(ព្រះសីហនុ)៖ ក្រុមការងារចុះជួយតំបន់សហគមន៍ខ្មែរឥស្លាមទូទាំងខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក កៅ អ៊ីមរ៉ន អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន បានអញ្ជើញសំណេះសំណាល នាំថវិការបស់ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះសីហនុ ចំនួន១៧លានរៀល ឧបត្ថម្ភជូនសហគមន៍ខ្មែរឥស្លាមចំណុះព្រះវិហារឥស្លាមទាំង១៧ ទូទាំងខេត្តព្រះសីហនុ សម្រាប់ដោះស្រាយរៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌនសាមគ្គី នៅតាមព្រះវិហារនីមួយៗ។

ជំនួបសំណេះសំណាល និងឧបត្ថម្ភថវិកានេះ បានធ្វើឡើងនារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ នៅព្រះវិហារឥស្លាមភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលទទួលស្វាគមន៍ដោយ ហាកឹមតួនតំណាងពីព្រះវិហារទាំង១៧ សមាជិក ក្រុមការងារចុះជួយតំបន់ខ្មែរឥស្លាម ខេត្តព្រះសីហនុ។

ក្នុងមតិសំណេះសំណាល លោក សេន ណាស៊ី បាននាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលលោកតែងតែយកចិត្តទុកដាក់ ចំពោះបងប្អូនប្រជាសហគមន៍ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាតែមួយ ដោយមិនប្រកាន់ជំនឿសាសនានោះឡើយ។

មុននឹងឈានដល់ទិវាបុណ្យឆ្លងខែរ៉ាម៉ាឌន អ៊ីតហ្វីតរី Eid Fitri ដែលនឹងប្រព្រឹត្តិទៅកំឡុងថ្ងៃទី០៤-០៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងនាម លោករដ្ឋមន្រ្តី ប្រធានក្រុមការងារនោះ លោកអនុរដ្ឋលេខាធិការ បានជូនពរដល់សាសនិកឥស្លាមទូទាំងប្រទេស និយាយដោយឡែកបងប្អូននៅក្នុងខេត្តព្រះសីហនុ សូមទទួលបានសេចក្តីសុខសម្បូរសប្បាយចម្រុងចម្រើន ទទួលបានផលបុណ្យកុសលកុំឃ្លៀងឃ្លាតឡើយ៕