(ភ្នំពេញ)៖ ស្ត្រីម្នាក់ត្រូវបានអ្នករស់នៅជិតខាងគ្នា មកធ្វើសកម្មភាពរំលោភយកដីគាត់ ដោយបានវាយរបងជញ្ជាំងផ្ទះរបស់គាត់ ហើយថែមទាំងវាយរូបគាត់ថែមទៀតផង។ ស្ត្រី ផន វណ្ណឌី អាយុ៥៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ5Eo មហាវិថីព្រះនរោត្តម ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អ្ន​កស្រី ផន វណ្ណឌី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅមុនពេលកើតហេតុ រូបគាត់មិនបាននៅផ្ទះនោះទេ គឺទុកឲ្យម្តាយនៅផ្ទះ ជាមួយប្អូនហើយនឹងក្មួយស្រី ព្រោះរូបគាត់ទៅផ្សារ។ ភ្លាមៗនោះ ស្ត្រីខាងលើបានទទួលទូរស័ព្ទពីម្តាយថា មានគេមកធ្វើសកម្មភាពវាយរបងជញ្ជាំងផ្ទះហើយពេលនោះ រូបគាត់ក៏បានប្រញាប់ត្រឡប់ពីផ្សារមកផ្ទះរបស់គាត់វិញ ខណៈមកដល់ផ្ទះ ស្រាប់តែគេ បានដាក់ជណ្តើរចុះមកក្រោម ហើយបានធ្វើសកម្មភាពវាយរបងជញ្ជាំងផ្ទះរបស់គាត់។

ក្រោយមករូបគាត់ បានទូរស័ព្ទអន្តរាគមន៍ទៅអាជ្ញាធរសង្កាត់ឲ្យមកអន្តរាគមន៍ នៅពេលអាជ្ញាធរសង្កាត់ចុះមកដល់ទីតាំងខាងលើ បានធ្វើការហាមឃាត់ភាគីខាងអ្នករំលោភលើដីរបស់ជនរងគ្រោះ តែនៅពេលដែលខាងអាជ្ញាធរសង្កាត់ បានហាមឃាត់នោះ គឺភាគីខាងរំលោភនោះ មិនព្រមស្តាប់នោះឡើយ តែបែរជាបន្តសកម្មភាពរបស់ខ្លួនទាំងទៀត ដោយមិនខ្លាចអាជ្ញាធរសង្កាត់នោះឡើយ។

មិនតែប៉ុណ្ណេះភាគីម្ខាងនោះ បានប្រើហិង្សាមកលើស្ត្រី ដែលជាម្ចាស់ផ្ទះទៀតផង ខណៈអាជ្ញាធរ មិនបានហាមឃាត់ភាគីបង្កនោះទេ បែរជាឲ្យស្ត្រីដែលត្រូវជនបង្កវាយនោះ ចូលផ្ទះរបស់ខ្លួនទៅវិញ។

ក្នុងករណីនេះ ភាគីខាងម្ចាស់ផ្ទះ បានបង្ហាញនៅឯកសារមួយចំនួន ដែលពាក់ព័ន្ធនឹងដីកម្មសិទ្ធិរបស់ខ្លួនផងដែរ ដោយអះអាងថា កំពុងតែកាន់កាប់ត្រឹមត្រូវ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនអាចសុំការបំភ្លឺពីម្ចាស់ផ្ទះ ដែលរងការរំលោកយកដីខាងលើនេះបានទេ៕