(ភ្នំពេញ)៖ ភោជនីយដ្ឋានអាហារចម្រុះ Food Republic ភោជនីយដ្ឋានអាហារចម្រុះដ៏ធំ និងជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន BreadTalk គ្រុប ដែលមានមូលដ្ឋាន នៅប្រទេសសិង្ហបុរី បានប្រារព្ធពិធីសម្ពោធ ហាងដំបូងនៅកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន (២) សែនសុខ រាជធានីភ្នំពេញ។

អាចនិយាយបានថា ផ្សារទំនើបអ៊ីអនសែនសុខ ជាផ្សារទំនើបដំបូងគេបង្អស់ សម្រាប់កម្ពុជា ដែលបានដាក់បញ្ចូលនូវភោជនីយដ្ឋាន Food Republic ទៅក្នុងសេវាកម្មរបស់ខ្លួន សម្រាប់បម្រើដល់ប្រជាពលរដ្ឋកម្ពុជា ជាច្រើនលាននាក់ ដែលនិយម ទុកចិត្តនៅមុខទំនិញ និងចំណីអាហារ នៅទីកន្លែងនេះ។ ជាក់ស្តែងផងដែរ Food Republic គឺជាភោជនីដ្ឋានដ៏សម្បូរបែបមួយ សម្រាប់បម្រើជូននូវចំណីអាហារ ដែលផ្តល់នូវទំនុកចិត្ត លើអនាម័យជាពិសេសមានជម្រើសម្ហូបអាហារជាច្រើនមុខទាំងអាហារជាតិ និងអន្តរជាតិ ដែលអមមកជាមួយការរៀបចំ ដ៏ប្រណិត ប្រកបដោយគំនិតឆ្នៃប្រឌិត។

ភោជនីយដ្ឋានអាហារចម្រុះ Food Republic បានចាប់កំណើតនៅឆ្នាំ២០០៥ ជាមួយនឹងការបើកដំណើរ ការដំបូងក្នុងប្រទេសសិង្ហបុរី ដោយភោជនីយដ្ឋាន Food Republic បានប្តេជ្ញាផ្តល់ជូន នូវអាហារបែបសិង្ហបុរី ដែលលមានតម្លៃសមរម្យ និងរសជាតិឈ្ងុយឆ្ងាញ់ ដ៏ពិតប្រាកដ ដល់អតិថិជនរបស់ខ្លួន។ តាមរយៈគំនិតច្នៃប្រឌិត នៃរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ Food Republic បានប្រមូលផ្តុំទៅដោយ តូបលក់ម្ហូបអាហារ ជាច្រើនប្រភេទផ្សេងៗគ្នា។ ក្នុងទម្រង់បែបមុខជំនួញ ភោជនីយដ្ឋាន Food Republic បានពង្រីកសក្តានុពលរបស់ខ្លួន ក្លាយជាហាងម្ហូបអាហារ ដ៏ល្បីល្បាញបំផុត នៅក្នុងប្រទេសសិង្ហបុរី។

បច្ចុប្បន្ន ភោជនីយដ្ឋាន Food Republic មានទីតាំងចំនួន ៥៥កន្លែង ដែលគ្រប់គ្រងដោយ Food Republic និង Food Opera ផ្ទាល់ ដូចជានៅក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ហុងកុង និងនៅទីក្រុងចំនួន១០ ក្នុងប្រទេសចិន។ សម្រាប់ហាងទាំងអស់ របស់ Food Republic មានរចនាបថ និងការតុបតែងខុសប្លែកពីគ្នា ដោយហាងនីមួយៗ ផ្តោតសំខាន់ទៅលើការផ្តល់ជូន នូវម្ហូបអាហារ ដែលមានគុណភាព អនាម័យ តម្លៃសមរម្យ និងផាសុខភាព ជាមួយបរិយាកាសស្រស់ស្រាយ នៃម៉ាស៊ីនត្រជាក់។

Food Republic មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈរសជាតិ ដែលឆ្លុះបញ្ចាំង ពីចំណង់ចំណូលចិត្ត ពិតប្រាកដរបស់អតិថិជន និងការផ្តល់នូវបទពិសោធន៍ទាក់ទាញ ជាមួយគំនិតច្នៃប្រឌិត នៃការរៀបចំផ្ទះបាយ ជាលក្ខណៈបើកចំហ របស់ហាងអាហារនីមួយៗ។

សម្រាប់ហាងដំបូងរបស់ខ្លួន នៅកម្ពុជានេះវិញ អតិថិជនទាំងអស់ នឹងទទួលបានអារម្មណ៍ប្លែក ជាមួយរចនាបថតុបតែង ដូចក្នុងប្រទេសប៉ែកអឺរ៉ុប ដោយនៅតាមផ្លូវមានទិដ្ឋភាព ដូចនៅប៉ារីស អមជាមួយហាងកាហ្វេបារាំង និងភោជនីយដ្ឋានជាច្រើន ហើយអតិថិជន ក៏អាចរីករាយជាមួយការ តុបតែងលំអរបែប Fashion ចុងក្រោយបំផុត។ នៅលើតាមផ្លូវស្តាយបែបបារាំង គឺមានស្តង់លក់ម្ហូបអាហារ ចំនួន១៣ ហាងភេសជ្ជៈ១ និងហាងអាហាររទេះ៦ ដោយហាងទាំងអស់ មានលក់ម្ហូបបែបកម្ពុជា ថៃ និងចិនជាដើម។

ក្រៅពីនេះ អតិថិជនអាចធ្វើការជាវប័ណ្ណ ទទួលទានអាហារ នៅច្រកចូលរបស់ Food Republic សម្រាប់ចំណាយ លើការទិញម្ហូបអាហាររបស់ Food Republic ដោយពុំចាំបាច់ប្រើប្រាស់ប្រាក់សុទ្ធ ក្នុងពេលទិញទំនិញឡើយ។ ការធ្វើបែបនេះ នឹងជួយឱ្យដំណើរចំណាយកាន់តែងាយស្រួល៕