(ឧត្តរមានជ័យ)៖ អាងស្តុកទឹកស្ទឹងស្រែងទី២ ស្ថិតក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ត្រូវបានបើកទ្វារទឹកបង្ហូរទៅអាងស្តុកទឹកស្ទឹងស្រែងទី១ ដើម្បីបង្ហូរបន្តទម្លាក់ទៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោក ញឺន កួន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះថា កាលពីម្សិលមិញ លោកបានដឹកនាំក្រុមការងារ ចុះពិនិត្យប្រពន្ធ័ធារាសាស្រ្តសំខាន់ៗ ក្នុងខេត្ត ហើយបានបន្តបើកទ្វារទឹកពីអាងស្តុកទឹកស្ទឹងស្រែងទី២ ទម្លាក់មកអាងស្តុកទឹកស្ទឹងស្រែងទី១ ដើម្បីទម្លាក់បន្តមកអាងទឹកត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ហើយអាងស្តុកទឹកស្ទឹងស្រែងទី២នេះតែងបើកបង្ហូរទ្វារទឹកជាប្រចាំនៅពេលអាងស្តុកទឹកផ្នែកខាងក្រោមមានការខ្វះខាតទឹក
លោកបានឲ្យដឹងថា អាងស្តុកទឹកស្ទឹងស្រែងទី២នេះ អាចស្តុកទឹកបាន ២៥៨លានម៉ែត្រគូប ខណៈអាងស្តុកទឹកស្ទឹងស្រែងទី១ អាចស្តុបទឹកបាន ១៥៣លានម៉ែត្រគូប។
លោកថា ការបើកអាងស្តុកទឹកស្ទឹងស្រែងទី២នេះ ក្នុងគោលដៅឲ្យវាធ្លាក់បន្តទៅអាងស្តុកទឹកស្ទឹងស្រែងទី១ និងអាងត្រពាំងថ្ម ព្រោះប្រជាពលរដ្ឋមួយចំនួនកំពុងប្រើប្រាស់។ លោកថា អាងស្តុកទឹកស្ទឹងស្រែងទី១ និងទី២នេះ មិនត្រឹមតែបំរើផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខេត្តឧត្តរមានជ័យប៉ុណ្ណោះទេ តែអាចបំរើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋស្រុកស្រីស្នំ និងស្រុកក្រឡាញ់ខេត្តសៀមរាប ព្រមទាំងប្រជាពលរដ្ឋស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យថែមទៀតផង។
ជាមួយគ្នានោះលោក ញឺន កួន ក៏បានបញ្ជាក់ផងដែរថា ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សព្វថ្ងៃនេះមន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ធ្វើសកម្មភាពកែលំអរ និងថែទាំប្រឡាយទឹកនៅតាមស្រុក-ក្រុង ក្នុងខេត្ត ដើម្បីមានលទ្ធភាពយកទឹកឲ្យប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាការប្រើប្រាស់ស្រោចស្រពដំណាំ និងស្រោចស្រពលើផ្ទៃដីស្រូវវស្សា និងស្រូវប្រាំងផងដែរ៕