(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ឌីយ៉ូនីស្យូ ដា កូស្តា បាបូ ស័ររ៉េស (Dionisio da Costa Babo Soares) រដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញទស្សនៈកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ ២០១៩ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី៣១ ខែឧសភានេះ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា នៅក្នុងអំឡុងពេលទស្សនៈកិច្ចនេះ លោករដ្ឋមន្រ្តីការបរទេសទីម័រខាងកើត មានគម្រោងចូលជួបសម្តែងការគួរសមដោយឡែកពីគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោយពីជំនួបសម្តែងការគួរសម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងទទួលជួបពិភាក្សាទ្វេភាគីជាមួយសមភាគីទីម័រ ស្តីពីវិស័យកិច្ចសហប្រតិបត្តិការផ្សេងៗ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍រួម ព្រមទាំងបញ្ហាបេក្ខភាពទីម័រខាងកើត ចូលជាសមាជិកអាស៊ាន៕
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា៖