(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ (The 18th IISS Shangri-La Dialogue) ឆ្នាំ២០១៩ មានសារសំខាន់បំផុត សម្រាប់កិច្ចពិភាក្សាគ្នារវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិ មកពីបណ្តាប្រទេសនានា នៅជុំវិញពិភពលោក ដោយផ្តោតសំខាន់ទៅលើផ្នែកសន្តិសុខ នៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូលផងដែរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នេះសម្តេចគ្រោងនឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំទ្វេភាគី និងពហុភាគីជាមួយបណ្តាប្រទេសពាក់ព័ន្ធក្នុងតំបន់ ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិចិន និងប្រទេសជាមិត្តមួយចំនួនទៀតផងដែរ។
សម្តេចបានបញ្ជាក់ទៀតថា ដូចឆ្នាំមុនៗដែរ កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅឆ្នាំ២០១៩ ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីលើកនេះ នឹងផ្តល់ឱកាសយ៉ាងច្រើនសម្រាប់កិច្ចប្រជុំទ្វេភាគី ពហុភាគីដល់តំណាង និងប្រមុខការពារជាតិទាំងអស់ពីគ្រប់ប្រទេស ដើម្បីប្រជុំពិភាក្សា និងផ្លាស់ប្តូរយោបលគ្នាស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសបញ្ហាដែលកំពុងកើតមានឡើងនាពេលថ្មីៗ រវាងចិន អាមេរិក ឧបទ្វីបកូរ៉េ សមុទ្រចិនខាងត្បូង មជ្ឈឹមបូព៌ា និងបញ្ហាជាច្រើនទៀត។
កិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ ប្រព្រឹត្តឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដល់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយកិច្ចប្រជុំនេះនឹងមានថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិជាង៥០ប្រទេសអញ្ជើញចូលរួមផងដែរ៕