(ក្រុងម៉ាកកាស)៖ ព្រះចៅ សាល ម៉ាន អាប់ឌុលអាហ្សីស អាល សាអ៊ូត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានសព្វព្រះរាជហទ័យរាជានុញ្ញាតិ ឲ្យសមាជិកឧត្តមក្រុមប្រឹក្សា នៃសម្ព័ន្ធពិភពឥស្លាម រួមមានបញ្ញាវ័ន្ត និងថ្នាក់ដឹកនាំឥស្លាម ដើម្បីចូលគាល់ នឹងថ្វាយជូននូវសេចក្តីប្រកាសរួមនៅទីក្រុងម៉ាកាស់ ដែលដឹកនាំដោយប្រធានឧត្តមក្រុមប្រឹក្សាសម្ព័ន្ធពិភពឥស្លាម។
ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សា ដែលកន្លងទៅនេះ ត្រូវបានឧត្តមក្រុមប្រឹក្សា ក្រុមប្រឹក្សាប្រតិបត្តិសម្រេចជាឯកច្ឆ័ន តែងតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការនេះសម្រាប់រយៈពេល៥ឆ្នាំផងដែរ។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ក្នុងប្រវត្តិសាស្ត្រ ដែលមានថ្នាក់ដឹកនាំតំណាងឲ្យកម្ពុជា ត្រូវបានតែងតាំងជា សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម ដែលត្រូវបានព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សព្វព្រះរាជហរទ័យ ដើម្បីចូលគាល់ និងថ្វាយជូននូវសេចក្តីប្រកាសរួម។
ពិធីនេះធ្វើឡើងនៅព្រះបរមរាជវាំង នាទីក្រុងម៉ាកកាស់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ នៃសន្និសីទអន្តរជាតិ ដែលរៀបចំដោយសម្ព័ន្ធពិភពឥស្លាម (RABITA) នៅទីក្រុងម៉ាកាស់ ប្រទេសអារ៉ាប៊ីសាអូឌីត រយៈពេល០៣ថ្ងៃ ក្រោមប្រធានបទ «គុណតម្លៃ នៃការនិយមកណ្តាល» ដែលមានថ្នាក់ដឹកនាំបញ្ញាវ័ន្តឥស្លាមបានចូលរួមជាង ១,៣០០នាក់ មកពីបណ្តាប្រទេសចំនួន១៣៧។
នៅក្នុងសន្និសីទនេះដែរ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អូស្មាន ហាស្សាន់ ក៏បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តាប្រទេសជាច្រើន ក្នុងតំបន់ឈូកសមុទ្រពែក និងប្រទេសតំបន់អាហ្វ្រិក៕