(តូក្យូ, ជប៉ុន)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ ប្រកាសស្វាគមន៍ចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន នាយលរដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញកន្លងមក ក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួលដល់ធុរកិច្ចនៅកម្ពុជានេះ។ នេះបើតាមការបញ្ជាក់របស់លោក កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្ត្រី។

ការប្រកាសគាំទ្ររបស់នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅឱកាសដែលលោកជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន។ បើតាមលោក កៅ គឹមហួន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លោកនាយករដ្ឋន្រ្តីជប៉ុន បានលើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជានេះ លោកស្វាគមន៍។ លោកស្វាគមន៍ចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញកន្លងមក ក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួលដល់ធុរកិច្ចនៅកម្ពុជានេះ»

ជាមួយគ្នានេះដែរលោក អាបេ ស៊ីនហ៊្សូ ក៏បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន បន្តមានវិធានការផ្សេងៗទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានការប្រកួតប្រជែងនេះ ហើយស្នើសុំសម្តេចប្រើប្រាស់យន្តការ ប្រជុំគណៈកម្មកាកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយការប្រឈមរបស់ជនជាតិជប៉ុន ឬមួយប្រើប្រាស់យន្តការផ្សេងៗទៀតផងដែរ។

នាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ិនហ្ស៊ូ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលជាការចាប់អារម្មណ៍សំខាន់របស់ជប៉ុនគឺកំពង់ផែនៅខេត្តព្រះសីហនុ ដោយ ជប៉ុន ត្រៀមសហការជាមួយប្រទេសកម្ពុជា ជួយសិក្សាផែនការមេ សម្រាប់ផែ នៅប្រទេ សកម្ពុជា ហើយលោក បាន ស្វាគមន៍ចំពោះការពិភាក្សារវាងអង្គការ JICA និងកំពង់ផែនៅខេត្តព្រះសីហនុ។

ចំពោះការអភិវឌ្ឍធនធានមនុស្សវិញ នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាជប៉ុន គឺកំពុងតែយកចិត្តទុកដាក់ជួយ ទៅលើការបណ្តុះបណ្តាលធនធានមនុស្សនេះហើយ ដែលជានិច្ចកាលជប៉ុនតែងតែចូលរួមក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្ស ដល់កម្ពុជា ហើយពាក់ព័ន្ធនឹងការអភិវឌ្ឍនៅទីក្រុងភ្នំពេញវិញ ជប៉ុន បានផ្តល់ជំនួយមួយចំនួនដូចជាកម្ចី ហិរញ្ញប្បទានជាពិសេស គឺសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ហើយពាក់ព័ន្ធនឹងពលករមកធ្វើការនៅប្រទេសជប៉ុននេះ នឹងប្រើប្រាស់មជ្ឈមណ្ឌលវប្បធម៌ជប៉ុន តាមរយៈការផ្លាស់ប្តូរវប្បធម៌រវាងគ្នា៕