(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ បានរៀបចំពិធីប្រគល់រង្វាន់ជូនដល់ជយ័លាភី១៥រូប នៅក្នុងការប្រកួតស្នាដៃវីដេអូខ្នាតខ្លីស្តីអំពី «សន្យាជួបគ្នានៃទន្លេឡានឆាង-មេគង្គ»។

កម្មវិធីនេះបានប្រព្រឹត្តិទៅ ក្រោមអធិបតីភាពលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា, លោក ច័ន្ទ សុវណ្ណារ៉េត អគ្គលេខាធិការនៃសមាគមមិត្តភាពកម្ពុជា-ចិន, លោក ហ្វិង ហ៊ុយ នាយកគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជា-ចិន, លោកស្រី Xie Yue នាយកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន Huawei កម្ពុជា និងលោកស្រី Feng Limei នាយកហិរញ្ញវត្ថុនៃក្រុមហ៊ុនទូរទស្សន៍ឌីជីថល កម្ពុជា ប្រព្រឹត្តិទៅនៅក្នុងស្ថានទូតចិនប្រចាំកម្ពុជា រាជធានីភ្នំពេញ។

វីដេខ្នាតខ្លីដែលដាក់មកប្រកួតប្រជែងទាំងអស់នេះមានរយៈពេល១នាទី។ ជយ័លាភីទាំង១៥រូប រួមមាន៖
A-ជយ័លាភីពិសេស គឺ បេក្ខជន Yoeur Chantha ទទួលបាន កាមេរ៉ាឌីជីថល ចំនួន១គ្រឿង (តម្លៃ១០០០$)និង វិញ្ញាបនបត្រ។
B-ជយ័លាភីលេខ ១ គឺ បេក្ខជន Qin Chunzhi និង បេក្ខជន Zharon Sokry ទទួលបានទូរស័ព្ទដៃម៉ាកហួវៃ ចំនួន១គ្រឿង (តម្លៃ ៦៦៦$ក្នុងមួយគ្រឿង) និង វិញ្ញាបនបត្រ។
C-ជយ័លាភីលេខ ២ គឺ បេក្ខជន Wang Yu Yu, បេក្ខជន Thea Sothun, បេក្ខជន Kin Chantol និងបេក្ខជន Phan Chansey ទទួលបានសំបុត្រយន្តហោះភ្នំពេញ-ក្វាងចូវ (តម្លៃ៣០០$ក្នុងមួយឈុត) ទៅវិញទៅមក១ឈុត និង វិញ្ញាបនបត្រ។
D-ជយ័លាភីលេខ៣ គឺ បេក្ខជន Chen Gang , បេក្ខជន Zhang Shijie , បេក្ខជន Li Yuhui , បេក្ខជន Luy Sethy , បេក្ខជន Virak Runrasmey , បេក្ខជន Aaron Lau, បេក្ខជន Li Zhen និង បេក្ខជន Phan Yasy ទទួលបានកាមេរ៉ាចល័ត ចំនួន១គ្រឿង (ក្នុង១គ្រឿងតម្លៃ២០០$) និង វិញ្ញាបនបត្រ។

ការប្រកួតប្រជែងនេះ ធ្វើឡើងដើម្បីស្វាគមន៍ ដល់ខួបនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ឆ្នាំ២០១៩ និង ដើម្បីស្វែងយល់ឱ្យបានកាន់តែប្រសើរ និងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គនេះ។

«សន្យាទន្លេឡានឆាង- មេគង្គ» គឺជាប្រធានបទសំខាន់របស់វីដេអូប្រកួត ដែលមានគោលដៅបង្ហាញអំពី មនោសញ្ចេតនាដ៏ជ្រាលជ្រៅស្ថិតនៅក្រោមបរិបទ «ផឹកទឹកទន្លេតែមួយ មិត្តភាព និង មនោសញ្ចេតនាជិតស្និទ្ធនឹងគ្នា ទាំងវិសយ័វប្បធម៌ កីឡា និងសេដ្ឋកិច្ចជាដើម-ល-»។ ទន្លេឡានឆាង មានប្រភពមកពីតំបន់ឈីងហាយប្រទេសចិន បានបន្តហូរចុះមកក្រោមកាត់តាមប្រទេសចំនួន៥នៃតំបន់អាស៊ីអាគ្នេយ៍ដែលរួមមាន កម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។នៅអាស៊ីអាគ្នេយ៍ទន្លេឡានឆាង ត្រូវបានប្រសិទ្ធិនាមថា «ទន្លេមេគង្គ»។

ទន្លេឡានឆាងនិងទន្លេមេគង្គ បានធ្វើឱ្យប្រទេសទាំង៦ តភ្ជាប់គ្នា រួមដង្ហើមជាមួយគ្នា និងចាប់ដៃប្រកៀកស្មាគ្នា ដើម្បីអភិវឌ្ឍន៍រួមគ្នា យ៉ាងសស្រាក់សស្រាំ។ កិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គគឺជាយន្តការនៃកិច្ចសហប្រតិបត្តិការអនុតំបន់ទម្រង់ថ្មីនៃការកសាងនិងដាក់ចេញរួមគ្នារវាងប្រទេសចិន និងប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម។

ចាប់តាំងពី កិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ត្រូវបានបង្កើតយន្តការដោយខ្លួនឯងមក វាត្រូវបានបំពេញតួនាទីជាវិជ្ជមាន ចំពោះការបង្កើត ការអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ទន្លេឡានឆាង-មេគង្គ ដោយរួមគ្នាបង្កើតសហគមន៍វាសនាប្រទេសទន្លេឡានឆាង-មេគង្គ បង្កើននូវសុវភមង្គលរបស់ប្រជាជននៃបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ ព្រមទាំងបានរក្សានិងជំរុញនូវស្ថេរភាពអភិវឌ្ឍន៍ និងសន្តិភាពក្នុងតំបន់ផងដែរ។

ក្នុងឱកាសនោះដែរ លោក Wang Wentian បានមានប្រសាសន៍ថា ក្នុងស្ថានទូតចិន លោកសូមសម្តែងនូវការអបអរសាទរ ចំពោះជ័យលាភីទាំងអស់ និងអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានសហការរៀបចំកម្មវិធីនេះឡើង។ លោក Wang Wentian ជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងចូលរួមជំរុញកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង ដែលជាយន្តការបែបថ្មី មានប្រទេសទាំង៦កំពុងផ្តល់ផលប្រយោជន៍រួមគ្នាកាន់តែទូលំទូលាយ លើគ្រប់វិស័យធ្វើឲ្យមានថាមពលថ្មី សម្រាប់ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជា ជាពិសេស ផ្តល់ផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជន។

លោក Wang Wentian បញ្ជាក់ថា សម្រាប់សប្តាហ៍មេគង្គ-ឡានឆាង ក្រៅពីការប្រកួតវីដេអូខ្នាតខ្លីនេះក៏មានកម្មវិធីផ្សេងៗទៀត ដែលប្រទេសជាសមាជិកទាំង៦រៀបចំឡើង ក្នុងរួមមានទាំង វេទិការសាធារណ ការប្រកួតកីឡាបាល់ទាត់ផងដែរ ជាពិសេស កម្មវិធីប្រកួតវីដេអូនេះទទួលការគាំទ្រយ៉ាងទូលំទូលាយពីភាគិចិននិងកម្ពុជា មានមនោសចេនាយ៉ាងជ្រាលជ្រៅពីគ្រប់ភាគី។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាយុទ្ធនាការ នៃកិច្ចសហប្រតិបត្តិការអនុតំបន់បែបថ្មី ដែលប្រទេសទាំង៦ នៅតាមបណ្តោយតំបន់ទន្លេឡានឆាង-មេគង្គ បានចរចាគ្នារួម កសាងរួម និងចែករំលែករួម និងមិនគ្រាន់តែបង្រួមគម្លាតគ្នា រវាងប្រទេសនៅក្នុងប្រទេសអាស៊ាននោះទេ ព្រមទាំងបានផ្តល់ថាមពលថ្មី សម្រាប់សហរណកម្មរបស់អាស៊ានទាំងមូលផងដែរ៕