(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំមហាសន្និបាត ភាគហ៊ុនិកលើកទី៧ របស់ខ្លួនក្រោមវត្ដមាន លោក សឹម ណារ៉ា ប្រធានក្រុមប្រឹក្សាភិបាល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងមានការចូលរួម ពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុនិកជាច្រើននាក់។
ថ្លែងក្នុងសន្និបាតនោះ លោក សឹម ណារ៉ា បានបញ្ជាក់ពីលទ្ធផល ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខិតខំសម្រេចបានក្នុងឆ្នាំ២០១៨ រួមមាន៖
* ផលិតទឹកស្អាតបាន ២០៨,៩០៤,៧១៩ ម៉ែត្រគូប
* ដាក់បន្ថែមនូវបណ្តាញទឹកថ្មីបាន ២៥៦.៦៥ គីឡូម៉ែត្រ
* តបណ្តាញចូលផ្ទះថ្មី បាន៣៣,៧៤៤ ក្នុងនោះ បណ្តាញអតិថិជនចំណូលទាប មានចំនួន៥៣១គ្រួសារ
* រក្សាអត្រាទឹកបាត់បង់ត្រឹមកម្រិត ៨.១៨ភាគរយ
* ចំណូលសរុបមានចំនួន ២៦៥,០៩៣លានរៀល (ប្រហែល៦៦លានដុល្លារអាមេរិក)
* ចំណេញក្រោយបង់ពន្ធមានចំនួន ៧៣,៦០០លានរៀល
* ចំណេញជាមូលដ្ឋាន ក្នុងមួយភាគហ៊ុន (Basic Earnings per Share) គឺ ៨៤៦,៣២រៀល។
លោកថា ក្រោយពីការបែងចែកប្រាក់ចំណេញតាមលក្ខន្តិកៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងសម័យប្រជុំលើកទី១១ កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ក្រុមប្រឹក្សាភិបាលបានឯកភាពជាឯកច្ឆន្ទ រក្សាទុកប្រាក់ចំណេញ
ចំនួន៤៧,៣២១,០៩១,១៤៨រៀល (ជា១១លានដុល្លារ) សម្រាប់បន្តវិនិយោគទៅអនាគត និងទឹកប្រាក់នៅសល់ចំនួន១៨,៩២៥,៣៦០,០៥១រៀល (ជិត៥លានដុល្លារ) សម្រាប់បែងចែកភាគលាភ ជូនភាគហ៊ុនិក។
លោកបន្ដថា «ក្រុមប្រឹក្សាភិបាល បានសម្រេចបែងចែកភាគលាភ (Dividend per share) ចំនួន២១៧.៦០រៀល ក្នុងមួយភាគហ៊ុន (កើនលើសឆ្នាំមុន ប្រមាណ៤១%) ដែលមានទិន្នផលភាគលាភ (Dividend Yield) ស្មើនឹង៤%។ ភាគលាភនេះ បានចាប់ផ្តើមទូទាត់ជូនភាគហ៊ុនិក ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩»។
លោក សឹម ណារ៉ា ក៏បានលើកឡើងផងដែរថា ក្នុងឆ្នាំ២០១៩នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ត្រូវបន្តប្រតិបត្តិការរបស់ខ្លួន ដើម្បីជោគជ័យជាបន្តទៅទៀត ដោយក្នុងនោះ គ្រោងនឹងលក់ទឹកបានជាង២១៤លានម៉ែត្រគូប ជាមួយនឹងការតបណ្តាញចែកចាយថ្មី បន្ថែមប្រវែង២៥០គីឡូម៉ែត្រ និងបណ្តាញអតិថិជនថ្មី ចំនួន២២,០០០បណ្ដាញ។
លោកថា ដើម្បីឈានទៅសម្រេចទិសដៅនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងដាក់ឲ្យដំណើរការ រោងចក្រផលិតទឹកស្អាតចំការមន ដែលមានសមត្ថភាព ៥២,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ នាចុងឆ្នាំ២០១៩ខាងមុខ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៥៦០,០០០ម៉ែត្រគូបក្នុង១ថ្ងៃ។ ដូចនេះ នៅចុងឆ្នាំ២០១៩ សមត្ថភាពផលិតសរុប នឹងកើនដល់ ៦១២,០០០ម៉ែត្រគូបក្នុង១ថ្ងៃ។
លោក សឹម ណារ៉ា បន្ដទៀតថា ដោយមានការចង្អុលបង្ហាញ និងគាំទ្រពេញទំហឹងពីសំណាក់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសហការយ៉ាងជិតស្និទ្ធ ជាមួយដៃគូអភិវឌ្ឍ ដើម្បីឈានទៅអនុវត្តគម្រោងពង្រីកសមត្ថភាព ប្រព្រឹត្តកម្មទឹកស្អាតចំនួន៣ បន្ថែមទៀតគឺ៖
ទី១៖ គម្រោងសាងសង់រោងចក្របាក់ខែង ជំហានទី១ សមត្ថភាព ១៩៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ចាប់ផ្តើម នៅខែតុលា ឆ្នាំ២០១៩ និងបញ្ចប់ នៅឆ្នាំ២០២២។
ទី២៖ គម្រោងសាងសង់រោងចក្របាក់ខែង ជំហានទី២ សមត្ថភាព ១៩៥,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ចាប់ផ្តើម នៅឆ្នាំ២០២២ និងបញ្ចប់ នៅឆ្នាំ២០២៤។
ទី៣៖ គម្រោងសាងសង់រោងចក្រតាខ្មៅ សមត្ថភាព ៣០,០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ ចាប់ផ្តើម នៅឆ្នាំ២០២២ និងបញ្ចប់ នៅឆ្នាំ២០២៤៕