(ភ្នំពេញ)៖ សកម្មភាពពីរផ្សេងគ្នា រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមប្រឆាំងដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី នៅពេលនេះ ទោះបីជាមិនបកស្រាយ ក៏ប្រជាពលរដ្ឋខ្មែរនិងសហគមន៍អន្តរជាតិ បានយល់ដឹងយ៉ាងច្បាស់ថា តើនរណាជាអ្នកសង្គ្រោះជាតិ និងជាអ្នកស្នេហាជាតិ និងស្រឡាញ់ប្រជាជន និងប្រទេសជាតិពិតប្រាកដ និងថា តើនរណាជាអ្នកបំផ្លាញជាតិនិងបំផ្លាញឆ្នាំងបាយប្រជាពលរដ្ឋ បង្កចលាចលនិងការញុះញង់បង្កើតឱ្យមានការរើសអើងប្រកាន់ពូជសាសន៍ និងខិតខំទាញកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមគ្នារវាងខ្មែរនិងខ្មែរសាជាថ្មី។

នយោបាយកសាងជាតិ និងស្ថិតនៅជាប់ជាមួយប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន តែងតែទទួលបាននូវការគាំទ្រ និងផ្តល់នូវយុត្តិធម៌យ៉ាងត្រឹមត្រូវតាមរយៈសន្លឹកឆ្នោត របស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ប្រទេស តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលខុសពីនយោបាយបំផ្លាញជាតិរបស់ សម រង្ស៊ី និងក្រុមប្រឆាំងកញ្ជះបរទេសរបស់ខ្លួន និងការរត់ចោលប្រជាជន ត្រូវបានប្រជាពលរដ្ឋបដិសេធ និងមិនផ្តល់ការគាំទ្រហើយត្រូវបានប្រជាពលរដ្ឋច្រើនលើសលប់មិនផ្តល់សេចក្តីទុកចិត្តតាមរយៈសន្លឹកឆ្នោត។

ដល់ពេលប្រកួតប្រជែងនៅក្នុងការបោះឆ្នោតរយៈពេលជិតបីទសវត្សរ៍ហើយនៅតែមិនឈ្នះគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ក្រុមប្រឆាំងដែលយកឥទ្ធិពលបរទេសមកគំរាមកំហែង និងបំផ្លាញខ្មែរ បានប្រើប្រាស់គ្រប់កលល្បិចទុច្ចរិតដើម្បីបំផ្លាញប្រជាជន និងបំផ្លាញជាតិ តាមរយៈការប៉ុនប៉ងឡើងកាន់អំណាចតាមមធ្យោបាយបដិវត្តន៍ពណ៌មិនប្រជាធិបតេយ្យ។

ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងយ៉ាងខ្លាំងនៅក្នុងការកៀរគរវិនិយោគទុនជប៉ុនមកវិនិយោគនៅកម្ពុជា ព្រមទាំងស្នើសុំឱ្យជប៉ុនទិញផលិតផលពីកម្ពុជា និងស្នើសុំជប៉ុនផ្តល់ជំនួយ ឬកម្ចីនានាដើម្បីយកមកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនកាន់តែខ្លាំងថែមទៀត។

ទោះអញ្ជើញទៅដល់ទីណាក៏ដោយ សម្តេចតេជោតែងតែធ្វើការងារសំខាន់បីសម្រាប់ជាតិ ខ្មែរគឺស្នើសុំឱ្យបរទេសវិនិយោគនៅកម្ពុជា ទិញទំនិញពីកម្ពុជា និងផ្តល់ជំនួយដល់កម្ពុជា ព្រមទាំងបានធានាថា កម្ពុជាមានបរិស្ថានអំណោយផលពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ព្រមទាំងបានបង្ហាញពីវិធានការមុតស្រួចថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីកាត់បន្ថយថ្លៃចំណាយរបស់ធុរកិច្ច។ ជាមួយទេពកោសល្យខ្ពស់ក្នុងវិស័យការទូត សម្តេចតេជោ ហ៊ុន សែន បានខិតខំក្នុងការពង្រីកមិត្ត នៅខាងក្រៅដើម្បីបង្កើតលទ្ធភាពកាន់តែច្រើនក្នុងការទាក់ទាញការគាំទ្រចំពោះកម្ពុជា នេះគឺជាអ្វីដែលមេដឹកនាំប្រទេសកម្ពុជាបានធ្វើសម្រាប់ជាតិ និងប្រជាជនខ្លួនប្រកបដោយសេចក្តីស្រឡាញ់ និងស្មារតីទទួលខុសត្រូវខ្ពស់ និងមនសិការស្នេហាជាតិពិតប្រាកដដែលគ្មាននរណាម្នាក់មកបំភ័ន្ត ឬបំភ្លៃបានឡើយ។

សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជា បានលះបង់សព្វបែបយ៉ាង ដោយយកជីវិតធ្វើជាដើមទុនរំដោះប្រទេសជាតិ និងប្រជាជន ចេញពីរបបអាវខ្មៅខ្មែរក្រហម ដៃម្ខាងស្តារនិងកសាងជាតិឡើងវិញ និងដៃម្ខាងទៀតទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម ព្រមទាំងបាននាំមកនូវសុខសន្តិភាពពេញលេញ មានការឯកភាពជាតិ និងឯកភាពទឹកដី បន្ទាប់ពីបានបែកបាក់អស់ជាច្រើនសតវត្សរ៍។ ក្រោមដំបូលសន្តិភាពនៃនយោបាយឈ្នះឈ្នះ កម្ពុជាមានឱកាសពេញលេញក្នុងការអភិវឌ្ឍជាតិ។ នេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយដែលមិនអាចប្រកែកបានឡើយ!

ចុះក្រុមប្រឆាំងដឹកនាំដោយទណ្ឌិត សម រង្ស៊ី វិញបានធ្វើអ្វីខ្លះសម្រាប់ជាតិនិងប្រជាជនកម្ពុជា? សមិទ្ធផលដែលផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាពួកគេគ្មានបានធ្វើអ្វីឡើយ ហើយសូម្បីបង្គន់អនាម័យមួយ ក៏ក្រុមប្រឆាំងដែលបានត្រឹមតែនិយាយ បានត្រឹមតែរិះគន់ បានត្រឹមតែឈរមើល និង បញ្ជាឱ្យគេធ្វើនេះធ្វើនោះ មិនបានធ្វើសូម្បីតែសម្រាប់សកម្មជនរបស់ខ្លួន។

ប៉ុន្តែក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី សម្រេចបាននូវសមិទ្ធផលមហាធំធេងប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯងវិញ ប្រឆាំងនឹង ការរីកចម្រើនរបស់កម្ពុជា គឺទៅដល់កន្លែងណា សម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនបានលត់ជង្គង់អង្វរឱ្យបរទេសដោយប្រើនយោបាយ «កុំបី» គឺកុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា។ ក្រុមជនកញ្ជះបរទេសទាំងនេះថែមទាំងបានយកអធិបតេយ្យភាពជាតិខ្មែរ ដាក់ក្រោមបាតជើងបរទេសដោយអំពាវនាវឱ្យបរទេស ដែលជាចៅហ្វាយនាយរបស់ខ្លួនដាក់សម្ពាធនយោបាយ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដាក់កម្ពុជាក្នុងបញ្ជីខ្មៅថែមទៀត។

បញ្ជីសមិទ្ធផលក្បត់ជាតិរបស់ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន នៅមានច្រើនទៀតខណៈដែលពួកគេទៅដល់ទីណាសម្អុយកេរ្តិ៍ឈ្មោះខ្មែរដល់ទីនោះ និងនិយាយអ្វីដែលអវិជ្ជមានពីកម្ពុជា និងត្រៀមលក់ក្បាលបរទេសជានិច្ចឱ្យតែបរទេសទាំងនោះផ្តល់ផលប្រយោជន៍ដល់ខ្លួន និងបក្ខពួកក្បត់ជាតិរបស់ខ្លួន។ លើសពីនេះ ក្រុមប្រឆាំងមានស្នាដៃល្អក្នុងការបំផ្លាញដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយដែលជាគោលការណ៍គ្រឹះដ៏សំខាន់នៃសិទ្ធិមនុស្ស។

ពួកគេអំពាវនាវមិនឱ្យពលរដ្ឋអនុវត្តសិទ្ធិបោះឆ្នោត ពួកគេហាមឃាត់ដល់សកម្មជនដែលចង់បានសម្បទា នយោបាយឡើងវិញ និងពួកគេបង្រៀនសកម្មជនរបស់ខ្លួន តស៊ូមតិតាមរយៈបដិវត្តន៍ពណ៌។ ពួកគេប៉ុនប៉ងឡើងកាន់អំណាចតាមរយៈបដិវត្តន៍ពណ៌មិនមែនតាមមធ្យោបាយប្រជាធិបតេយ្យ ហើយនិងធ្លាប់មានស្នាដៃក្នុងការបង្កចលាចល តាមរយៈបាតុកម្ម និងកុបកម្មប្រឆាំងនឹងមន្ត្រីរាជការសាធារណៈនិង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជនផងដែរ។ តាមរយៈសមិទ្ធផលបំផ្លាញជាតិជ្រកនៅក្រោមស្លាកការតស៊ូមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបង្ហាញយ៉ាងច្បាស់ថាក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី និងក្រុម បក្ខពួកគឺជា «សត្រូវរបស់ប្រជាជន» យ៉ាងពិតប្រាកដ។ វត្តមានរបស់ពួកគេនៅកន្លែងណា ការញុះញង់និង ការអុជអាល់ បញ្ឆេះកំហឹងនៅទីនោះ។ ពួកគេមានត្រឹមតែនយោបាយបំផ្លាញជាតិតែប៉ុណ្ណោះ។

សរុបមកវិញ នយោបាយកសាងនិងការពារជាតិរបស់សម្តេចតេជោ ហ៊ុន សែន បានវាយបំបាក់ នយោបាយបំផ្លាញជាតិ និងក្បត់ជាតិរបស់ក្រុមប្រឆាំង និងបកស្បែកចៀមចេញពីឆ្កែចចក សម រង្ស៊ី និង ក្រុមប្រឆាំងដែលគ្មានភាពស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ ក្រុមជនទុច្ចរិតជ្រកក្រោមស្លាកនយោបាយប្រឆាំងគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួកដោយមិនគិតពីផលប្រយោជន៍ជាតិទាំងមូល។

ពួកគេបម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេស ប៉ុន្តែបំផ្លាញចេតនាស្រឡាញ់សន្តិភាព និងស្ថិរភាពរបស់ប្រជាជនកម្ពុជា និងបំផ្លាញការអភិវឌ្ឍដែលកម្ពុជាមាន។

ប៉ុន្តែកម្ពុជាពិតជាមានសំណាងដែលចាប់តាំងពីឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើដើមទុន បានខិតខំប្រឹងប្រែងកសាងប្រទេស រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃ និងបន្តរីកចម្រើនទៅមុខទៀត ព្រម ទាំងបានពួតកម្លាំងសាមគ្គីការពារការវិលត្រឡប់មកវិញនៃរបបខ្មែរក្រហម និងបច្ចុប្បន្នបាននិងកំពុងតែទប់ស្កាត់ និងប្រឆាំងនឹងការប៉ុនប៉ងរបស់ក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី ដែលមានចេតនាទុច្ចរិត បំផ្លាញសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់កម្ពុជាក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្លែង ក្លាយដែលប្រើប្រាស់ដោយចៅហ្វាយនាយបរទេសរបស់ពួក។ កម្ពុជាត្រូវការរស់នៅក្នុងសុខសន្តិភាព និង ការអភិវឌ្ឍ និងត្រូវការអ្នកការពារជាតិ និងស្នេហាជាតិពិតប្រាកដ! មិនមែនក្រុមបំផ្លាញជាតិដូច សម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនឡើយ៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩