(កោះកុង)៖ ដើម្បីឱ្យក្លាយខ្លួនជាមន្ត្រីល្អបម្រើប្រជាពលរដ្ឋស្មោះត្រង់ ចំពោះរាជរដ្ឋាភិបាល មន្ត្រីបរិស្ថានឧទ្យានជាតិចំនួន ៤៣នាក់ នៅក្នុងខេត្តកោះកុង បានស្បថសច្ចាប្រណិធាន នៅសាលាដំបូងខេត្តនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដើម្បីមានសិទ្ធិសម្បទាន ក្លាយជាសេនាធិការមន្ត្រីយុត្តិធម៌ បង្ហាញពីភាពស្មោះត្រង់ ក្នុងបម្រើការងារអនុវត្តន៍ពង្រឹងសមត្ថភាពការពារអភិរក្ស និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលជនខិតខូចបានកាប់ទន្ទ្រាន ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។
ការចូលស្បថសច្ចាប្រណិធានរបស់មន្ត្រីបរិស្ថានទាំង ៤៣រូបនេះ ធ្វើឡើងនៅក្រោមអធិបតីភាពលោក មីន មករា ប្រធានសាលាដំបូងខេត្តកោះកុង, លោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត រួមទាំងអ្នកពាក់ព័ន្ធយ៉ាងច្រើនផងដែរ។
នៅក្នុងឱកាសនោះ លោក ស្រែន ឆឹល ប្រធានក្រុមបានសច្ចាថា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីក្លាយខ្លួនជាមន្ត្រីល្អ និងជាសេធោការភ្នាក់ងារនគរបាលយុត្តិធម៌ សូមស្បថដល់បារមីសក្កិសិទ្ធ ទាំងធ្វើជាសាក្សីធ្វើការដឹងឮ ដែលយើងខ្ញុំទាំង ៤៣នាក់ បានចូលស្បថសច្ចាប្រណិធាន ដើម្បីបម្រើតួនាទីជាភ្នាក់ងារនគរបាលយុត្តិធម៌នាពេលនេះ ដោយពួកយើងខ្ញុំប្រព្រឹត្តិមិនលម្អៀងឃ្លាងឃ្លាច្បាប់ មិនត្រឹមត្រូវតាមច្បាប់ ដោយមានចេតនាទុច្ចរិតសូមអស់ទេពារក្ស អារុក្ខអារក្ស និងវត្ថុសក្កិសិទ្ធិ បំផ្លាញយើងខ្ញុំឱ្យវិនាសឱ្យស្លាប់តៃហោងយ៉ាងវេទនាដោយគ្រាប់កាំភ្លើង ខ្សែភ្លើងឆក់រន្ទះបាញ់។ល»។
លោកបានបញ្ជាក់ថា ក្រុមការងារលោកខិតខំធ្វើជាមន្ត្រីល្អនិងអនុវត្តន៍ច្បាប់ដែលថ្នាក់ និងរាជរដ្ឋាភិបាលដាក់ជូន ក្នុងការបង្ក្រាបបទល្មើស ការកាប់ទន្រ្ទានព្រៃធម្មជាតិ របស់រដ្ឋរបស់ជនខិតខូចមួយចំនួន។
លោក មីន មករា បានថ្លែងថា មន្ត្រីបរិស្ថានទាំង ៤៣នាក់ ដែលបានចូលស្បថបានការទួលសម្បទានក្លាយជាភ្នាក់ងារនគរបាលយុត្តិធម៌ សុទ្ធតែមិនអាចធ្វើបានតែឯកឯងបាននោះទេ។ ហេតុដូច្នេះ ចាំបាច់ត្រូវគោរពតាមច្បាប់កំណត់ និងសហការជាមួយប្រធានអង្គភាព និងសាលាដំបូងខេត្តគ្រប់ពេល ក្នុងករណីចុះបំពេញបេសកម្មអោយមានប្រសិទ្ធភាពខ្ពស់។
ក្នុងនោះដែរលោក រស់ សារាំ បានលើកឡើងថា ភ្នាក់ងារនគរបាលយុត្តិធម៌ មានសិទ្ធិតាមដាន បង្រ្កាបបទល្មើសទទួលពាក្សបណ្តឹង និងកសាងសំណុំរឿងមកកាន់សាលាដំបូងបាន ប៉ុន្តែអាចចុះហត្ថលេខា ជំនួសមន្ត្រីនគរបាលបានទេ នៅចំណុចនេះមន្ត្រីច្បាប់ទាំងពីរស្នើ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះការបំពេញតួនាទីឱ្យបានល្អ ជៀសវាងមានភាពខ្វះចន្លោះប្រហោង ពេលបំពេញភារកិច្ច និងខិតខំអនុវត្តន៍នូវការណ៍ របស់រាជរដ្ឋាភិបាលដាក់ជូន និងខិតខំធ្វើជាមន្ត្រីល្អជាដ៏រាប៕