(ភ្នំពេញ)៖ លោក យឹម ណុលសន អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងជាប្រធានក្រុមប្រតិបត្តិលិខិតបទដ្ឋានគតិយុត្ត បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសជាតិ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក យឹម ណុលសន អញ្ជើញបិទវគ្គបណ្តុះបណ្តាល ស្តីពី វិធីសាស្ត្រវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត (វិធីសាស្ត្រ RIA) និងធាតុទាំង៧ នៃ RIA នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ពោលចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០១៩។
លោក យឹម ណុលសន ក៏បានបន្ថែមទៀតថា ដើម្បីឲ្យសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្ត និងរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍ នៃវិស័យឯកជនឲ្យកាន់តែរឹងមាំ និងរីកចម្រើនឡើង។ ដូច្នេះការអនុវត្ត RIA គឺជាការរួមចំណែកដ៏មានសារសំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។
អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចបន្ដទៀតថា ក្នុងឋានៈជាសមាជិកអង្គការ ពាណិជ្ជកម្មអន្តរជាតិ (WTO) និងជាសមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ កម្ពុជាត្រូវតែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ នៅក្នុងទីផ្សារអន្តរជាតិ។ ដូច្នេះ ធុរកិច្ចមិនអាច ទទួលយកបន្ទុកចំណាយកាតព្វកិច្ចខ្ពស់បាននោះទេ ពីព្រោះធ្វើឲ្យពួកគេខ្វះផលិតភាព និងមិនមានលទ្ធភាពប្រកួតប្រជែងបាន។
«វិធីសាស្ត្រ RIA នេះ នឹងតម្រូវឲ្យក្រសួង-ស្ថាប័ន ធ្វើការវាយតម្លៃលើផលប៉ះពាល់ ឲ្យបានច្បាស់លាស់ នៃសំណើបញ្ញត្តិកម្មទាំងអស់ ឬច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលនៅជាធរមាន ដើម្បីជៀសវាង ឬកាត់បន្ថយជាអតិបរមា នូវផលប៉ះពាល់ជាអវិជ្ជមានដល់ធុរកិច្ច»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក យឹម ណុលសន។
លោក យឹម ណុលសន ក៏បានបន្ថែមទៀតថា ការរៀបចំឲ្យមានក្រុមការងារ RIA នៅតាមបណ្តាក្រសួង-ស្ថាប័ន ពិតជានឹងជួយពង្រឹងប្រសិទ្ធភាព និងប្រសិទ្ធផលនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនោះហើយ។
លោកថា ការអនុវត្ត RIA នឹងបានជោគជ័យ គឺអាស្រ័យនៅលើក្រុមការងារ RIA នៃក្រសួង-ស្ថាប័នជាអ្នកអនុវត្ត ការសហការល្អពីគ្រប់អង្គភាព និងការគាំទ្រពីថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័ន។
លោកបានបញ្ជាក់ថា នៅតាមក្រសួង-ស្ថាប័ន ដែលមានក្រុមការងារ RIA គាប់បីមានបញ្ញត្តិណែនាំ ឲ្យគ្រប់សេចក្តីព្រាងបញ្ញត្តិកម្មទាំងអស់ ដែលពាក់ព័ន្ធនឹងវិស័យធុរកិច្ច ត្រូវមានភ្ជាប់របាយការណ៍ RIA មកជាមួយ លើកលែងតែក្នុងករណី ដែលមានការសម្រេចដោយឡែកពីលោករដ្ឋមន្ត្រី។ បញ្ញត្តិបែបនេះ នឹងពង្រឹងការងារRIA នៅតាមក្រសួង-ស្ថាប័នជាមិនខាន៕