(កណ្ដាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល ចាប់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាព យកកាំបិតចាក់បុរសម្នាក់ផ្សេងទៀតបណ្ដាលឲ្យរងរបួស ព្រោះខឹងតាមស្រលាញ់ប្រពន្ធជនរងគ្រោះមិនបាន កាលពីពេលមិនទាន់រៀបការ។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្លូវលំស្ថិតក្នុងភូមិករគោ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
របាយការណ៍របស់អាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តការ ដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល កម្លាំងអាវុធហត្ថបានបើកការស្រាវជ្រាវករណីនេះភ្លាមៗ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ។
អាវុធហត្ថខេត្តកណ្ដាលបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ជួប កុងតាំង ហៅក្រៅ រ៉ានី អាយុ២៩ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិព្រៃសម្បុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយឡែក ជនរងគ្រោះឈ្មោះ សាវន ជីវ័ន្ត អាយុ២៧ឆ្នាំ មុខរបរបើកបរ ស្នាក់នៅភូមិកោះកបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសចំទ្រូងផ្នែកខាងស្តាំ និងក្បាលផ្នែកខាងក្រោយ ចាក់ដោយកាំបិតចុងស្រួច និងបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។
សមត្ថកិច្ចបានរៀបរាប់ថា មុនពេលកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូម្នាក់ឯង ចូលទៅទិញកូនកាំបិត០១ដើម ដាក់ជាប់ខ្លួនក្នុងបំណង ចាក់សម្លាប់ជនរងគ្រោះ ប៉ុន្តែពេលទៅដល់ផ្ទះមិនជួបជនរងគ្រោះ រួចក៏ជិះម៉ូតូមើលតាមផ្លូវព្រោះជនរងគ្រោះធ្លាប់ជិះទៅយកប្រពន្ធរាល់ថ្ងៃ។ ប៉ុន្តែពេលជិះទៅ មិនបានឃើញជនរងគ្រោះឡើយ បានជួបប្រពន្ធជនរងគ្រោះ (ជនសង្ស័យធ្លាប់តាមស្រឡាញ់) រូបនាងក៏មិនបាននិយាយស្តីជាមួយជនសង្ស័យដែរ។
ភ្លាមនោះនាងបានតេហៅប្តីឲ្យមក លុះប្តី (ជនរងគ្រោះ) មកបានដល់កន្លែងកើតហេតុ ជនសង្ស័យបានទាញកាំស្រួច ចាក់មកលើជនរងគ្រោះ ដោយមិនបានជជែកគ្នាឡើយ ជនសង្ស័យបានរត់គេចខ្លួន។ ក្រោយកើតហេតុសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការអាវុធហត្ថខេត្តកណ្តាល ជំនាញបានចុះធ្វើការស្រាវជ្រាវ ដោយឆន្ទៈយកចិត្តទុកដាក់ខ្ពស់ និងឈានដល់ការឃាត់ខ្លួនតែម្ដង។ នៅចំពោះមុខសមត្ថកិច្ចជនស្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ហើយបច្ចុប្បន្នជនសង្ស័យឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បន្តនីតិវិធី៕