(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការយ៉ាងក្តៅគគុកដេញបង្ក្រាបក្រុមចោរឆក់ដ៏សកម្មចំនួន ៤នាក់ ដែលធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋធ្វើដំណើរនៅតាមដងផ្លូវ។
សម្រាប់ប្រតិបត្តិការនេះ នគរបាលបានបង្ក្រាបក្រុមចោរឆក់ទាំងនោះចំនួន ២នាក់ ខណៈពីរនាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោលតែម្ដង។ ខណៈដែលដេញបង្ក្រាបក្រុមចោលឆក់ដ៏សកម្មទាំងនេះ បានធ្វើឱ្យកងកម្លាំងនគរបាលខណ្ឌពោធិសែនជ័យចំនួន ៣នាក់ បានរងរបួសធ្ងន់-ស្រាល ក្នុងពេលប្រតិបត្តិការយ៉ាងក្តៅគគុក។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នេះថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយពេលជនសង្ស័យធ្វើសកម្មភាពឆក់ ទៅលើប្រជាពលរដ្ឋកាលពីវេលាម៉ោង៧ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅផ្លូវបេតុង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះល្បាតពួនស្ទាក់បទល្មើសក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយមានការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ ដោយល្បាតតាមតំបន់ងាយរងគ្រោះនៅលើដងផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣។
ស្រាប់តែពេលជួបជនសង្ស័យជាមុខសញ្ញាចាស់មានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿងទើបបោះដៃតាមវិទ្យុទាក់ទង កម្លាំងទូទាំងខណ្ឌ និងប្រដេញស្ទើតែពេញមួយខណ្ឌអស់រយៈពេលជិតមួយម៉ោង ទើបជនសង្ស័យជិះបុកម៉ូតូកម្លាំងនគរបាលបណ្តាលឲ្យដួលរងរបួសធ្ងន់ស្រាល ៣នាក់ ក្នុងប្រតិបត្តិការនោះកម្លាំងឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ ខណៈបក្ខពួក ២ នាក់ទៀតបានរត់គេចខ្លួនបាត់តែម្ដង។
ជាមួយគ្នានេះដែរ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានបង្ហោះសានៅលើ Facebook ថា «សមត្ថកិច្ចសុខចិត្តរងរបួស និងគ្រោះថ្នាក់ខ្លួនឯង ដើម្បីកុំឲ្យប្រជាពលរដ្ឋ រងគ្រោះព្រោះចោរ ឆក់ ប្លន់ និង បាត់បង់ទ្រព្យសម្បត្តិ ដែលជាញើសឈាម ប្រឹងរករបស់ប្រជាពលរដ្ឋ»។
បើតាមលោកអធិការ ជនសង្ស័យដែលចាប់បាន សារភាពថា ធ្លាប់ធ្វើសកម្មភាពឆក់ច្រើនករណី និងធ្លាប់ប្លន់ម៉ូតូជាមួយបក្ខពួកជាង ១០នាក់ទៀត ហើយពេលនេះ ពួកគេបានរៀបចំគំរោងប្លន់ ទៀតតែត្រូវសមត្ថកិច្ចតាមបង្រ្កាបបាន មុនធ្វើសកម្មភាព។
ក្រោយកើតហេតុ ជនរងគ្រោះជាកម្លាំងសមត្ថកិច្ច ត្រូវបានបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យភ្លាមៗ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការទៅតាមផ្លូវច្បាប់៕