(ព្រៃវែង)៖ លោក នេត សាវឿន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច ដើម្បីពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នៅសាលាស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយមានសមាជិក សមាជិកាចូលរួមជាង២០០នាក់។
បន្ទាប់ពីលោក យុន ឈុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកស្វាយអន្ទរ អានសេចក្តីសម្រេចប្រកាសក្រុមការងារទាំងពីរស្រុករួចមក លោក នេត សាវឿន បានបញ្ជាក់ថា គោលបំណងដែលជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយនូវកម្មវិធីនយោបាយ និងកំណែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេសពិនិត្យភាពជាក់ស្តែងនូវកង្វល់ ក៏ដូចជាសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈសម្បត្តិឲ្យមន្រ្តីបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរថែមទៀត។
ក្នុងឱកាសនោះដែរ លោក នេត សាវឿន បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីអនុវត្តការងារតាមមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាព រួមមាន៖
*ទី១៖ ការងារផ្សព្វផ្សាយជាអទិភាពនូវកម្មវិធីនយោបាយ យុទ្ធនាការសំខាន់ៗ សភាពការណ៍ថ្មីៗ និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល បន្តបើកវេទិកាសាធារណៈ ជាពិសេសចុះតាមខ្នងផ្ទះ ដើម្បីក្តាប់បានពីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ។
*ទី២៖ លើកកម្ពស់ប្រសិទ្ធភាព ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមភូមិ ឃុំដោយឈរលើអភិក្រមទាំង៥ និងគិតពីផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ ជាពិសេសអប់រំណែនាំមន្រ្តីនៅមូលដ្ឋានឲ្យក្រែប្រែអាកប្បកិរិយា អត្តចរិត ភាពអសកម្ម ដើម្បីធ្វើជាមន្រ្តីបុព្វហេតុ។
*ទី៣៖ ត្រូវរួមចំណែកបង្កើតភាពកក់ក្តៅ ដល់បរិយាកាសសន្តិសុខសង្គម ពង្រឹងប្រជាការពារ កសាងក្រុមអ្នកស្ម័គ្រចិត្ត លុបបំបាត់ភាពអវិជ្ជមានដូចជា ក្មេងទំនើង ល្បែងស៊ីសង គ្រឿងញៀនជាដើម។
ជាមួយគ្នានោះ លោកប្រធានក្រុមការងារថ្នាក់ជាតិមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ជ្រៀច បានបញ្ជាក់ថា ក្រុមការងារពុំមានតួនាទីសម្រេចភារកិច្ច ជំនួសក្រសួង ស្ថាប័នជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ ឬសមត្ថកិច្ចនោះទេ យើងជាអង្គភាពសម្របសម្រួលឆ្លើយតប និងទទួលយកនូវរាល់សំណូមពរ ឬក៏តម្រូវការ បញ្ជូនទៅស្ថាប័នជំនាញដើម្បីដោះស្រាយ។
ក្រុមការងារថ្នាក់ជាតិ ត្រូវដឹកនាំជំរុញរដ្ឋបាលថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការងារស្របតាមតួនាទី ភារកិច្ចទទួលខុសត្រូវ រួចរាយការណ៍ជូនថ្នាក់ដឹកនាំ ឬជំនាញ។
លោក នេត សាវឿន បានបញ្ជាក់ទៀតថា ក្រុមការងារត្រូវរៀបចំកម្មវិធីការងារ ចាត់តាំងមន្រ្តីចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ និងបើកវេទិកាសាធារណៈ ជាពិសេសថ្នាក់ឃុំ ស្រុកត្រូវធ្វើរបាយការណ៍ និងប្រជុំឲ្យបានទៀងទាត់តាមការកំណត់៕