន ហើយរូបលោកធ្លាប់ បានបញ្ជាឲ្យមន្រ្តីចុះទៅឃាត់ប៉ុន្មានដងដែរ តែគាត់មិនស្តាប់សោះ នៅតែលួចចាក់ដដែល ហើយពេលមានទំនាស់កើតឡើងហៅគាត់ឲ្យចូលមកដោះស្រាយ ក៏គាត់មិនព្រមចូលទៀត។ តែទោះជាយ៉ាងណា លោកអភិបាលស្រុក បានអះអាងថា នឹងរកវិធីសាស្រ្តដោះស្រាយរឿងនេះឲ្យចប់ នៅពេលឆាប់ៗនេះ ដោយមិនទុកឲ្យអ្នកខុសធ្វើព្យុះភ្លៀងតាមអំពើចិត្តនោះទេ។
ចំណែកលោកគ្រូ សៅ អាត ដែលរងនូវការចោទប្រកាន់ខាងលើ បានបកស្រាយថា ការដែលរូបលោកចាក់ដីចូលប្រឡាយនោះ គឺមិនមែនចង់រំលោភយកប្រឡាយទេ លោកគ្រាន់តែចាក់ដីដើម្បី លុបភក់ជ្រាំបំបាត់ក្លិនស្អុយតែប៉ុណ្ណោះ ហើយក៏ធ្វើឲ្យមានសោភណ្ឌ័ភាពល្អផងដែរ។ ចំណែករឿងចោទថា រូបលោកអាងបុណ្យស័ក្តិរបស់ខ្លួន និងអាងខ្សែបងប្អូនអីនោះ គឺជារឿងមិនពិតទេ លោកមេឃុំ និងប្រជាពលរដ្ឋទាំងនោះ មួលបង្កាច់រូបលោកទេ ដោយរូបលោកអះអាងថា លោកជាអ្នករៀនសូត្រចេះដឹង មានតួនាទីបុណ្យស័ក្តិប៉ុណ្ណឹងដែរ មិនល្ងង់ទៅធ្វើរឿងបែបនេះទេ៕