(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅកាន់ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន ឱ្យជួយជំរុញវិនិយោគិនជប៉ុន ទៅបណ្តាក់ទុននៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ខណៈដែលកម្ពុជាកំពុងតែបង្កលក្ខណៈកាន់តែល្អប្រសើរសម្រាប់អ្នកវិនិយោគ។
សំណើផ្ទាល់មាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបំពេញបេសកកម្ម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមវេទិកា «អនាគតរបស់អាស៊ី»។
លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នៅក្នុងជំនួបនោះ សម្តេចតេជោ បានស្នើឱ្យប្រទេសជប៉ុន បន្តជួយធ្វើយ៉ាងណារុញសេចក្តីទុកចិត្តឱ្យវិនិយោគិនជប៉ុន ទៅវិនិយោគបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើនទៀត។
លោកបានបន្តថា ក្រៅពីនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងស្នើឱ្យប្រទេសជប៉ុន បន្តជួយដោះមីននៅប្រទេសកម្ពុជា ជាពិសេសជួយផ្តល់ជំនួយដល់អង្គការស៊ីម៉ាក់ (CMAC) ដើម្បីធ្វើសកម្មភាព ដោះមីននៅខេត្តធំៗ៣ មានបាត់ដំបង ប៉ៃលិន ពោធិសាត់ ផងដែរដោយសារតែវាបានបន្តគំរាមកំហែងដល់ការអភិវឌ្ឍនៅតំបន់នេះ។
ជាការឆ្លើយតប លោក អាបេ ស៊ីនហ្សូ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ពាក់ព័ន្ធនឹងការវិនិយោគរបស់ជប៉ុន នៅកម្ពុជានេះ លោកស្វាគមន៍នូវសំណើរបស់សម្តេចតេជោ ហ៊ុន សែន។ ជាមួយគ្នានវ លោកស្វាគមន៍ចំពោះវិធានការរបស់សម្តេចតេជោ ហ៊ុន សែន ដាក់ចេញកន្លងមក ក្នុងការកាត់បន្ថយចំណាយ បង្កបរិយាកាសងាយស្រួល ដល់ធុរកិច្ចនៅកម្ពុជានេះ។
លោកនាយករដ្ឋមន្រ្តីជប៉ុន បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន បន្តមានវិធានការផ្សេងៗទៀត ដើម្បីឱ្យប្រទេសកម្ពុជា មានការប្រកួតប្រជែងនេះ ហើយក៏បានស្នើសុំសម្តេចប្រើប្រាស់យន្តការ ប្រជុំគណៈកម្មកាកម្ពុជា-ជប៉ុន ដើម្បីដោះស្រាយការប្រឈមរបស់ជនជាតិជប៉ុន ឬមួយប្រើប្រាស់យន្តការផ្សេងៗថែមទៀត។
សូមជម្រាបថា ធការវិនិយោគទុនជប៉ុននៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ គម្រោងវិនិយោគជប៉ុននៅកម្ពុជា មានសរុបចំនួន ១៣៧គម្រោង ដែលមានទុនសរុបចំនួន ២,៤៨៦លានដុល្លារអាមេរិក។ ក្នុងនោះ ឆ្នាំ២០១៦ ទុនវិនិយោគមានចំនួន ៨២២លានដុល្លារ, ឆ្នាំ២០១៧ មានទុនវិនិយោគចំនួន ៦៣លានដុល្លារ និងឆ្នាំ២០១៨ មានទុនវិនិយោគចំនួន ៨៨៣លានដុល្លារ។
គម្រោងវិនិយោគរបស់ជប៉ុន មាននៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ មេនហាតធេនបាវិត តាយសេងបាវិត ដ្រេហ្គន់យើងបាវិត កំពង់ផែក្រុងព្រះសីហនុ សានកូប៉ោយប៉ែត និងនាងកុកកោះកុង៕