(កំពង់ចាម)៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ពិនិត្យលទ្ធផលការងារព្រហ្មទណ្ឌ ប្រចាំខែឧសភា ឆ្នាំ២០១៩ និងលើកទិសដៅបន្ដ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរងទទួលផែន។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកអនុប្រធានផែន, លោកនាយ-នាយរង ការិយាល័យចំណុះទាំង៣, លោកនាយផ្នែកសរុបទាំងអស់, ក្រុមអនុវត្តដីកា, លោកអធិការរងព្រហ្មទណ្ឌ ទាំង១០ស្រុក/ក្រុង និងលោកនាយផ្នែកព្រហ្មទណ្ឌ ទាំង១០ស្រុក/ក្រុង។
របៀបវារៈដែលលើកឡើងក្នុងកិច្ចប្រជុំនោះរួមមាន បទល្មើសព្រហ្មទណ្ឌ ប្រចាំខែឧសភា, ការអនុវត្តដីកា, ករណីកកសល់, បទពិសោធក្នុងការស្រាវជ្រាវ, ការអនុវត្តជំនាញ និងការងារផ្សេងៗមួយចំនួនទៀត។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី បានណែនាំដល់សមត្ថកិច្ចជំនាញទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបំពេញការងារឲ្យល្អបន្ថែមទៀត ពិសេសស្រាវជ្រាវករណីដែលនៅសេសសល់ ដើម្បីធានាសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និយាយឡែក នៅក្នុងភូមិសាស្ដ្រខេត្តកំពង់ចាមផ្ទាល់តែម្ដង៕