(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមនឹងមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ី រួមនឹងមន្ត្រីមន្ត្រីជាន់ខ្ពស់មកពីបណ្តាប្រទេសដទៃទៀត នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមពិធីលាងសាយភោជន៍នៃសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី «អនាគតអាស៊ី» ដែលរៀបចំដោយក្រុមហ៊ុន NIKKEI នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងពិធីលាងសាយភោជន៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋមន្ត្រីជប៉ុន អាបេ ស៊ីនហ៊្សូផងដែរ។ ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងអំណរគុណដល់បណ្តាមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃប្រទេសក្នុងតំបន់អាស៊ីទាំងអស់ ដែលបានចូលរួមក្នុងសន្និសីទអន្តរជាតិនេះ។
អ្វីដែលជាការកត់សម្គាល់នោះ ក្នុងពិធីលាងសាយភោជន៍នេះ សម្តេចតេជោ ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ ដែលជាមេដឹកនាំមានភាពស្និទ្ធស្នាលនឹងគ្នានោះ ត្រូវបានគេរៀបចំឱ្យអង្គុយជាប់គ្នា ដែលជាឱកាសឱ្យមេដឹកនាំទាំងពីរបានជជែកគ្នាលើបញ្ហាផ្សេងៗផងដែរ៕