(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ អំពាវនាវដល់សិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ពង្រឹងចំណោះដឹងឱ្យបានរឹងមាំបន្ថែមទៀត ដើម្បីត្រៀមក្នុងការចូលរួមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងខិតចូលមកដល់នាពេលឆាប់ៗនេះ។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងថា នៅសល់តែប្រមាណ២ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងឈានចូលមកដល់ ដូចនេះហើយសិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំរៀនសូត្រ ឱ្យបានកាន់តែពូកែបន្ថែមទៀត។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ក៏ស្នើសុំឱ្យលោកគ្រូ អ្នកគ្រូទាំងអស់ ខិតខំបង្រៀនបំប៉នបន្ថែមទៀត មានន័យថា សុំស្នើឱ្យមានការបង្រៀនដោយស្មគ្រចិត្ត បង្រៀនថ្ងៃសៅរ៍ និងអាទិត្យបន្ថែម ដើម្បីឱ្យសិស្សមានសមត្ថភាពកាន់តែរឹងមាំ។
សូមបញ្ជាក់ដែរថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ៕