(ភ្នំពេញ)៖ សៀវភៅ «មូលដ្ឋានបោះជំហានទៅមុខ» ដែលជាស្នាដៃនិពន្ធរបស់លោក ស៊ូ សាវឿន ដែលបានប្រើរយៈពេលក្នុងការនិពន្ធរហូតដល់ជាង១០ឆ្នាំ ដោយបានផ្សំបញ្ចូលគ្នា នូវបទពិសោធផ្ទាល់ខ្លួន ការសិក្សាស្រាវជ្រាវ រួមបញ្ចូលជាមួយនឹងគំនិតបុគ្គលល្បីៗ ជាមួយនឹងខ្លឹមសារដែលបានឆ្លុះបញ្ចាំង វាស់វែងកម្រិតនៃកាសម្រេចចិត្ត និងស្វែងយល់ពីមូលហេតុ នៃភាពអវិជ្ជមានរបស់មនុស្ស បានចាប់ផ្តើមសម្ភោធដាក់ សម្រាប់អ្នកចូលចិត្តអានជាផ្លូវការហើយ។
ពិធីបើកសម្ភោធសៀវភៅ «មូលដ្ឋានបោះជំហានទៅមុខ» នេះ ធ្វើឡើងក្រោមអធិបតីលោក ស៊ូ សាវឿន ដែលជាម្ចាស់ស្នាដៃនិពន្ធសៀវភៅនេះផ្ទាល់ និងមានការការចូលរួមពីលោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ រួមទាំងសមាជិកសមាគមអ្នកនិពន្ធ និងយុវវ័យដែលជាអ្នកចូលចិត្តអានសៀវភៅ ជាច្រើនអ្នកផងដែរ នៅមជ្ឈមណ្ឌលបុប្ផាណា រាជធានីភ្នំពេញ។
លោក ស៊ូ សាវឿន បានឱ្យដឹងថា សៀវភៅ «មូលដ្ឋានបោះជំហានទៅមុខ» នេះជាស្នាដៃដំបូង ដែលលោកបានផ្សំបញ្ចូលគ្នានូវបទពិសោធផ្ទាល់ខ្លួន ការសិក្សាស្រាវជ្រាវ រួមបញ្ចូលគំនិតបុគ្គលល្បីៗមួយចំនួនថែមទៀត ហើយសៀវភៅនេះ មានគោលបំណងធំៗចំនួន៣ ដែលមានដូចជា ទាក់ទងនឹងឧបករណ៍សម្រាប់ឆ្លុះបញ្ជាំងពីខ្លួនឯង, ឧបករណ៍សម្រាប់វាយតម្លៃខ្លួនឯង និងមួយទៀតនោះ ជាឧបករណ៍សម្រាប់ជួយក្នុងការផ្លាស់ប្តូរខ្លួនឯង ដើម្បីបានក្លាយជាមនុស្សមានសមត្ថភាព គ្រាន់បើជាងមុន ហើយបើសិនអ្នកទាំងអស់បានអាន និងយកខ្លឹមសារនៅក្នុងសៀវភៅនេះទៅវិភាគ ដើម្បីប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃនោះ វាពិតជាមានសារៈប្រយោជន៍ និងអាចជួយដល់អ្នកដែលអាន បានយ៉ាងច្រើន។
លោក ស៊ូ សាវឿន បានឱ្យដឹងថា ករណីសិក្សានិងបទពិសោធ ដែលបញ្ចូលនៅក្នុងសៀវភៅនេះ គឺបានដកស្រង់មកពីគ្រប់វិស័យរួមមាន វិស័យសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ដោយបានបង្ហាញខ្លឹមសារសំខាន់ពាក់ព័ន្ធនឹងអារម្មណ៍ ដែលបង្កើតលទ្ធផល ពោលគឺលទ្ធផលល្អ ឬមិនល្អ ដោយពឹងផ្អែកមួយផ្នែកធំលើសមត្ថភាពគ្រប់គ្រងអារម្មណ៍។ អារម្មណ៍អាចរំកិលចុះឡើងរវាងតំបន់ពីរ គឺតំបន់ងងឹត និងតំបន់ភ្លឺ ហើយតំបន់ងងឹត ជាកន្លែងដែលបង្កើតលទ្ធផលមិនបានល្អ ឬមិនបានតែម្តង ចំណែកតំបន់ភ្លឺជាកន្លែងបង្កើតលទ្ធផល និងរៀនសូត្រអភិវឌ្ឍខ្លួនឲ្យកាន់តែរីកចម្រើន។
លោកបានបន្ថែមថា សៀវភៅ «មូលដ្ឋានបោះជំហានទៅមុខ» នឹងធ្វើឡើងឱ្យអ្នកអានបានដឹងកាន់តែច្បាស់អំពីសៀវភៅ ពិសេសយល់ច្បាស់ពីសារៈសំខាន់របស់វា ហើយសៀវភៅនេះ នឹងចូលរួមជាផ្នែកដ៏សំខាន់មួយសម្រាប់បង្ហាញ និងតម្រង់ផ្លូវបន្ថែមសម្រាប់កិច្ចប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត។ នៅក្នុងសៀវភៅនេះ ដែរមានផ្តល់ជូននូវដំណើរការពិសេស ដែលជួយអ្នកអានឲ្យរំកិលខ្លួនពីតំបន់ងងឹត ចូលទៅតំបន់ភ្លឺដោយងាយស្រួល ហើយអាចបង្កើតលទ្ធផលតាមចិត្តដែលចង់បាន។
លោកបានបញ្ជាក់ទៀតថា សៀវភៅ មូលដ្ឋានបោះជំហានទៅមុខនេះ មានផ្តល់នូវឧបករណ៏គន្លឹះ ដែលអាចធ្វើឱ្យអ្នកអានអាចប្រើដើម្បីឆ្លុះបញ្ចាំង វាស់វែងកម្រឹតនៃកាសម្រេចចិត្ត និងស្វែងយល់ពីមូលហេតុ ដែលអ្នកអានកំពុងជ្រើសរើសធ្វើកិច្ចដែលអ្នកកំពុងធ្វើ ហើយវាក៏ជាឧបករណ៏ និងគន្លឹះសម្រាប់អភិវឌ្ឍខ្លួនគ្មានដែនកំណត់ ទោះបីស្ថិតក្នុងស្ថានភាពមិនល្អក៏ដោយ៕