(ព្រះសីហនុ)៖ រោងចក្រថាមពលអគ្គិសនីធ្យូងថ្ម កម្លាំង១០០មេហ្គាវ៉ាត់ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ ជាផ្លូវការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ និងលោក ស្សី លឺជាំង (XU LEJIANG) អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសចិន។
លោក ZHOU HAIJIANG ប្រធានក្រុមហ៊ុន «ហូដូគ្រុប» បានថ្លែងថា រយៈពេល១០ឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានអភិវឌ្ឍន៍លើផ្ទៃដី៥គីឡូម៉ែត្រការ៉េ ក្នុងដំណាក់កាលទីមួយទាក់ទាញសហគ្រាសមកពីប្រទេសចិន អឺរ៉ុប និងបណ្ដាប្រទេស ក្នុងតំបន់អាស៊ានមានចំនួន១៦១សហគ្រាស ស្រូបយកកម្លាំងពលកម្មចំនួន ២៩,០០០នាក់ ដែលមានចង្វាក់ផលិតកម្ម មានដូចជាសម្លៀកបំពាក់ កាបូប និងវ៉ាលិស សម្ភារសំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះបាយជាដើម។
តំបន់សេដ្ឋកិច្ចពិសេសបានធ្វើការអភិវឌ្ឍដំណាក់កាលទី២ គម្រោងរោងចក្រថាម ពលអគ្គិសនីធ្យូងថ្ម ដោយដំឡើងឡចំហាយ៥ និងប្រព័ន្ធម៉ាស៊ីនភ្លើង៤ អាចផលិតថាមពលអគ្គិសនីបាន ១០០មេហ្គាវ៉ាត់។ ក្នុងដំណាក់កាលទី១ រោងចក្រអគ្គិសនីដំឡើងឡចំហាយ៣ និងប្រពន្ធ័ម៉ាស៊ីនភ្លើង២។ ក្រោយបញ្ចប់ដំណាក់កាលទី១ រោងចក្រអគ្គិសនីធ្យូងថ្ម អាចផ្គត់ ផ្គង់ថាមពលអគ្គិសនីបាន១៩០លានគីឡូវ៉ាត់ និងថាមពលកម្តៅចំនួន៥៤ម៉ឺនតោន។
លោកបានបន្តថា រោងចក្រអគ្គិសនីធ្យូងថ្ម ធានាបាននូវស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលកម្ដៅ និងថាមពលអគ្គិសនីក្នុងតំបនសេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ វាបានជួយលើកស្ទួយរចនាសម្ព័ន្ធអាជីវកម្ម និងពង្រីកទំហំអាជីវកម្ម ខ្សែចង្វាក់ផលិតកម្ម លើកកម្ពស់ ប្រសិទ្ធភាពនៃការប្រកួតប្រជែងក្នុងតំបន់ ជំរុញការកសាងសេដ្ឋកិច្ចពិសេសដំណាក់កាលទី២ ដើម្បីជំរុញកសាងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ក្លាយជាគម្រោងឈ្នះឈ្នះនៃ «ខ្សែក្រវាត់មួយ ផ្លូវមួយ»។
ក្នុងឱកាសនោះ លោក យន្ត មីន ក៏បានចូលរួមចែកការតាបស្ពាយជូន ដល់សិស្សានុសិស្សក្នុងទិវាកុមារអន្តរជាតិ ០១ ឧសភាផងដែរ៕