(រតនគិរី)៖ លោកវរសេនីយ៍ឯក ហ៊ោ ជា មេបញ្ជាការរងខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ថា ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត ដល់កម្លាំង អ.ហ តាមបណ្តាមូលដ្ឋានស្រុកទូទាំងខេត្ត បានប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសការដឹកជញ្ជូនឈើខុសច្បាប់ឲ្យខាងតែបាន។

ជាក់ស្តែងកាលពីវេលាម៉ោង៣៖០០នាទីទៀបភ្លឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លោកបានដឹកនាំកម្លាំង អ.ហ ខេត្ត, កម្លាំង អ.ហ មូលដ្ឋានស្រុកអូរជុំ សហការជាមួយកម្លាំងរដ្ឋបាលព្រៃឈើផ្នែកវ៉ើនសៃ បានស្ទាក់ចាប់រថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ខ្មៅ គ្មានស្លាកលេខផ្ទុកឈើធ្នង់ពេញលើកំណាត់ផ្លូវ៧៨Aត្រង់ ចំណុចភូមិថារ៉ងស្វាយ ឃុំអូរជុំ មានទិសដៅចូលក្រុងបានលុង តែអ្នកបើករថយន្តដឹកបទល្មើសនោះរត់គេចខ្លួនបាត់។

លោកមេបញ្ជាការរងបានប្រាប់បន្តថា ក្រោយពិនិត្យរួចកម្លាំងបាននាំវត្ថុតាងទាំងរថយន្ត និងឈើមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

លុះរសៀលថ្ងៃដដែល ជំនាញរដ្ឋបាលព្រៃឈើបានរាប់ឃើញឈើធ្នង់ចំនួន ១៤១ដុំស្មើ នឹង៩១៥គីឡូក្រាម។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃឈើ ដើម្បីស្វែងរកម្ចាស់មកធ្វើការផាកពិន័យតាមច្បាប់ស្តីពីព្រៃឈើ។

លោកវរសេនីយ៍ឯក ហ៊ោ ជា បញ្ជាក់ឲ្យដឹងទៀតថា ក្រោមការដឹកនាំរបស់រដ្ឋបាលគណៈបញ្ជាការឯកភាពខេត្តនោះ កម្លាំង អ.ហ ត្រៀមសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសបទល្មើសការដឹកជញ្ជូនឈើមិនថាកន្លែងណា, ភូមិសាស្ត្រស្មុកស្មាញប៉ុណ្ណាទេ, ទោះតាមខ្សែបន្ទាត់ព្រំដែនក៏ដោយ បង្ក្រាបឲ្យខាងតែបានពោលគឺមិនឲ្យមានបទល្មើសកើតឡើងនោះទេ៕