(ភ្នំពេញ)៖ សន្និសីទសារព័ត៌មាន ស្ដីពីការប្រារព្ធទិវាយោគៈអន្តរជាតិលើកទី៥ (5th International Day of YOGA) ដែលបានធ្វើឡើងនៅស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ, ស្ថានទូតឥណ្ឌាបានបញ្ជាក់ថា ទិវានេះនឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។
ព្រឹត្តិការណ៍នេះ បើកជូនជាសាធារណៈ អ្នកចូលរួមអាចចុះឈ្មោះជាមុនចាប់ពីថ្ងៃទី១០ ខែមិថុនាតទៅ ដើម្បីទទួលបានអាវយឺតយោគៈដ៏ស្រស់ស្អាត ដោយឥតគិតថ្លៃ (សរុប ២,៥០០អាវ) ដែលឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata Co. Ltd តាមរយៈគេហទំព័រ https://register.smart.com.kh/ ឬអាចចូលទៅមើលព័ត៌មាននានា នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី ម៉ានីកា ជេន បានឲ្យដឹងថា ព្រឹត្តិការណ៍យោគៈអន្តរជាតិ លើកទី៥នេះ នឹងធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ហើយនៅថ្ងៃដដែលនោះ ព្រឹត្តិការណ៍នេះ ក៏នឹងត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ទល់មុខប្រាសាទអង្គវត្ត។ ចំណែកនៅខេត្តព្រះសីហនុ (ឆ្នេរសុខា) និងខេត្តបាត់ដំបង (មុខសាលាខេត្តបាត់ដំបង) នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩។
លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះការអប់រំសុខភាពប៉ុណ្ណោះទេ តែបានផ្តល់ការអប់រំផ្លូវចិត្តអារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព ដែលជាព្រឹត្តិការណ៍ទាក់ទាញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាមួយដ៏សំខាន់។
លោកបន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ កម្ពុជាទទួលបានផលចំណេញច្រើនលើផ្នែកផ្សព្វផ្សាយទាំងក្នុងស្រុក និងអន្តរជាតិ ដោយមិនចាំបាច់ចំណាយថវិកាច្រើន។ តាមរយៈព្រឹត្តិការណ៍ដ៏សំខាន់នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ នៅឆ្នាំ២០២០។
លោក អ៊ុក ដាវិន អនុប្រធាននាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន បានបញ្ជាក់ថា ក្រសួងអប់រំនឹងរៀបចំឲ្យមានសិស្សានុសិស្សក្នុងរាជធានី-ខេត្តទាំងបួននេះ ចូលរួមក្នុងព្រឹត្តិការណ៍យោគៈអន្តរជាតិឲ្យបានច្រើនកុះករ ព្រោះព្រឹត្តិការណ៍ដ៏ធំនេះ បានចូលរួមអប់រំសុខភាព ផ្តល់ការអប់រំផ្លូវចិត្ត ធ្វើឲ្យស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព ដែលជាវិធីដ៏ល្អមួយអប់រំទាំងផ្លូវកាយ និងផ្លូវចិត្តដល់ពួកគេ។
សូមជម្រាបថា យោគៈ (YOGA) មានដើមកំណើតនៅភាគខាងជើងប្រទេសឥណ្ឌា តាំងពី៥ពាន់ឆ្នាំមុនមកម៉្លេះ ដែលត្រូវបានកែច្នៃ និងអភិវឌ្ឍន៍ពីមួយជំនាន់ទៅមួយជំនាន់។ នៅខែធ្នូ ឆ្នាំ២០១៤ អង្គការសហប្រជាជាតិ (UN) បានប្រកាសជាផ្លូវការកំណត់យកថ្ងៃទី២១ ខែមិថុនា គឺជាទិវាយោគៈអន្តរជាតិ ដែលត្រូវប្រារព្ធក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក៕