(តូក្យូ-ជប៉ុន)៖
ក្នុងជំនួបទ្វេភាគីជាមួយលោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានស្នើដល់ជប៉ុនពិចារណាបន្ដសិក្សាគម្រោងសាងសង់បណ្តាញអគ្គិសនី ដូចដែលបានពិភាក្សាកន្លងមកនេះ នៅតំបន់ព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងយ៉ាងដូច្នេះថា «ឆ្នាំនេះ កម្ពុជាមានការប្រឈមមុខនឹងកង្វះអគ្គិសនី ដោយសារអាកាសធាតុដែលធ្វើឲ្យវារីអគ្គិសនីកម្ពុជា យើងគ្មានទឹកគ្រប់គ្រាន់ ដូច្នេះស្នើឲ្យជប៉ុន ជួយពិចារណាសិក្សាអំពីបណ្តាញអគ្គិសនី ជាពិសេសការពិភាក្សាកន្លងមកនេះ រវាងអង្គការ Jica និងក្រសួងរ៉ែ និងថាមពល ដែលចុះធ្វើការសិក្សាពីព្រំដែនឡាវ-កម្ពុជា មករាជធានីភ្នំពេញ ដែលមានប្រវែង៣៥០គីឡូម៉ែត្រ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានរំលឹកទៀតថា គម្រោងសាងសង់បណ្តាញអគ្គិសនី ដែលជាការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនមកដល់កម្ពុជា ធ្វើឡើងដើម្បីទាញថាមពលអគ្គិសនីចេញពី ប្រទេសឡាវ ហើយក្នុងគោលបំណងបង្កើនថាមពលអគ្គិសនីក្នុងប្រទេសកម្ពុជាបន្ថែមទៀត ខណៈដែលការប្រើប្រាស់កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សូមរំលឹកថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជាបានជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុង ខែមេសា និងឧសភា កម្តៅហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឲ្យបណ្តាញអគ្គិសនីមិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្កាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនីពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ផងដែរ។

ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនីរហូតដល់ជាង ១,០០០មេហ្គាវ៉ាត់ទៀតឯណោះ៕