(កំពង់ធំ)៖ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ជំងឺអេដស៍ជំងឺ និងគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ កំពុងតែមានការរីករាលដាលខ្លាំងឡើងៗ ស្របពេលដែលការទប់ស្កាត់មិនទាន់បានលទ្ធផលគួរ ឱ្យកត់សម្គាល់នៅឡើយ ហើយវានៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភសម្រាប់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលផងដែរ។
ការលើកឡើងបែបនេះ របស់លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានធ្វើឡើងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ នៅក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្ដីពី «មេរោគអេដស៍ ជំងឺអេដស៍ និងគ្រឿងញៀន និងលក្ខខណ្ឌការងារ វិធានអនាម័យ និងសន្តិសុខការងារនៅតាមសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកម្សាន្តនានា» នៅក្នុងខេត្តកំពង់ធំ។
លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានថ្លែងថា ព្រោះសព្វថ្ងៃ អត្រានៃអ្នកប្រើប្រាស់គ្រឿងញៀនកាន់តែច្រើនឡើងៗ ហើយអ្នកជួញដូរក៏កាន់ច្រើនផងដែរ។ ជាក់ស្ដែងគ្រួសារមួយដែលមានសមាជិក គ្រួសារណាម្នាក់មានផ្ទុកមេរោគអេដស៍ កើតជំងឺអេដស៍ ឬប្រើប្រាស់គ្រឿងញៀន គឺស្ថានភាពជីវភាពគ្រួសារនោះនឹងធ្លាក់ដុនដាបបន្តិចម្ដងៗ រហូតឈានទៅដល់បាត់បង់អ្វីៗទាំងអស់ក៏ថាបាន ហើយបន្តរមកទៀត ក៏អាចនឹងមានកុមារកំព្រានៅក្នុងគ្រួសារនោះផងដែរ ដោយសារការបាត់បង់មេគ្រួសារ។
លោកក៏បានបន្តទៀតថា មេរោគអេដស៍ និងគ្រឿងញៀន កំពុងតែមានការរីករាលដាលយ៉ាងខ្លាំង នៅតាមបណ្ដាគ្រឹះស្ថាន ក្រុមហ៊ុនផ្នែកសេវាកំសាន្តនានា ជាពិសេសទីក្រុង ឬទីប្រជុំជននឹង តាមបណ្ដាខេត្តនីមួយៗ ហើយរាជរដ្ឋាភិបាលបាន និងកំពុងតែយកចិត្តទុកដាក់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយតែទោះជាយ៉ាងណាក៏ដោយក៏ទាមទារឱ្យមានការចូលរួម ពីបណ្ដាស្ថាប័នពាក់ព័ន្ធនឹងផ្ដើមចេញពីខ្លួនយើង ជាប្រជាពលរដ្ឋផងដែរ ទើបការកាត់បន្ថយ ការរីករាលដាល មេរោគអេដស៍ និងគ្រឿងញៀនអាចកាត់បន្ថយបានដោយជោគជ័យ។
បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង បានស្នើឱ្យមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ធំ ធ្វើការគ្រប់គ្រងឱ្យបានច្បាស់លាស់ ចំពោះគ្រឹះស្ថាន ឬក្រុមហ៊ុនផ្នែកសេវាកម្សាន្តនានា នៅក្នុងខេត្តកំពង់ធំ ឱ្យបានត្រឹមត្រូវក្នុងគោលបំណង ដើម្បីចូលរួមកាត់បន្ថយ នៃការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀនផងដែរ៕