(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង និងជាប្រធានក្រុមការងារគណបក្សជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារ មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរសង្កាត់ស្វាយរៀង នាំថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ទៅរួមចូលបុណ្យសពក្មេងប្រុសស្រី ៣នាក់ ដែលលង់ទឹកស្លាប់ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
លោក កែរ រដ្ឋា បានឲ្យដឹងថា ក្នុងនាមរូបលោកជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់ខេត្ត ចុះជួយសង្កាត់ស្វាយរៀង សូមពាំនាំនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង ជូនដល់គ្រួសារសពផងដែរ។
លោក កែរ រដ្ឋា បានបញ្ជាក់ថា ការបាត់បង់កូនៗ ជាទីស្រឡាញ់ ដោយសារលង់ទឹកស្រះនេះ ពិតជាមានភាពសោកសង្រេងខ្លាំងណាស់ ដែលមួយប៉ព្រិចភ្នែកសោះ បានធ្វើឲ្យក្លាយជាទុក្ខធំ ព្រោះបាត់សមាជិក គ្រួសាររហូតដល់ទៅបីនាក់។
នៅក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលទាំងអស់ កុំបណ្តោយឲ្យកូនតូចៗ លេងទឹកស្រះ ទឹកប្រឡាយព្រោះនាំឲ្យលង់ទឹកស្លាប់ ដូចករណីក្មេងបីនាក់នេះ ជាពិសេសកុំឲ្យកូនៗ នៅតែម្នាក់ឯង ត្រូវមានអ្នកមើលថែឲ្យបានល្អ ក្នុងនោះ ត្រូវរស់នៅដោយអនាម័យល្អ ដោយហូបស្អាត ផឹកស្អាតចៀសឆ្ងាយយឆ្លងជំងឺ។
នៅក្នុងឱកាសនោះ លោកបាននាំថវិការបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចូលរួមបុណ្យសពក្នុងមួយគ្រួសារសពចំនួន ៥០ម៉ឺនរៀល ក្នុងនោះថវិកាក្រុមការងារមន្ទីរសុខាភិបាលខេត្ត ១០ម៉ឺនរៀល ក្នុងមួយគ្រួសារសព និងថវិកាប្រឹក្សាសង្កាត់ស្វាយរៀង ១០ម៉ឺនរៀល ក្នុងមួយគ្រួសារ ព្រមទាំងថវិកា អាជីវករមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៥៖៣០នាទីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ មានករណីក្មេងប្រុសស្រីចំនួនបីនាក់ បានបាត់បងជីវិតដោយសារលង់ទឹកស្រះ នៅទីវាលស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ក្មេងប្រុសស្រីដែលលង់ទឹកស្រះនោះ មានឈ្មោះទី១៖ ឈ្មោះ ខាន់ យ៉ានីតា វលក្ខ័ ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស, ទី២៖ ឈ្មោះ ហ៊ួ សុគន្ធធាវី ភេទស្រី អាយុ១១ឆ្នាំ មុខរបរសិស្ស និងទី៣៖ ឈ្មោះ ចាប ម៉ាទី ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សក្មេងទាំង៣នាក់ខាងលើនេះ រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុក្មេងទាំងបីនេះ បាននំាគ្នាហែលទឹកលេងក្នុងស្រះ ហើយក៏បានលិចក្នុងទឹកបាត់ទៅ ដោយមានការសហការជាមួយប្រជាពលរដ្ឋ និងឣាណាព្យាបាលរបស់ក្មេងរងគ្រោះ ក៏បានធ្វើការរាវរក ក្នុងទឹកស្រះរហូតដល់ម៉ោង១៨៖២០នាទីព្រលប់ ក៏បានស្រង់សាកសពក្មេងទាំង៣នាក់ ដែលមានឈ្មោះខាងលើ តាមការពិនិត្យទៅលើសាកសពក្មេងទាំង៣នាក់ នៅលើខ្លួនប្រាណពុំមានស្លាកស្នាមអ្វីទេ គឺស្លាប់ដោយសារលង់ទឹកពិតប្រាដកមែន៕