(ឡាវ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ខណៈកំពុងបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅទីនោះ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយ លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ជំនួបពិភាក្សាការងារនេះ បានប្រព្រឹត្តទៅក្រោមបរិយាយកាសរីករាយ និងស្និទ្ធស្នាល ដែលប្រធានរដ្ឋសភាប្រទេសទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
ក្នុងនាមរដ្ឋសភា ដែលតំណាងឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរ សម្តេចពញាចក្រី ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សង្គមកិច្ច ដើម្បីបម្រើផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាកម្ពុជា-ឡាវ បានសន្យាថា នឹងជំរុញរដ្ឋាភិបាលប្រទេសទាំងពីរ អនុវត្តឲ្យមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវរាល់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយគ្នា។ ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរវិញ សម្តេច ហេង សំរិន បានលើកឡើងថា រដ្ឋសភាកម្ពុជា និងឡាវ ក្រៅពីគំាទ្រគ្នាទៅវិញទៅមកក្នុងវេទិកាអន្តរសភាហើយ រដ្ឋសភាប្រទេសទាំងពីរ បានចុះអនុស្សរណៈនៃកិច្ចព្រមព្រៀង សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត។
ប្រធានរដ្ឋសភាកម្ពុជា បានបន្តថា ក្នុងរយៈពេលជាង៥អាណត្តិមកនេះ រដ្ឋសភាកម្ពុជា និងឡាវ បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ដើម្បីផ្លាស់ប្តូរបទពិសាធន៍លើការងារសភា ទាំងក្នុងកម្រិតថ្នាក់ដឹកនាំ គណៈកម្មាធិការជំនាញ និងមន្រ្តីបច្ចេកទេស នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រទេសទាំងពីរ និងបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការរបស់បក្សរដ្ឋាភិបាលប្រទេសទាំងពីរ។
លោកស្រី ផានី យ៉ាថូទូ បានគាំទ្រចំពោះការលើកឡើងរបស់ សម្តេច ហេង សំរិន និងបានស្នើសុំសម្តេចបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការល្អ រវាងសភាប្រទេសទំាងពីរនេះបន្តទៀត។
ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ប្រសិនមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក រវាងរដ្ឋសភាប្រទេសទំាងពីរ មិនថានៅក្នុងកម្រិតណានោះទេ គួរមានប្រធានបទច្បាស់លាស់មួយ ដើម្បីឲ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាព ដូចជាដំណើរទស្សនកិច្ចរបស់សម្តេច នៅប្រទេសឡាវនាពេលនេះ គឺថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ មានប្រធានមួយត្រូវជជែកពិភាក្សាគ្នា៕