(ភ្នំពេញ)៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានឲ្យដឹងថា គម្រោងកែលម្អដៃច្រាំងទន្លេបាសាក់ ដើម្បីឲ្យច្រាំងខាងលិច ស្របជាមួយច្រាំងខាងកើត ក្នុងគោលបំណងបង្កើនសោភ័ណភាព និងឈានទៅស្ថាបនាផ្លូវថ្មើរជើងចាប់ពីតំបន់កោះពេជ្រ រហូតដល់គល់ស្ពានច្បារអំពៅនោះ ពុំមានការកែប្រែអ្វីនោះឡើយ ដោយរដ្ឋបាលរាជធានីភ្នំពេញ កំពុងតែសិក្សាដើម្បីអនុវត្តគម្រោងនេះ។

លោក ម៉េត មាស ភក្តី តាមរយៈអង្គភាពព័ត៌មាន Fresh News សូមប្រកាសអំពាវដល់សាធារណជនឲ្យដឹងថា សូមកុំមានការសង្ស័យពីសកម្មភាពទាំងឡាយរបស់អាជ្ញាធរ តាមរយៈការបង្ហោះវីដេអូរបស់គណបក្សពន្លឺថ្មី ដែលចោទប្រកាន់ថា អាជ្ញាធរបើកដៃឱ្យមានចាក់ដីតាម ដៃទន្លេបាសាក់ នៅមុខផ្សារទំនើបអ៉ីអន គឺថាអាជ្ញាធររាជធានីភ្នំពេញ បានកំពុងអនុវត្តគម្រោងដដែលដែលពុំមានការប្រែប្រួលឡើយ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា សូមប្រជាពលរដ្ឋត្រូវមានទំនុកចិត្តទៅលើអាជ្ញាធររាជធានីភ្នំពេញ គឺអាជ្ញាធរអត់មានការប្រែប្រួលអ្វី ក្រៅពីការបញ្ចេញប្លង់ ជម្រាបជូននិងសេចក្តីប្រកាសព័ត៌មាននោះទេ។ អាជ្ញាធរនឹងធ្វើសួនច្បារ ផ្លូវថ្មើជើង ព្រមទាំងដាក់ភ្លើងដើម្បីបំភ្លឺ ហើយនៅចំពោះមុខអាជ្ញាធរបានជីកស្តារផ្លូវទឹកដែលកំពុងតែមាន ស្រាប់ឱ្យមានលក្ខណៈល្អប្រសើរជាងមុន ដើម្បីឱ្យចរន្តទឹកហូរបានល្អជាបណ្តោះអាសន្ន និងចំពោះមុខផងដែរ។

លោក ម៉េត មាស ភក្តី ក៏បានអំពាវនាវសូមកុំឱ្យប្រជាពលរដ្ឋនានា មានការភាន់ច្រឡំទៅលើការលើកឡើងពីសំណាក់បុគ្គល ឬក្រមណាមួយដោយមានការចោទប្រកាន់មកលើ អាជ្ញាធរថា មិនអនុវត្តតាមសេចក្តីជូនដំណឹងលើបញ្ហាចាក់ដីតាមដៃទន្លេបាសាក់។

បន្ថែមពីនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់បន្ថែមថា សូមកុំមានការព្រួយបារម្ភគឺអ្វីៗដូចនៅក្នុងប្លង់ ដូច្នេះអាជ្ញាធរនឹងធ្វើការរៀបចំផ្លូវទឹករហូតដល់៥៥ម៉ែត្រ ប៉ុន្តែនៅចំពោះគឺអាជ្ញាធរត្រូវតែរក្សាទំនប់ ដើម្បីដាក់គ្រឿងចក្រចូលក្នុងការបុកស៊ីផាយទប់ដីធ្វើច្រាំងទន្លេ ក្នុងលក្ខណៈបច្ចេកទេស។ ដូច្នេះនៅចំពោះគឺសម្លឹងមកឃើញ ស្ថានភាពអញ្ចឹងហើយ ប៉ុន្តែទៅមុខទៀតនឹងធ្វើឱ្យទំហំចរន្តផ្លូវទឹកមានទំហំរហូតដល់៥៥ម៉ែត្រ ដូចប្លង់គំនូសដែលសាលារាជធានីភ្នំពេញបានផ្តល់ជូន។

សូមជំរាបថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ សាលារាជធានីភ្នំពេញធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានថា «កុំឱ្យបងប្អូនប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនថា ការចាក់បំពេញដីនេះ គឺក្នុងគោលបំណងកែលំអថ្នាំងដៃទន្លេបាសាក់ ឱ្យប្រាំងខាងលិចស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ដល់គល់ស្ពានព្រះមុនីវង្ស (ហៅស្ពានច្បារអំពៅ) ដូចមានគំនូសប្លង់ភ្ជាប់មកជាមួយ»