(ភ្នំពេញ)៖ គម្រោងរោងចក្រផលិតស្បែកជើង កាបូប និងរោងចក្រកាត់ដេរសម្លៀកបំពាក់ សរុបទុនវិនិយោគតម្លៃជាង ៣៣.៨លានដុល្លារអាមេរិក និងបង្កើតការងារថ្មីជូនប្រជាពលរដ្ឋបានរាប់ពាន់កន្លែងនោះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យបើកដំណើរការ។
CDC បានចុះផ្សាយលើ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១៖ ក្រុមហ៊ុន NINE SKY GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤៥កន្លែង។
២៖ ក្រុមហ៊ុន SKYWORTH FASHION (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ២ (អតីតភូមិឬស្សី) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង។
៣៖ ក្រុមហ៊ុន HON TZER FUNG LEATHER (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ របស់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,៤០៧កន្លែង។
៤៖ ក្រុមហ៊ុន BRIGHT FLUSHING CO., LTD. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ២១.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣,៨២៤កន្លែង៕