(ត្បូងឃ្មុំ)៖ នៅឆ្នាំនេះ ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវារកុមារអន្តរជាតិ ខួបលើកទី៧០ ១មិថុនា, ខួបលើកទី១៨ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវារកុមារកម្ពុជា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមការរៀបចំដោយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ។

ក្នុងកម្មវិធីនោះ ក៏មានការសម្តែងនូវរបាំជូនពរ របាំក្រមា ការឡើងប្តេជ្ញាចិត្ត និងតាំងពិពរណ៍ចំនួន១៦ស្តង់ នូវស្នាដៃការងារបែបវិទ្យាសាស្ត្រ រូបវិទ្យា គីមីវិទ្យា និងភាពច្នៃប្រឌិតខ្ពស់ របស់សិស្សានុសិស្ស មកពីបណ្តាសាលានានា ទូទាំងខេត្តផងដែរ។

លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ឲ្យដឹងថា ទិវារកុមារអន្តរជាតិ១មិថុនា ដែលប្រារព្ធឡើងគឺដើម្បីឲ្យមនុស្សជាតិ លើសកលលោកចងចាំមិនភ្លេច នូវឧក្រិដ្ឋកម្មដ៍ព្រៃផ្សៃយ៉ង់ឃ្នង របស់ពួកហ្វាស៊ីសអ៊ីត្លែរ ដោយបានកាប់សម្លាប់ស្ត្រី និងកុមារនៅភូមិ លីឌីស៊ែ សាធារណរដ្ឋសហព័ន្ធឆែក និងស្លូវ៉ាគី និងភូមិ អូរ៉ាឌូ ប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ ជាសោកនាដកម្ម លើសកលលោកត្រូវចងចាំទុក និងរំលឹករៀងរាល់ឆ្នាំ។

នាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអានសារលិខិតទាំងស្រុង ទិវារកុមារអន្តរជាតិ និងកុមារកម្ពុជា ឆ្នាំ២០១៩នេះ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីឲ្យសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ បានដឹងពីការយកចិត្តទុកដាក់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះកុមារទូទាំងប្រទេស។

លោក ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងផងដែរ នូវប្រវត្តិសាស្រ្ត ឧក្រិដ្ឋកម្មមនុស្សជាតិ ដ៏សាហាវយង់ឃ្នងទៅលើកុមារ ជាពិសេសការកាប់ស្លាប់យ៉ាងរង្គាល នៅទូទាំងប្រទេសកម្ពុជា ក្រោមរបបគ្រប់គ្រងយ៉ាងព្រៃផ្សៃនៃ របបប្រល័យពូជសាសន៍ ប៉ុលពត ក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ក្នុងន័យនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យយល់ពីតម្លៃនៃសន្តិភាព ដែលឲ្យយើងចាកឆ្ងាយពីរបបដ៍ខ្មៅងងឹតពោរពេញ ដោយការជិះជាន់សិទ្ធសេរីភាព ទូទៅពិសេសទៅលើកុមារកម្ពុជា។ តម្លៃនៃសន្តិភាពបានផ្តល់សិទ្ធិសេរីភាព ដល់យើងគ្រប់ៗគ្នា ហើយធ្វើឲ្យមនុស្សបង្កើតធនធានមនុស្ស ដោយខ្លួនឯងបានច្រើន ជាពិសេសកុមារ ព្រោះកុមារជាសសរទ្រូង នៃប្រទេសជាតិទៅថ្ងៃអនាគត។

ឆ្លៀតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងអំពើហិង្សាលើកុមារ ការជួយដូរកុមារ ការរំលោភលើសិទ្ធកុមារ តាមគ្រប់រូបភាព ពិសេសចូលរួម គាំទ្រលើកស្ទូយ និងគាំពារកុមារ ដែលជាការវិនិយោគធនធាន ដ៏មានតម្លៃសម្រាប់សង្គមជាតិ នាពេលអនាគត។ លោក ក៏បានផ្តាំផ្ញើផងដែរ ដល់ប្អូនៗ ក្មួយៗ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីអនាគតខ្លូន ក្រុមគ្រួសារ និងសង្គមជាតិ ពិសេសត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន។

ជាមួយគ្នានោះ ឪពុកម្តាយគ្រប់ៗរូប ត្រូវតែបញ្ជូនកូនៗខ្លួនទៅរៀន ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលជាពន្លឺនាំផ្លូវទៅកាន់អនាគត ដ៏ល្អត្រចះត្រចង់ ពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដើម្បីបន្តដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លាបន្តទៀត។

លោកអភិបាលខេត្ត ក៏បានចែកប័ណ្ណសរសើរ ដល់ក្មួយៗសិស្សពូកែ ផ្តល់សម្ភារសិក្សាដល់សិស្សានុសិស្ស ផ្តល់ថវិកា១លាន ៦សែនរៀល សម្រាប់ស្តង់ទាំង១៦ និងចុះពិនិត្យនូវស្នាដៃក្មួយៗទាំងអស់ ព្រមទាំងទៅអុជធូប ផ្នូរកុមារា ហ៊ុន កំសត់ ដែលជាកូនប្រុសសម្តេចតេជោ និងកិត្តិព្រឹទ្ធបណ្ឌិត ដែលស្ថិតនៅក្នុងបរិវេណវិទ្យាល័យនេះផងដែរ៕