0(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាលើអនុស្សារណៈនៃកិច្ចព្រមព្រៀង (MoU) ជាមួយអង្គការចំនួន៤ ក្នុងទំហំទឹកប្រាក់ជាង ២លានដុល្លារ ប្រើប្រាស់ក្នុងរយៈពេល ៣ឆ្នាំ ដើម្បីជួយក្នុងវិស័យសង្គមកិច្ច ជាពិសេសផ្តោតសំខាន់លើការជួយដើម្បីជួយជនមានពិការភាពក្រីក្រ និងសម្រាប់ជួយដល់ការស្តារអ្នកញៀន គ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃកិច្ចព្រមព្រៀង (MoU) នាពេលនេះ បានរៀបចំឡើងនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច។ ការចុះ MoU នេះ ធ្វើឡើងក្នុងគោលបំណងជួយលើកកម្ពស់លើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា ជាពិសេសផ្តោតសំខាន់លើការជួយជនមានពិការភាព ដែលមានជីវភាព ខ្វះខាត និងក្រីក្រនៅទូទាំងប្រទេស និងសម្រាប់ជួយដល់ការស្តារអ្នកញៀនគ្រឿងញៀនជាដើម។
នៅក្នុងពិធីចុះហត្ថលេខាលើ អនុស្សារណៈនៃកិច្ចព្រមព្រៀងខាងលើ មានការអញ្ជើញចូលរួមពី លោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ថ្នាក់ដឹកនាំអង្គការទាំង៤ រួមនឹងមន្រ្តីរាជការពាក់ព័ន្ធ របស់ក្រសួងសង្គមកិច្ចជាច្រើនរូបទៀតចូលរួមផងដែរ។
អង្គការទាំង៤នោះរួមមាន៖
*ទី១៖ អង្គការជនពិការកម្ពុជា ( CDPO) មានទឹកប្រាប់ចំនួន ៨៦១, ៩៨៥ ដុល្លារសហរដ្ឋអាមេរិក
*ទី២៖ អង្គការសេវាកម្មអភិវឌ្ឍន៍ជ នពិការ (DDSP) ២៦៩,០៣៩ ដុល្លារសហរដ្ឋអាមេរិក
*ទី៣៖ អង្គការអេពិតអាត ២៤៩, ០៨៦ ដុល្លារសហរដ្ឋអាមេរិក
*ទី៤៖ អង្គការអាសម ប្លីអូហ្វហ្កត ជាង១លានដុល្លារសហរដ្ឋអាមេរិក
លោក តូច ចាន់នី តំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការចូលរួមសហការរបស់អង្គការដៃគូ ពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់វិស័យសង្គមកិច្ចនៅកម្ពុជា។
ជាមួយគ្នានោះ លោក តូច ចាន់នី បានស្នើឲ្យក្រុមការងារក្រសួង និងអង្គការ ដែលសហការ នាពេលនេះរួមគ្នា ដើម្បីធ្វើការងារ ដោយយកចិត្តទុកដាក់ឲ្យខ្លាំងបំផុត តាមដែលអាចធ្វើ បាន។ សម្រាប់ក្រសួងសង្គមកិច្ចវិញ នៅតែស្វាគមន៍ជានិច្ច ជាមួយដៃគូពាក់ព័ន្ធ និងអង្គការនានា ដើម្បីជួយដល់ជនរងគ្រោះនៅកម្ពុជា ឲ្យមានជីវភាព និងជីវិតរស់នៅល្អប្រសើរថែមមួយកម្រិតទៀត។
គួរបញ្ជាក់ថា អង្គការទាំង៤ ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច សុទ្ធសឹងតែជាអង្គការ ដែលបានចូលរួមចំណែក និងធ្វើសកម្មភាពជួយដល់ជនមានពិការភាព និងការស្តារអ្នកញៀនគ្រឿងញៀន។ គោលបំណងសំខាន់របស់អង្គការទាំង៤ ដែលបានសហការជាមួយក្រសួងសង្គមកិច្ចនាពេលនេះ គឺដើម្បីលើកកម្ពស់ការរស់នៅរបស់ជនមានពិការភាព និងការស្តារអ្នកញៀនគ្រឿងញៀននៅកម្ពុជា៕