(ភ្នំពេញ)៖ សមាជិកក្រុមប្រឹក្សាសង្កាត់គីឡូម៉ែត្រលេខ៦ មានជំងឺផ្លូវដង្ហើម និងម្ដាយមានជំងឺរលាកសួតសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា និងឪពុករបស់ប្រធានយុវជន និងជាមេ៥០ខ្នងទី១៤ ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ដែលបានទទួលមរណភាព និងធ្វើបុណ្យ៧ថ្ងៃ ជាមួយប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ច្រាំងចំរេះទី២ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានជួបសួរសុខទុក្ខ និងទទួលកញ្ចប់ថវិកា និងប័ណ្ណអាទិភាព សេវាសាធារណៈ (PAC Card) ក្នុងការដោះស្រាយក្នុងបន្ទុកគ្រួសារមួយចំនួនពី លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ។
សកម្មភាពនេះដែរ មានការរួមដំណើរដោយលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងលោក-លោកស្រី ជាមន្ត្រីពាក់ព័ន្ធដ៏ទៃទៀត តំណាងលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ។
ក្រៅពីការចុះជួបសួរសុខទុក្ខ ឧបត្ថម្ភថវិកា និងការផ្ដល់ប័ណ្ណអាទិភាពសេវាសាធារណៈ (PAC Card) ជូនមន្ត្រីក្រោមឱវាទដែលមានជំងឺ ជាមួយប្រជាពលរដ្ឋក្រីក្រ ថ្លែងនាឱកាសនោះ លោកស្រី អាន ផល្លា ជាពិសី បានផ្ដាំផ្ញើលើកទឹកចិត្តដល់អ្នកមានជំងឺឲ្យខំតស៊ូថែរក្សា សុខភាពឲ្យបានល្អប្រសើរក្នុងជីវិតរស់នៅ ដោយហូបស្អាតមានអនាម័យ និងមានក្ដីសង្ឃឹមជានិច្ចដើម្បីឆាប់ជាសះស្បើយ។
ជាមួយគ្នានោះ ក្រុមគ្រួសារមន្ត្រី និងប្រជាពលរដ្ឋក្រីក្រ ដែលទទួលការឧបត្ថម្ភថវិកា និងប័ណ្ណអាទិភាពសេវាសាធារណៈ (PAC Card) ក្នុងការដោះស្រាយ ក្នុងបន្ទុកគ្រួសារ ក៏បានថ្លែងអំណរគុណដល់ប្រធានអនុសាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ លោកស្រី អាន ផល្លា និងមន្ត្រីពាក់ព័ន្ធដ៍ទៃទៀត ដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់ សូមឲ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំសមាគមឲ្យកាន់តែមានការរីកចម្រើនទៅមុខទៀត៕