(ភ្នំពេញ)៖ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ដែលបន្លំលួច iPad មួយគ្រឿង នៅហាងវីងមួយកន្លែង នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនបន្ដមកសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះ នៅពេលនេះសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា «បន្ទាប់ពីបញ្ចប់ការសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មន្ដ្រីនគរបាលខាងលើ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យាអប់រំ និងអ្នកធានាត្រឹមត្រូវ។ ករណីនេះ មិនមែនជាករណីលួចទេ គឺជាករណីច្រឡំ ហើយភាគីទាំងពីរទាំងខាងម្ចាស់ហាង និងមន្រ្តីនគរបាល ក៏បានសម្របសម្រួលបញ្ចប់ហើយដែរ។ ម្ចាស់ហាងក៏មិនបានដាក់ពាក្យបណ្តឹងអ្វីដែរ»។
ពាក់ព័ន្ធករណីនេះមហាជន បានសម្តែងការហួសចិត្តយ៉ាងពន់ពេកចំពោះទង្វើរបស់មន្រ្តីនគរបាលយុត្តិធម៌ ដែលបានលួចរបស់គេបែបនេះហើយ មិនត្រូវបានទទួលទោស។ ធ្វើជាមន្រ្តីនគរបាលជាគំរូដល់ប្រជាពលរដ្ឋ បែរជាលួចរបរគេទៅវិញ ពិតជាមិនគួរឲ្យគោរពជាស្ថាប័នអនុវត្តច្បាប់។ ប្រសិនបើករណីនេះកើតឡើងចំពោះប្រជាពលរដ្ឋតូចតាចនោះប្រាកដណាស់ត្រូវទទួលទោសជាក់ជាមិនខាន។
សូមបញ្ជាក់ថា មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ក្រោយពីបានបង្ហោះវីដេអូ នៃការលួចបន្លំ iPad ខាងលើនេះ នាំឲ្យមានប្រតិកម្មយ៉ាងខ្លាំងៗ ពីមហាជននៅលើបណ្តាញសង្គម Facebook នោះស្រាប់តែនៅល្ងាចថ្ងៃដដែលនេះ ម្ចាស់ Account «leakhenana Jeanana» បានលុបចោលវីដេអូនេះចេញបាត់ ហើយបានបង្ហោះខ្លឹមសារថ្មីថា ជាការយល់ច្រឡំទៅវិញ។
Account Facebook ដែលជាម្ចាស់ហាងរូបនេះ បានបង្ហោះយ៉ាងដូច្នេះថា «មុននេះមានករណីបាត់ iPad ដោយបងប៉ូលីសម្នាក់ បានមកដកលុយរួចកាន់យកទៅ។ ប្រហែល ២ម៉ោងក្រោយ ខ្ញុំបានបង្ហោះ Facebook ពេលនេះ គាត់បានប្រគល់ iPad មកឲ្យខ្ញុំវិញហើយ ដោយគាត់និយាយថា គាត់យល់ច្រឡំកាន់ចេញទៅ»។
យ៉ាងណាក៏ដោយ បើទោះបីជាម្ចាស់ហាងបកស្រាយបែបនេះ តែសម្រាប់ប្រជាពលរដ្ឋជាច្រើននៅតាមបណ្តាញសង្គម និងថ្នាក់ដឹកនាំនគរបាល ហាក់មិនជឿនោះឡើយ។ មន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់ បានបញ្ចេញទស្សនៈថា តាមរយៈសកម្មភាពនៅក្នុងវីដេអូខាងលើនេះ បានបង្ហាញថា ជាទង្វើលួចដោយទុច្ចរិតយ៉ាងពិតប្រាកដ ដែលត្រូវទទួលទោសតាមច្បាប់ និងប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ៕