(ព្រៃវែង)៖ លោក ជាម ប៉េអា អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកស៊ីធរកណ្តាល នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋ ចំនួន២គ្រួសារ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ នៅក្នុងភូមិកន្ទ្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

នៅក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន តំណាងរាស្ត្រ ជាម ប៉េអា បានចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋរងគ្រោះ ដែលបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងដែលជាទីជម្រកធ្លាប់ស្នាក់នៅទាំងយប់ទាំងថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះ លោកក៏បាននាំការផ្ដាំផ្ញើរបស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង សួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

តំណាងរាស្រ្តបក្សប្រជាជនរូបនេះ រួមជាមួយនឹងសប្បុរសជន ព្រះសង្ឃ រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាសរុប ប្រមាណ៩លានរៀលកន្លះ ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២គ្រួសារ ដើម្បីចូលរួមជួយចាត់ចែងដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ របស់ពួកគាត់។

ក្រៅពីចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះរួច លោកតំណាងរាស្រ្ត ក៏បានអញ្ជើញបន្តចុះជួបសួរសុខទុក្ខម្ចាស់ផ្ទះ ដែលរងរបួសរលាកភ្លើងដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស៊ីធរកណ្តាល និងបានឧបត្ថម្ភថវិកាជួយប្រជាពលរដ្ឋរងគ្រោះ និងឧបត្ថម្ភថវិកាដល់មន្ទីរពេទ្យផងដែរ៕