(ភ្នំពេញ)៖ អ្នកវិនិយោគលើវិស័យអចលនទ្រព្យ លោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA និងអគ្គនាយករបស់គម្រោង LA VISTA ONE បានបង្ហាញពីភាពសប្បាយរីករាយ បន្ទាប់ពីឃើញពីភាពរីកចម្រើននៃវិស័យខុនដូនៅកម្ពុជា។

ថ្លែងក្នុងកម្មវិធីសម្ពោធលក់ជាផ្លូវការ គម្រោងខុនដូ LA VISTA ONE នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ លោក ខន គង្គា បានឲ្យដឹងថា «បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨ វិស័យខុនដូនៅក្នុងឆ្នាំនេះ មានសន្ទុះកើនឡើងខ្លាំងមែនទែន។ ក្នុងនោះមានទាំងអ្នកអភិវឌ្ឍន៍ មកពីប្រទេសផ្សេងៗ ចាប់ផ្ដើមមកអភិវឌ្ឍន៍ជាហូរហែរនៅកម្ពុជា ព្រមទាំងមានអ្នកទិញវិនិយោគ និងអ្នកទិញរស់នៅយ៉ាងច្រើន»

លោកបន្ថែមថា ជាក់ស្ដែងនៅថ្ងៃនេះគម្រោងខុនដូ LA VISTA ONE បានប្រកាសសម្ពោធលក់ផ្លូវការនៅកម្ពុជា ដោយមានការចូលរួមសហការជាមួយ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA CAMBODIA ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យ លំដាប់ទី១នៅកម្ពុជា។

លោក ខន គង្គា បានបង្ហាញចំណាប់អារម្មណ៍ថា ERA ពិតជាសប្បាយរីករាយដែលបាន សហការជាមួយគម្រោង LA VISTA ONE និងបានរួមចំណែកលើកកម្ពស់ វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកបន្ថែមថា «ខ្ញុំពិតជាមានភាពវិជ្ជមានខ្លាំងលើគម្រោងខុនដូ LA VISTA ONE ព្រោះវាស្ថិតនៅក្នុងទីតាំងដែលល្អបំផុត ក្នុងរាជធានីភ្នំពេញព្រមទាំងស្ថិតនៅទល់មុខ ចំណុចកណ្ដាលនៃទន្លេចតុមុខ និងទន្លេមេគង្គ»

លោក ខន គង្គា បន្ថែមទៀតថា អ្វីដែលកាន់តែពិសេសនោះគឺ ទីតាំងនៃគម្រោងខុនដូ LA VISTA ONE ជាទីតាំងមានសក្ដានុពលខ្ពស់ សម្រាប់ការរស់នៅក្នុងជីវិតបែបស៊ីវិល័យ និងសម្រាប់ការធ្វើវិនិយោគ។

លោក Steven Lee អ្នកគ្រប់គ្រងគម្រោងខុនដូ LA VISTA ONE ឲ្យដឹងថា «តាមរយៈបទពិសោធន៍ខ្ញុំជាអ្នកអភិវឌ្ឍន៍ គម្រោងដោយផ្ទាល់នៅប្រទេសចិន ខ្ញុំមានជំនឿថា គម្រោងខុនដូ LA VISTA ONE នឹងទទួលបានការជោគជ័យខ្លាំងនៅកម្ពុជា។ តាមរយៈគោលនយោបាយស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនព្រមទាំងគោលនយោបាយ ខ្សែក្រវ៉ាត់ និងផ្លូវ ជាចំណែកមួយជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងផងដែរ»

លោកបញ្ជាក់ថា គម្រោងនេះនឹងទាក់ទាញអ្នកវិនិយោគបរទេសជាច្រើន ទាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប៕