(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេលខ្លី និងមធ្យម កម្ពុជាមិនទាន់ទទួលឥទ្ធិពលអវិជ្ជមាន ឬផលវិបាកភ្លាមកើតចេញ ពីសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក-ចិននៅឡើយទេ ព្រោះថាសេដ្ឋកិច្ចកម្ពុជាទោះបីជាសេដ្ឋកិច្ចតូច តែបើកចំហមានភាពអំណោយផល ទីផ្សារផលិតផលនាំចេញរបស់កម្ពុជា ចម្រុះសម្រាប់ទាំងទីផ្សារសហរដ្ឋអាមេរិក ក៏ដូចជាសហភាពអឺរ៉ុបផងដែរ។
លោកលើកឡើងទៀតថា តាមទិន្នន័យស្ថិតិចុងក្រោយការនាំចេញ ក៏ដូចជាវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា នៅតែបន្តមានកំណើនប្រសើរ។
ការលើកឡើងយ៉ាងដូច្នេះ របស់លោកឧបនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងជំនួបជាមួយនឹងគណៈប្រតិភូ ក្រុមប្រឹក្សាពាណិជ្ជកម្ម អឺរ៉ុប-អាស៊ាន (EU-ASEAN) ដែលដឹកនាំដោយលោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅកម្ពុជា (EuroCham Cambodia) ដើម្បីពិភាក្សា និងស្វែងយល់អំពីស្ថានភាព និងកាលានុវត្តភាព ក្នុងវិស័យពាណិជ្ជកម្ម ជាពិសេសការដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប មកកាន់កម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ទោះជាងយ៉ាងណា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា សង្រ្គាមពាណិជ្ជកម្មនឹងជះឥទ្ធិពលអវិជ្ជមាន ចំពោះគ្រប់ប្រទេសទាំងអស់ ទោះបីប្រទេសមានសេដ្ឋកិច្ចតូចក្តី ធំក្តី។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះថា «សង្គ្រាមពាណិជ្ជកម្មក៏អាចបង្កើតជាឱកាស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញរបស់ខ្លួន និងទាញយកលំហូរវិនិយោគបន្ថែមផងដែរ។ ទោះជាយ៉ាងនេះក្តី, ក្នុងរយៈពេលវែង, ករណីសង្គ្រាមពាណិជ្ជកម្ម នៅតែអូសបន្លាយរយៈពេលវែង កម្ពុជាអាចនឹងប្រឈមនឹងផលប៉ះពាល់អវិជ្ជមាន ដូចជាការថយចុះនៃលំហូរភ្ញៀវទេសចរអន្តរជាតិ និងលំហូរទុនវិនិយោគបរទេស ដែលបណ្តាលមកពីកំណើនយឺត នៃសេដ្ឋកិច្ចសកលលោក»។
លោកបានលើកឡើងទៀតថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង តាមរយៈការដាក់ចេញនូវវិធានការកែទម្រង់មុតស្រួច នៅគ្រប់វិស័យដើម្បីធានាបាននូវភាពធន់របស់សេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ដើម្បីចាប់យកកាលានុវត្តន៍ភាពនានា។
អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី, ក្នុងវិទិកាផ្នែកឯកជន និងរដ្ឋាភិបាលលើកទី ១៨ នាពេលថ្មីៗនេះ, បានដាក់ចេញនូវវិធានការមុតស្រួចជាកញ្ចប់មួយចំនួន ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក៏ដូចជាដើម្បីទាក់ទាញការវិនិយោគ ពីបរទេសបន្ថែមទៀតដែលរួមមាន៖ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការកាត់បន្ថយថ្លៃអគ្គិសនី, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, និងការបន្តកំណែទម្រង់ស្ថាប័នជាដើម៕