(ស្វាយរៀង)៖ លោក ជៀង អំ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុករំដួល ខេត្តស្វាយរៀង បាន ជំរុញដល់អាជ្ញាធរស្រុក ត្រូវខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈម និងបង្កើនភាពជិតស្និតរវាងរាជរដ្ឋាភិបាល និងប្រជាជននៅតាមមូលដ្ឋាន ព្រោះតួនាទីរបស់មន្ត្រី គឺបំរើប្រជាជនដោយស្មោះត្រង់។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករំដួល នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំសាលា ស្រុករំដួល។

លោក ជៀង អំ បានបន្តថា បច្ចប្បន្នក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះប្រជាជនយើងទូទាំងប្រទេសមានសិទ្ធសេរីភាពពេញលេញ និងរស់នៅដោយភាពសុខដុមរម្យនា និងមានជីវភាពកាន់តែធូធារផងដែរ។

លោកបានបន្ថែមថា ការងារចុះមូលដ្ឋានរបស់យើង គឺមានសារៈសំខាន់ណាស់ ព្រោះតាមរយៈបេសកម្ម ចុះមូលដ្ឋានដោយដឹងកាន់តែច្បាស់ អំពីស្ថានភាពជាក់ស្ដែង ទាំងផ្នែកនយោបាយសេដ្ឋកិច្ចសន្តិសុខ នៅមូលដ្ឋានជីវភាពរស់នៅរបស់ប្រជាជន និងមានឱកាសបានសាកសួរសុខទុក្ខ គាត់នៅថ្នាក់មូលដ្ឋានស្វែងយល់ពីសមិទ្ធផល និងយល់ពីតម្រូវការចាំបាច់ សម្រាប់លើកឡើងមកដោះស្រាយ ជាមួយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះ លោក ជៀង អំ បានបន្ថែមថា សូមអាជ្ញាធរគ្រប់ថ្នាក់ធ្វើការសហការគ្រប់ ជាមួយអ្នកដែលពាក់ព័ន្ធទាំងអស់ បន្តធ្វើការផ្សព្វផ្សាយអប់រំអំពីច្បាប់ស្ដីពីចរាចរណ៍ ច្បាប់ស្ដីពីផ្លូវថ្នល់ផលវិបាក នៃគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន តាមគ្រប់រូបភាព ដើម្បីឲ្យភូមិឃុំសាលារៀន ជាភូមិគ្មានគ្រឿងញៀន ជាពិសេសធ្វើការណែនាំដល់បងប្អូនប្រជាជនឲ្យចេះពីវិធីការពាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ដើម្បីបង្ការការគ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុផងដែរ៕