(ភ្នំពេញ)៖ ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង។
សារប្រតិកម្ម និងរិះគន់បានធ្លាក់មកជាបន្តបន្ទាប់ និងព្រោងព្រាត ក៏ដោយសារតែមន្រ្តីនគរបាលរូបនេះ ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌធ្វើការដោះលែងទៅវិញ ដោយមិនបានបញ្ជូនទៅកាន់តុលាការ ដើម្បីឲ្យទទួលទោសនោះទេ។ សម្រាប់ប្រជាពលរដ្ឋវិញ បានចាត់ទុកថា ករណីនេះជានិទណ្ឌភាពមួយ ដែលគួរនាំលុបបំបាត់ និងយកច្បាប់ជាធំ, នរណាប្រព្រឹត្តខុសត្រូវតែទទួលទោសតាមច្បាប់។
ប្រជាពលរដ្ឋខ្លះទៀត បានបញ្ចេញយោបល់ដោយលើកយកទ្រឹស្តី នៅក្នុងរឿងតុលាការមុខដែក (រឿងប៉ាវចិន) មកដាក់ថា «បង្កើតច្បាប់មកធ្វើអ្វី បើមិនអាចអនុវត្តចំពោះអ្នកធំនោះ?»។ ក្រៅពីប្រជាពលរដ្ឋ និងអ្នកលេងបណ្តាញសង្គមយក្សមួយនេះ សម្រាប់អ្នកនយោបាយវិញ ក៏មិនអាចទ្រាំនឹងចំណាត់របស់ សមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌនោះទេ ដោយមិនព្រមកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ បែរជាដោះលែងឲ្យត្រឡប់ទៅផ្ទះវិញយ៉ាងដូច្នេះ។
Comment របស់ប្រជាពលរដ្ឋយ៉ាងដូច្នេះ៖ «និយាយ ដោយឥតខ្មាស ថាច្រលំ ហើយជាមន្រីរាជកា ទៀត ពិតជាហួសថ្លែង» «ល្មមដឹងខ្លួនហើយ ហួសចិត្តឃើញច្បាស់ប៉ុណ្ណឹងហើយនៅក្រឡាស ថាច្រលំយកកើត បោកបានតែក្មេងបៀមដៃទេលោក» «ដកតួនាទីចោលទៅ ខ្មាស់ប្រជាជន ទុកនៅធ្វើអ្វី ខូច នគរបាលគេល្អៗអស់ហើយ» និងជាច្រើនទៀត...។ល។
ករណីដោះលែងនេះក៏មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន និងមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀត បានទូរស័ព្ទមកជាបន្តបន្ទាប់មកកាន់អង្គភាពព័ត៌មាន Fresh News ថា ហេតុអ្វីបកស្រាយ និងអនុវត្តន៍យ៉ាងដូច្នេះទៅវិញ ដែលនាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទៀតផង។
មន្រ្តីជាន់ខ្ពស់ទាំងនោះ បានផ្តល់យោបល់ថា ហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ។
លោក ពេជ្រ ស្រស់ សមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃនេះបានបាញ់សារមួយជូននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចំពោះចំណាត់ការដ៏ស្រាលនេះ ទៅមន្រ្តីនគរបាលដែលប្រព្រឹត្តបទល្មើស។
លោក ពេជ្រ ស្រស់ ដែលតែងតែបានចូលរួមឈឺឆ្អាលករណីអយុត្តិធម៌នោះ បានបញ្ចេញទស្សនៈ និងសារនៅលើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «ករណីនេះមិនត្រូវបញ្ចប់ដោយបែបនេះទេ ពីព្រោះទង្វើនេះ គឺជាទង្វើបន្ថោកបន្ទាបដល់កេរ្តិ៍ឈ្មោះ មន្រ្តីប៉ូលីសផ្សេងទៀត ហើយក៏ឲ្យមហាជនអស់ជំនឿលើ អ្នកអនុវត្តន៍ច្បាប់ផងដែរ ដូច្នេះគឺក្នុងនាមរូបខ្ញុំ ជាអ្នកឃ្លាំមើលការអនុវត្តន៍ច្បាប់ ខ្ញុំសូមស្នើដល់ឯកឧត្តម នេត សាវឿន និងអ្នកអនុវត្តន៍ច្បាប់ដទៃទៀត សូមចាត់ការបុគ្គលនេះ តាមវិន័យច្បាប់ឲ្យបានតឹងរឹងបំផុត ដើម្បី ធានាបាននូវ ការពង្រឹងអំណាចច្បាប់ និងលើកមុខមាត់ នៃស្ថាប័នកងកម្លាំងឡើងវិញ»។
សូមបញ្ជាក់ថា មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។
សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ក្រោយពីបានបង្ហោះវីដេអូ នៃការលួចបន្លំ iPad ខាងលើនេះ នាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីមហាជននៅលើបណ្តាញសង្គម Facebook នោះស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ ម្ចាស់ Account «leakhenana Jeanana» បានលុបចោលវីដេអូនេះចេញបាត់ ហើយបានបង្ហោះខ្លឹមសារថ្មីថា ជាការយល់ច្រឡំទៅវិញ។
មហាជននៅតែមានជំនឿចិត្តថា មន្រ្តីនគរបាលរូបនេះ នឹងត្រូវរងការកាត់ទោសពីច្បាប់ជាក់ជាមិនខាន បើមិនកាត់ទោសគេទេនោះច្បាប់ក៏គ្មានតម្លៃដែរ៕