(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ រួមទាំងមន្ត្រីរាជការក្រោមឱវាទ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចុះសំណេះសំណាល ផ្តល់ការយកចិត្តទុកដាក់ ផ្តល់ក្តីអាណិតស្រឡាញ់ និងភាពកក់ក្តៅ ដល់កុមារា កុមារី ដែលកំពុងសិក្សានៅមត្តេយ្យសហគមន៍ ដែលខ្វះខាតថ្នាក់រៀន ក្រោយខ្យល់កន្ត្រាក់វាយរលំថ្នាក់រៀនរបស់ពួកគាត់ កាលពីពេលកន្លងទៅ ក៏ដូចជាចំពោះប្រជាពលរដ្ឋ និងកុមារតូចៗ ដែលរស់នៅក្នុងភូមិព្រះអណ្តូង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំផងដែរ។
ស្ថិតក្នុងឱកាសនោះ លោកជាម ច័ន្ទសោភ័ណ និងលោកស្រី បានសម្តែងនូវការអាណិតអាសូរ និងសោកស្តាយជាខ្លាំង ដែលថ្នាក់រៀនមត្តេយ្យសហគមន៍ ក្នុងភូមិព្រះអណ្តូង ១ថ្នាក់ ក្នុងចំណោម២ថ្នាក់ ត្រូវបានរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បោកបក់បណ្តាល ឱ្យដួលរលំទាំងស្រុង កាលពីពេលកន្លងទៅថ្មីៗ ដែលជាកន្លែងផ្តល់នូវពុទ្ធិ ទាំងចំណេះដឹង និងសីលធម៌ សម្រាប់កូនក្មួយតូចៗ ចំនួន៤០នាក់ គឺសុទ្ធសឹងជាទំពាំងស្នងឫស្សី សម្រាប់ប្រទេសជាតិនាពេលអនាគត។
លោកបានថ្លែងអំណរគុណ និងពិតជាកោតសរសើរចំពោះទឹកចិត្តដ៏ប្រពៃរបស់អ្នកគ្រូ ដែលបង្រៀននៅមត្តេយ្យសហគន៍នេះ ដោយបានលើកឡើងថា ក្នុងក្រុមគ្រួសារនីមួយៗ មានកូនតូចៗតែ២ទៅ៣នាក់ នៅពិបាកនឹងមើលថែ ចុះទំរាំអ្នកគ្រូ នៅទីនេះតែ២នាក់ មើលថែផង លួងលោមផង បង្រៀនផង ផ្តល់ក្តីស្រឡាញ់ផង ចំពោះសិស្សតូចៗ ដល់ទៅ៤០នាក់នេះ។
ឆ្លៀតនៅក្នុងឱកាសនោះដែរលោក ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវផងដែរ ឱ្យឪពុកម្តាយគ្រប់ៗរូប ត្រូវតែបញ្ជូនកូនៗខ្លួនទៅរៀន ព្រោះថាមានតែចំណេះវិជ្ជាទេ ដែលជាពន្លឺបាញ់ឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ពិសេសបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសបង្កើនសន្ទុះនៃការអភិវឌ្ឍន៍ជាបន្តទៀត។
លោកអភិបាលខេត្ត ក៏បានចាត់ឱ្យលោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជន និងកីឡា ដែលចូលរួមនាឱកាសនោះ សិក្សាលើការសាងសង់បន្ទប់រៀនថ្មីឡើងវិញ តែកាន់តែធំទូលាយ និងរឹងមាំជាងមុន ធ្វើយ៉ាងណា ជំរុញឱ្យពួកគាត់សិក្សារៀនសូត្រ ពីថ្នាក់មត្តេយ្យរហូតបញ្ចប់ការសិស្សា ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រីបាននាំយកនូវអង្ករវិតាមីន និងនំមួយចំនួនទៅចែកជូនកុមារាកុមារី សិក្សានៅមត្តេយ្យសហគមន៍នេះ ផ្តល់ថវិការជូនអ្នកគ្រូបង្រៀនចំនួន ៥០ម៉ឺនរៀល និងចែកថវិការដល់កូនៗតូចៗ ដែលរស់នៅភូមិព្រះអណ្តូងនេះ ផងដែរ៕