(ឡាវ)៖ លោក ប៊ុនញំាង វូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានសម្តែងក្តីសប្បាយរីករាយ នៅពេលឃើញទំនាក់ទំនងរដ្ឋសភា ប្រទេសកម្ពុជានិងឡាវកាន់ល្អ នៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទំាងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។
លោកប្រធានរដ្ឋ បានសម្តែងក្តីរីករាយបែបនេះ នៅពេលទទួលជួបសវនាការជាមួយ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូនៅវិមានរដ្ឋ នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ។
លោក ប៊ុនញាំង វូរ៉ាជិត បានលើកឡើងថា នៅពេលរដ្ឋសភាប្រទេសជិតខាងទំាងពីរ ដែលមានមិត្តភាព សាមគ្គីភាពជាបងប្អូនតំាងពីយូរលុងមកហើយនោះ មានលក្ខណៈកាន់តែល្អឡើងបែបនេះ គឺនឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាជនប្រទេសទំាងពីរកាន់តែច្រើន។
លោកមានសង្ឃឹមថា រដ្ឋសភាកម្ពុជា និងឡាវ នឹងរួមគ្នាជំរុញរាជរដ្ឋាភិបាលប្រទេសទំាងពីរ អនុវត្តឲ្យពេញលេញនូវរាល់កិច្ចព្រមព្រៀង អនុស្សរណៈ និងកិច្ចសន្យានានា ដែលបានធ្វើជាមួយគ្នា ដើម្បីបម្រើឧត្តមប្រយោជន៍ប្រទេសទំាងពីរ ដូចជានៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ និងកិច្ចការព្រំដែនជាដើម។
លោក ប៊ុនញាំង វូរ៉ាជិត បានចាត់ទុកដំណើរទស្សនកិច្ច របស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសឡាវនៅពេលនេះ មានសារសំខាន់ណាស់ ដោយសារនេះជាដំណើរទស្សនកិច្ច ក្រៅប្រទេសលើកដំបូងរបស់សម្តេច បន្ទាប់ពីរដ្ឋសភានីតិកាលទី៦ បោះឆ្នោតជូនសម្តេចធ្វើជាប្រធានរដ្ឋសភាបន្តទៀត។ លោកសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់សម្តេចពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចចំពោះទំនាក់ទំនង និងមិត្តភាពប្រទេសទំាងពីរ។
សម្តេចពញាចក្រី ហេង សំរិន បានសាទរចំពោះសមិទ្ធផលដ៏ធំធេង ដែលថ្នាក់ដឹកនាំ និងប្រជាជនឡាវសម្រេចបាន ក្នុងការកសាង អភិវឌ្ឍសេដ្ឋកិច្ចសង្គម រីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែត្រូវបានលើកកម្ពស់ កាន់តែល្អប្រសើរ។
សម្តេចប្រធានគណៈប្រតិភូ បានជម្រាបលោកប្រធានរដ្ឋឡាវបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចនិងលោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានឯកភាពគ្នា និងវាយតម្លៃខ្ពស់ពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរ កម្ពុជា-ឡាវ នាពេលកន្លងមក ក្នុងការបម្រើឧត្តមប្រយោជន៍ ប្រជាជាតិទំាងសងខាង រួមទំាងកិច្ចសហប្រតិបត្តិការនានា រវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរផងដែរ។
ចំពោះទំនាក់ទំនងរដ្ឋសភា នៃប្រទេសទំាងពីរវិញ សម្តេចបានលើកឡើងថា កាលពីពេលថ្មីៗនេះ រដ្ឋសភាកម្ពុជានិងឡាវ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ចែករំលែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក៕