(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការ បានណែនាំ និងក្រើនរំលឹកដល់សមត្ថកិច្ចមូលដ្ឋានទាំងអស់ ត្រូវតែសហការជាមួយ ភ្នាក់ងារសន្ដិសុខឯកជនដែលកំពុងឈរជើងការពារតាមគោលដៅនៅមូលដ្ឋាននោះ ដើម្បីទទួលបានព័ត៌មានពីសកម្មភាពរបស់ជនល្មើស និងងាយស្រួលក្នុងការស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែង។
នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន លើកទី១៦ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ដែលមានការចូលរួមពីភ្នាក់ងារសន្ដិសុខ មកពីសហគ្រាស គ្រឹះស្ថាន និងបុរី ប្រមាណជិត២០០នាក់។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន រូបនេះបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅសមត្ថកិច្ចមូលដ្ឋានទាំងអស់ មេត្តាចាត់ទុកភ្នាក់ងារសន្ដិសុខឯកជន ជាសហការីដ៏ល្អ កុំពេលគេយកចោរទៅឲ្យអត់ចង់ទទួល។ ប៉ុន្ដែបើទោះបីមានខ្លះមានឆកល្វែងក្ដី ភ្នាក់ងារសន្ដិសុខឯកជន ត្រូវទៅទាក់ទៅលេខទូរស័ព្ទរបស់នគរបាលគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីសហការផងដែរ»។
បើតាមលោកឧត្តមសេនីយ៍ លឹម សុខារស្មី, អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វិស័យសន្តិសុខឯកជន ក៏ជាវិស័យដ៏សំខាន់មួយ ដែលត្រូវចូលរួមចំណែកយ៉ាងសកម្ម ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការពារផលប្រយោជន៍ជាតិ និងការអភិវឌ្ឍប្រទេសជាតិ ព្រោះភ្នាក់ងារសន្តិសុខ ជាកម្លាំងជំនួយក្នុងការជួយឃាត់ជនល្មើស ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្រគល់ជននោះឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ទៀតថា ដើម្បីឲ្យភ្នាក់ងារសន្តិសុខឯកជន ពោរពេញទៅដោយសមត្ថភាពពេញលេញ អគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងខិតខំធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវតែមានសមត្ថភាព ចំណេះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ ដល់វិស័យនេះឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
ប្រធាននាយកដ្ឋានរូបនេះ បានអះអាងទៀតថា ភ្នាក់ងារសន្តិសុខឯកជន ពុំមែនមានតួរនាទី ត្រឹមតែជាអ្នកការពារទ្រព្យសម្បត្តិឯកជន ឬសហគ្រាស គ្រឹះស្ថានឯកជនប៉ុណ្ណោះទេ តែក៏មានកាតព្វកិច្ចចូលរួមការពារទ្រព្យសម្បត្តិ សាធារណសន្តិសុខសង្គម និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ ជាពិសេស មានតួនាទីជា កម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច។ ប្រសិនបើខ្លួនបានឃើញ ឬសង្ស័យលើសម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
លោកសង្ឃឹមជឿជាក់ថា សិក្ខាកាមទាំងអស់ដែលបានរៀនសូត្រ និងក្រេបយកចំណេះដឹង បានច្រើនអំពីពួកគាត់ទៅតាមប្រធានបទនីមួយៗ ហើយប្រធានបទទាំងអស់នោះ គឺសុទ្ធតែមានសារសំខាន់បំផុតក្នុងការអនុវត្តប្រចាំថ្ងៃ ដូចជាវិធីសាស្ត្រការពារគោលដៅ ការការពារ និងថែរក្សាសុវត្ថិភាព នៅកន្លែងកើតហេតុ និងការយល់ដឹងអំពីក្រមនីតិវិធីព្រហ្មទណ្ឌ និងប្រភេទនៃបទល្មើស ជាដើម ។
រយៈពេល០២ថ្ងៃនេះ លោកជឿជាក់ថា សិក្ខាកាមទាំងអស់បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ អស់កម្លាំងកាយចិត្ត ហើយទទួលបានចំណេះដឹងជាច្រើន ដើម្បីយកទៅបំពេញតួនាទីរបស់ខ្លួនបម្រើផលប្រយោជន៍សង្គមជាតិក្នុងផ្លូវវិជ្ជមាន ឲ្យបានសមស្របតាមក្រមសីលធម៌វិជ្ជាជីវៈរបស់សន្តិសុខឯកជន និងអនុលោមទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លើសពីនេះ លោកឧត្តមសេនីយ៍ លឹម សុខារស្មី បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជន យកចំណេះដឹងដែលទទួលបានពេលនេះ ទៅផ្សព្វផ្សាយ និងចែករំលែកបន្តឲ្យបានយល់អំពីសារៈសំខាន់ នៃការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខសង្គម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ
ភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល៕